ព័ត៌មានអន្តរជាតិ

ឌឺដងចំៗ! ក្រុមអ្នកតវ៉ាថៃ យកធុងឆ្នោតទិញតាមអនឡាញ មកធ្វើប្រជាមតិបណ្ដេញគណៈកម្មាធិការរៀបចំការបោះឆ្នោត

image



បាងកក, ថៃឡង់ដ៍៖ កាលពីល្ងាចថ្ងៃអាទិត្យ ក្រុមសកម្មជននិស្សិត បានរៀបចំការបោះឆ្នោត "ប្រជាមតិសាកល្បង" មួយ ដើម្បីទាមទារឱ្យដកតំណែងសមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោត (EC) ចេញពីតំណែង។ សកម្មភាពនេះ ធ្វើឡើងដើម្បីតវ៉ានឹងការគ្រប់គ្រងរបស់គណៈកម្មាធិការលើដំណើរការបោះឆ្នោតកាលពីថ្ងៃទី៨ ខែកុម្ភៈ ដែលពួកគេយល់ថា មិនមានតម្លាភាពទាល់តែសោះ ។

ការបោះឆ្នោតសាកល្បងជានិមិត្តរូបនេះ បានធ្វើឡើងនៅម៉ោង ៥ល្ងាច នៅលើស្ពានអាកាសក្បែរស្ដុបបទុមវ៉ាន់ (Pathumwan) និងមជ្ឈមណ្ឌលសិល្បៈបាងកក។ ក្នុងនោះដែរ ក្រុមអ្នករៀបចំ ក៏បានបើកវេទិកាឱ្យអ្នកចូលរួមបានបញ្ចេញមតិចំពោះអ្វីដែលពួកគេហៅថា ភាពអសមត្ថភាព និងភាពមិនយុត្តិធម៌របស់ស្ថាប័នបោះឆ្នោត ។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺក្រុមអ្នកតវ៉ាបានយក «ធុងឆ្នោត» ដែលមានឡូហ្គោផ្លូវការរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត ដែលពួកគេទិញបានតាមប្រព័ន្ធអនឡាញ មកប្រើប្រាស់នៅក្នុងកម្មវិធីនេះ ដើម្បីជាការឌឺដងទៅកាន់ស្ថាប័ននេះថា មិនចេះរក្សាទុករបស់របរសំខាន់ៗឱ្យបានត្រឹមត្រូវ ។

ការចេញមុខតវ៉ាជាបន្តបន្ទាប់មកនេះ កើតឡើងដោយសារតែពលរដ្ឋមិនពេញចិត្តនឹងការបកស្រាយរបស់គណៈកម្មាធិការរៀបចំការបោះឆ្នោត ចំពោះភាពមិនប្រក្រតីនានា, ខ្វះការទទួលខុសត្រូវ, និងការបដិសេធមិនព្រមរាប់សន្លឹកឆ្នោតឡើងវិញនៅក្នុងមណ្ឌល១ ខេត្តឈុនបុរី ក៏ដូចជាការបរាជ័យក្នុងការបកស្រាយឱ្យបានច្បាស់លាស់ទៅកាន់អ្នកបោះឆ្នោត ។

ជាងនេះទៀត ក្រុមអ្នកតវ៉ា គូសបញ្ជាក់ដែរថា នាពេលនេះ ការដែលរាប់សន្លឹកឆ្នោតឡើងវិញ គឺមិនគ្រប់គ្រាន់ឡើយ (ទាល់តែសមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោត លាលែងពីតំណែង) ដោយក្រុមអ្នករិះគន់ បានលើកឡើងបន្ថែមថា បញ្ហាទាំងនេះមកពីស្ថាប័នមួយនេះមានអំណាចខ្លាំងពេក និងមិនសូវមានការត្រួតពិនិត្យ ចាប់តាំងពីការអនុម័តរដ្ឋធម្មនុញ្ញឆ្នាំ ២០១៧ ដែលតាក់តែងឡើងដោយក្រុមយោធា ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ Thai Enquirer