ព័ត៌មានជាតិ

តុក្កតាយក្ស តំណាងប្រភេទសត្វកម្រៗ ចំនួន៨ នឹងបង្ហាញខ្លួន ក្នុងព្រឹត្តិការណ៍ដង្ហែតុក្កតាយក្ស ឆ្នាំ២០២៦ នៅខេត្តសៀមរាប

image

សៀមរាប៖ រូបតុក្កតាយក្សចំនួន៨ តំណាងប្រភេទសត្វកម្រៗ ជិតផុតពូជ នឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ដង្ហែតុក្កតាយក្ស ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខ ខណៈអ្នករៀបចំគម្រោងអះអាង ថា ព្រឹត្តិការណ៍ឆ្នាំនេះមានលក្ខណៈប្លែក និងធំជាងរាល់ឆ្នាំ។
លោក អ៊ុន សាវ៉ាន់ អ្នកគ្រប់គ្រងគម្រោងតុក្កតាយក្សបានឲ្យដឹងនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ថា ព្រឹត្តិការណ៍ដង្ហែតុក្កតាយក្សឆ្នាំ២០២៦នេះ នឹងរៀបចំឡើងក្រោមប្រធានបទ “ក្បួនដង្ហែព្រៃ!” ដើម្បីអបអរសាទរសត្វព្រៃដ៏អស្ចារ្យ របស់ប្រទេសកម្ពុជា ចាប់ពីប្រភេទសត្វល្បីៗ រហូតដល់សត្វកម្រ និងជិតផុតពូជ។ លោកថា ក្រុមសិល្បករ កំពុងមមាញឹកដំឡើងរូបតុក្កតាយក្សតំណាងឱ្យសត្វចំនួន៨ សុទ្ធសឹងជាប្រភេទសត្វកម្រៗ ជិតផុតពូជ រួមមាន៖ សត្វរមាំង ភេរោមច្រមុះ ដំរីអាស៊ី សត្វទោចថ្ពាល់លឿង សត្វកេងកងធំ សត្វតុកកែខ្លួនបង្កង់ភ្នំក្រវាញ សត្វអំពិលអំពែក ជាពិសេសសត្វព្រាបស តំណាងឱ្យសន្តិភាព ដែលសត្វព្រាបនេះ នឹងជាក្បួនដង្ហែនាំមុខក្នុងព្រឹត្តិការណ៍ដង្ហែតុក្កតាយក្សនាពេលខាងមុខ។
លោកបន្តថា តុក្កតាយក្សដែលកម្ពស់ជិត៥ម៉ែត្រ និងប្រវែងជាង១០ម៉ែត្រ អាស្រ័យលើប្រភេទសត្វនីមួយៗ ដែលមានក្រុមសិល្បករជាង១០នាក់ រួមនឹងកុមារជិត៥០០នាក់ មកពីសាលារៀនចំនួន២០ស្ថាប័ន បានរួមគ្នាតំឡើងជារូបតុក្កតាយក្ស ឬទីងមោងយក្សនេះ ដើម្បីបង្ហាញពីសាមគ្គីភាពរបស់កុមារ លើកស្ទួយវិស័យសិល្បៈ វប្បធម៌ខ្មែរ អនាម័យ បរិស្ថាន និងធម្មជាតិ។
លោក សាវ៉ាន់ថា គម្រោងតុក្កតាយក្ស ជាព្រឹត្តិការណ៍ប្រចាំឆ្នាំមួយ ដែលមហាជនតែងទន្ទឹងរង់ចាំ ជារៀងរាល់ឆ្នាំ ហេតុដូច្នេះ២០២៦នេះ សង្ឈឹមថា ទេសចរជាតិ និងអន្តរជាតិ និងមហាជនមកពីគ្រប់ទិសទីនឹងមកចូលរួមគាំទ្រយ៉ាងច្រើនកុះករ។ "ក្បួនដង្ហែតុក្កតាយក្ស អត្ថន័យ និងភាពល្បីល្បាញ របស់គម្រោងយើងរហូតដល់ជនបរទេសខ្លះគាត់អត់ដែលស្គាល់ប្រទេសកម្ពុជាយើងទេ។ គាត់ជាអ្នកផលិតដូចគ្នា ជាក់ស្តែងនៅអាមេរិក គាត់ស្រាវជ្រាវទៅឃើញសិល្បៈក៏ធំមួយសម្រាប់កម្ពុជា ជាពិសេសនៅអាស៊ីអាគ្នេយ៍យើងដែលដំឡើងដោយកុមារ ដឹកនាំដោយសិល្បៈករក្មេងៗ អ៊ីចឹងពួកគាត់ចាប់អារម្មណ៍ សុខចិត្តមកលេង គាត់ដែលស្គាល់សូម្បីតែអង្គរវត្តយើង គាត់សុខចិត្តមកជាគ្រួសារសម្រាប់ឆ្នាំនេះ ប៉ុន្តែឆ្នាំកន្លងមកកាន់តែលើសនោះ គាត់ឧបត្ថម គាត់មានរោងចក្រ មានកន្លែងផលិតតុក្កតា គាត់មកស្រុកយើង ដោយសារការល្បីល្បាញរបស់យើង។ អ្វីសំខាន់មួយទៀត ខាងក្រុមហ៊ុនទេសចរណ៍ សណ្ឋាគារ យើងបានផ្តល់ដំណឹងជូនគាត់ អ៊ីចឹងយើងជឿថា ទេសចរនឹងមករង់ចាំទស្សនាដូចគ្នា ព្រោះកន្លងមកចប់កម្មវិធីរាំពេញហ្នឹង ទាំងបរទេស ទាំងខ្មែរ បង្កើនភាពសប្បាយរីករាយ បន្ទាប់ពីការហែក្បួន"។
សូមជម្រាបថា ព្រឹត្តិការណ៍ដង្ហែតុក្កតាយក្សឆ្នាំ២០២៦នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃសៅរ៍ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ខាងមុខ វេលាម៉ោង៦ល្ងាច ដោយចាប់ផ្តើមក្បួនដង្ហែពីចំណុចរង្វង់មូលវត្តដំណាក់ ឆ្ពោះតាមបណ្តោយដងស្ទឹងសៀមរាប នឹងបញ្ចប់នៅសួនហាត់ប្រាណក្បែរសួនព្រះរាជដំណាក់ ក្រុងសៀមរាប និងត្រៀមតាំងបង្ហាញនៅទីនោះ ចំនួន៣ថ្ងៃ ដើម្បីឱ្យសាធារណជន បានទស្សនាអាចថតរូបជាអនុស្សាវរីយ៍៕
អត្ថបទ៖ ជា ស្រស់