ព័ត៌មានជាតិ

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហគមន៍ឃុំផាត់សណ្ដាយ ក្នុងខេត្តកំពង់ធំ

image

កំពង់ធំ៖ លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី សមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ធំ បានអញ្ជើញចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ និងសម្ពោធដាក់ឱ្យប្រើប្រាស់អគារសហគមន៍ឃុំផាត់សណ្ដាយ ស្ថិតក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្នុងឱកាសនោះ លោក វង្សី វិស្សុត បានពាំនាំនូវការសាកសួរសុខទុក្ខរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាពិសេសពីសំណាក់សម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលតែងបានគិតគូរ នឹករឭក និងខ្វល់ខ្វាយជានិច្ច អំពីជីវភាពប្រជាពលរដ្ឋគ្រប់គ្នានៅទីនេះ និយាយដោយឡែក និងគ្រប់ទិសទីនិយាយជារួម។
លោក វង្សី វិស្សុត បានបន្តថា សូមប្រជាពលរដ្ឋទាំងអស់ ជឿជាក់លើការដឹកនាំ និងការខិតខំប្រឹងប្រែងទាំងយប់ទាំងថ្ងៃរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន និងសូមរួបរួមគ្នាពង្រឹងកម្លាំងសាមគ្គីជាតិ និងឯកភាពជាតិជាធ្លុងមួយ ដើម្បីរួមគ្នាជាកម្លាំងទប់ទល់នឹងសង្រ្គាមឈ្លានពានរបស់ថៃមកលើអធិតេយ្យភាពកម្ពុជា។
លោក វង្សី វិស្សុត មានប្រសាសន៍លើកឡើងថា អគារសហគមន៍ឃុំផាត់សណ្ដាយ ដែលឧបត្ថម្ភការសាងសង់ដោយលោក សួស យ៉ារ៉ា ដែលត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀតជូនប្រជាពលរដ្ឋឃុំផាត់សណ្តាយ ដែលជាឃុំពិសេសមួយក្នុងខេត្តកំពង់ធំ សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម និងតាមតម្រូវការរបស់សហគមន៍ឃុំផាត់សណ្តាយ ពិសេសពេលមានការរៀបចំពិធីបុណ្យទានធំៗ។
លោក វង្សី វិស្សុត បានបន្តថា ដោយផ្អែកលើសក្តានុពលរបស់ខេត្តកំពង់ធំ ដែលមានផ្ទៃដីធំជាងគេនៅកម្ពុជា និងមានប្រជាជនប្រមាណ ៧៣% ប្រកបរបរកសិកម្ម យើងអាចនិយាយបានថា គឺមានតែកសិកម្មនេះឯង ដែលអាចធ្វើឱ្យសេដ្ឋកិច្ចខេត្តកំពង់ធំរីកចម្រើន ហើយធ្វើឱ្យ បងប្អូនមានជីវភាពធូរធារ មានមុខរបរ និងប្រាក់ចំណូលល្អជាងមុន។ តែវិស័យកសិកម្មនេះ មិនមែនសំដៅតែទៅលើការធ្វើស្រែ ធ្វើចម្ការតែមួយមុខនោះទេ។ ដូចនេះ យើងត្រូវដោះស្រាយបញ្ហាការអភិវឌ្ឍកសិកម្មនៅក្នុងខេត្តកំពង់ធំ ដើម្បីម្ខាងបង្កើតការងារ មុខរបរ និងប្រាក់ចំណូលដល់ប្រជាជន និងម្ខាងទៀតបង្កើន និងបង្កើតចន្ទល់សេដ្ឋកិច្ចរបស់ខេត្ត និងរបស់ប្រទេសជាតិទាំងមូល។ ក៏ប៉ុន្តែទាល់តែមានការងារ និងមុខរបរ ទើបអាចមានប្រាក់ចំណូលបាន។ ដូចនេះយើងអាចបង្កើនប្រាក់ចំណូល តាមរយៈ៖ ទី១.ការបង្កើតមុខរបរថ្មី ២.ការបង្កើតមុខរបរបន្ថែមលើមុខរបរដែលមានស្រាប់ និង ទី៣.ការពង្រីកមុខរបរដែលមានស្រាប់ឱ្យកាន់តែរីកចម្រើន និងចំណេញ។  
 
