ព័ត៌មានអន្តរជាតិ

មេដឹកនាំបក្សប្រជាជនថៃ ព្រមានពីរឿងបែកធ្លាយទិន្នន័យអ្នកបោះឆ្នោត និងទាមទារឱ្យមានការបោះឆ្នោតឡើងវិញ

image


ថៃឡង់ដ៍៖ នៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ លោក ណាត់ថៈផុង រឿងបញ្ញាវុឌ្ឍ (Natthaphong Ruengpanyawut) មេដឹកនាំគណបក្សប្រជាជនរបស់ថៃ បានថ្លែងថា ទិន្នន័យ និងបញ្ជីឈ្មោះអ្នកបោះឆ្នោតអាចនឹងត្រូវបែកធ្លាយ ដែលធ្វើឱ្យប៉ះពាល់ដល់ «ការរក្សាការសម្ងាត់» នៃការបោះឆ្នោត។


លោកបញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ មានអ្នកជំនាញកុំព្យូទ័រម្នាក់ បានរកឃើញចំណុចខ្សោយនៅក្នុងប្រព័ន្ធរបស់រដ្ឋាភិបាល។ ទោះបីជាគេបានជួសជុលវារួចហើយក៏ដោយ ប៉ុន្តែលោកជឿថា ទិន្នន័យដែលភ្ជាប់រវាងអ្នកបោះឆ្នោត និងមណ្ឌលបោះឆ្នោត ប្រហែលជាត្រូវបានគេដឹងអស់ទៅហើយ។


លើសពីនេះ មានរូបភាពសន្លឹកឆ្នោតដែលមាន បាកូដ (Barcode) កំពុងចែកចាយពាសពេញបណ្ដាញអ៊ិនធឺណិត ដែលបង្ហាញឱ្យឃើញទាំងលេខកូដ និងសញ្ញាដែលប្រជាជនបានគូសជ្រើសរើស (នៅពេលមន្ត្រីលើកសន្លឹកឆ្នោតបង្ហាញ)។


លោកលើកឡើងថា «ប្រសិនបើគេអាចយកលេខកូដនៅលើកន្ទុយសន្លឹកឆ្នោត ទៅផ្ទៀងផ្ទាត់ជាមួយរូបភាពសន្លឹកឆ្នោតដែលគេថតបាន នោះគេនឹងដឹងច្បាស់ថា តើបុគ្គលម្នាក់ៗបោះឆ្នោតឱ្យអ្នកណាខ្លះ»។ ការលើកឡើងនេះ គឺដើម្បីជំទាស់នឹងការអះអាងរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ (ECT) ដែលថាការបោះឆ្នោតនៅតែរក្សាការសម្ងាត់បានល្អ។


លោក ណាត់ថៈផុង បានជំរុញឱ្យគណៈកម្មាធិការរៀបចំការបោះឆ្នោត ទទួលស្គាល់កំហុសនេះ រួចដុតកម្ទេចសន្លឹកឆ្នោតចោល និងរៀបចំការបោះឆ្នោតថ្មីឡើងវិញភ្លាមៗ ដោយមិនបាច់រង់ចាំដីកាពីតុលាការឡើយ៕


ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖​ Khaosod English | រូបភាព៖​ Time Magazine