មនុស្ស៨នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះឆាបឆេះហាងលក់កាំជ្រួចនៅខេត្តជាំងស៊ូ ប្រទេសចិន
ចិន៖ អាជ្ញាធរចិន ប្រកាសកាលពីយប់ថ្ងៃអាទិត្យថា មានករណីផ្ទុះឆាបឆេះហាងលក់កាំជ្រួចមួយកន្លែងនៅភាគខាងកើតប្រទេសចិន ដោយបណ្ដាលឱ្យមនុស្សស្លាប់ចំនួន ៨នាក់ និង ២នាក់ផ្សេងទៀតរងរបួស។ ជាទូទៅ ប្រជាជននៅតាមទីជនបទក្នុងប្រទេសចិន តែងតែនិយមដុតកាំជ្រួច និងផាវ ដើម្បីអបអរសាទរពិធីបុណ្យផ្សេងៗ ជាពិសេសបុណ្យចូលឆ្នាំចិន ដែលនឹងឈានចូលមកដល់នៅថ្ងៃអង្គារនេះ ។
យោងតាមសេចក្ដីថ្លែងការណ៍របស់អាជ្ញាធរមូលដ្ឋាន ឱ្យដឹងថា ហេតុការណ៍នេះកើតឡើងនៅរសៀលថ្ងៃអាទិត្យ ក្នុងស្រុកតុងហៃ (Donghai) ខេត្តជាំងស៊ូ (Jiangsu)។ មូលហេតុបណ្ដាលមកពីមានអ្នកភូមិបាន «ដុតកាំជ្រួចមិនត្រឹមត្រូវតាមបច្ចេកទេស» នៅក្បែរហាងនោះ រហូតបង្កឱ្យមានការផ្ទុះឆាបឆេះយ៉ាងសន្ធោសន្ធៅតែម្ដង។ ភ្លាមៗនោះ កម្លាំងពន្លត់អគ្គិភ័យ នគរបាល និងក្រុមគ្រូពេទ្យ បានប្រញាប់ប្រញាល់ទៅជួយសង្គ្រោះ ហើយអាចគ្រប់គ្រងស្ថានការណ៍បាននៅម៉ោងប្រហែល ៤ រសៀល ។
បច្ចុប្បន្ន អាជ្ញាធរកំពុងបន្តការស៊ើបអង្កេត ហើយអ្នកដែលពាក់ព័ន្ធនឹងការបង្កឱ្យមានគ្រោះថ្នាក់នេះ ត្រូវបានឃាត់ខ្លួនហើយ។ ក្រសួងគ្រប់គ្រងគ្រោះអាសន្ន ក៏បានចេញព្រមានដល់ប្រជាជនទូទាំងប្រទេស ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់កាំជ្រួច និងបានបញ្ជាឱ្យរោងចក្រផលិតកាំជ្រួចទាំងអស់ ត្រួតពិនិត្យសុវត្ថិភាពឱ្យបានហ្មត់ចត់បំផុត ព្រោះគ្រោះថ្នាក់ការងារប្រភេទនេះ តែងតែកើតមានជារឿយៗនៅប្រទេសចិន ដោយសារតែការធ្វេសប្រហែសលើស្ដង់ដារសុវត្ថិភាព ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ AFP via CNA | រូបភាព៖ AFP via CNA/ រូបតំណាង