លោក វង្សី វិស្សុត មានប្រសាសន៍បន្តថា ដំណោះស្រាយដ៏សមស្របបំផុត ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋឃុំផាត់សណ្តាយ ដែលប្រមាណ៩០% ប្រកបមុខរបរនេសាទត្រីជាលក្ខណៈប្រពៃណីរាប់រយឆ្នាំមកហើយនោះ គឺមានតែ «ដែននេសាទរបស់សហគមន៍ផាត់សណ្តាយ គឺសម្រាប់តែសហគមន៍ផាត់សណ្តាយ» ព្រោះនេះជាមុខរបរចិញ្ចឹមជីវិតអ្នកផាត់សណ្តាយតាំងពីដូនតារបស់គាត់យូរលង់ណាស់មកហើយ និងម្យ៉ាងទៀត អ្នកពីខាងក្រៅដែលមកដណ្តើមមុខរបរអ្នកផាត់សណ្តាយ ច្រើនតែប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ដែលជាការបំផ្លិចបំផ្លាញជីវភាពរស់នៅជាប្រពៃណីរបស់សហគមន៍ឃុំផាត់សណ្តាយ។ ទន្ទឹមនេះ ដោយសារមានសំណូមពរពីប្រជាពលរដ្ឋឃុំផាត់សណ្តាយ រដ្ឋបាលខេត្តកំពង់ធំ នឹងចេញសេចក្តីជូនដំណឹងឱ្យផ្អាកសកម្មភាពចូកលៀសដោយម៉ាស៊ីនជាបណ្តោះអាសន្នសិន ព្រោះវាប៉ះពាល់ខ្លាំងដល់បរិស្ថាន និងហិនហោចដល់ធនធានធម្មជាតិរបស់ឃុំផាត់សណ្តាយ។
ទន្ទឹមនឹងនេះដែរ ដោយមើលឃើញពីឱកាស និងសក្តានុពលនៃឃុំផាត់សណ្តាយ លោក វង្សី វិស្សុត ក៏បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋឃុំផាត់សណ្តាយ ឱ្យងាកមកចិញ្ចឹមត្រីដែលជាមុខរបរបន្ថែមថ្មី ហើយក្រុមការងារ និងអាជ្ញាធរខេត្ត នឹងជួយរៀបចំផែនការអភិវឌ្ឍការចិញ្ចឹមត្រីនៅឃុំផាត់សណ្ដាយ ដោយរួមទាំងការដាំបន្លែផងដែរ។ ទន្ទឹមនេះ ក្រុមការងារ ក៏នឹងជួយរៀបចំផែនការអភិវឌ្ឍសហគមន៍ទេសចរណ៍ផាត់សណ្តាយ ដើម្បីទាក់ទាញភៀវទេសចរណ៍ជាតិនិងអន្តរជាតិឱ្យមកទស្សនាឃុំផាត់សណ្តាយឱ្យបានច្រើន ដើម្បីបង្កើតមុខរបរថ្មី និងប្រាក់ចំណូលបន្ថែម ព្រោះការប្រកបមុខរបរនេសាទត្រីតែមួយមិនអាចជួយធ្វើឱ្យបងប្អូនមានជីវភាពកាន់តែធូរធារបានទេ។
ជាមួយគ្នានេះ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរណ៍ លោក វង្សី វិស្សុត ក៏បានទទួលយកនូវសំណូមពរក្នុងដោះស្រាយកន្លែងគោករាក់ចំនួន ២ទីតាំង ពេលរដូវប្រាំង តាមបណ្តោយផ្លូវនាវាចរពីឃុំផាត់សណ្តាយទៅចំណុចកំពង់គោ ក្រុងស្ទឹងសែន ដោយធ្វើការសិក្សាលើទិដ្ឋភាពបច្ចេកទេស និងច្បាប់ជាមុនសិន។ លោក បានបន្តថា ក្រៅពីការបង្កើតផលិតផលទេសចរណ៍ ឱ្យមានភាពទាក់ទាញ និងអាចមានភ្ញៀវឈានចូលដល់កន្លែងយើងនេះ ក៏ត្រូវគិតផងដែរដល់បញ្ហាសន្តិសុខ និងសុវត្ថិភាពដល់ភ្ញៀវទេសចរណ៍ ដោយរួមទាំងការអនុវត្តគោលនយោបាយភូមិ ឃុំ/សង្កាត់មានសុវត្ថិភាព។