អ្នកលក់ជ្រូកខ្វៃនៅខេត្តសៀមរាប អះអាងថា ការលក់ជ្រូកខ្វៃក្នុងឱកាសបុណ្យចូលឆ្នាំចិនឆ្នាំនេះល្អប្រសើរជាងឆ្នាំមុន
សៀមរាប៖ អាជីវករលក់ជ្រូកខ្វៃ ទាខ្វៃ នៅក្នុងខេត្តសៀមរាប បានអះអាងថា ការលក់ដូររបស់ពួកគាត់នៅក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២៦ មានលក្ខណៈល្អប្រសើរជាងឆ្នាំមុន ទោះជាមានជម្លោះនៅតាមបន្ទាត់ព្រំដែនកម្ពុជាថៃក្តី។
លោក ឌុក ដេត អ្នកលក់ជ្រូកខ្វៃម្នាក់នៅខេត្តសៀមរាប បានឱ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ថា ដំបូងឡើយលោកគិតថា ដោយសារតែមានបញ្ហានៅព្រំដែនរវាងកម្ពុជា និងថៃ ការកម៉្មង់ទិញជ្រូកខ្វៃ និងទាខ្វៃ របស់លោកអាចមានការថយចុះ ប៉ុន្តែនៅពេលជាក់ស្តែងការគាំទ្រ និងការកម៉្មង់ទិញគឺមានច្រើនជាងឆ្នាំមុន។ លោកទើបតែចាប់ផ្តើមរបរធ្វើជ្រូកខ្វៃ និងទាខ្វៃលក់នេះ បានប្រមាណជា៣ឆ្នាំប៉ុណ្ណោះ តែការគាំទ្រគឺមានការកើនឡើងជាបន្តបន្ទាប់។
ដោយឡែកអាជីវករ និងកូនខ្មែរកាត់ចិន បានសម្ដែងការរីករាយ ក្នុងការលក់ដូរគ្រឿងរណ្ដាប់ ឬទំនិញផ្សេងៗ ដូចជា នំ ផ្លែឈើ ផ្កា សម្រាប់សែនពិធីបុណ្យចូលឆ្នាំចិន វៀតណាម នៅឆ្នាំនេះ ដោយពួកគាត់លើកឡើងថា ទំនិញនៅឆ្នាំនេះ មានតម្លៃធម្មតា។
អាជីវករនៅផ្សារលើ ក្រុងសៀមរាប បានឱ្យដឹងស្រដៀងគ្នាថា ក្នុងរយៈពេលបីថ្ងៃនេះ មានប្រជាពលរដ្ឋខ្មែរសែស្រឡាយចិន និងវៀតណាម ជាច្រើន បានសម្រុកទៅទិញទំនិញ ក៏ដូជាសម្ភារ សម្រាប់សែនព្រេនក្នុងពិធីចូលឆ្នាំចិន វៀតណាម ហើយតម្លៃទំនិញមិនមានការតម្លើងថ្លៃនោះទេ ដោយគ្រាន់តែធ្លាក់ចុះអ្នកប្រើប្រាស់បន្ដិចបន្ទួច ធៀបនឹងឆ្នាំ២០២៥ ដោយពួកគាត់គាត់គិតថា ដោយសារប្រជាជាតិមានជម្លោះព្រំដែន។ ទំនិញដែលបានលក់ដូរដាច់ច្រើន មានដូចជា ផ្កា នំសែន និងផ្លែឈើ ខណៈដែលពួកគាត់ជាប់សែស្រឡាយចិន វៀតណាម ត្រូវការរក្សារប្រពៃណីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន-វៀតណាម ឱ្យបានគង់វង្ស។ ជាមួយគ្នានេះ កូនខ្មែរកាត់ចិន ក៏បានសម្ដែងការសប្បាយចិត្ដ ដែលពួយគាត់រក្សាបាននូវប្រពៃណីសែនចូលឆ្នាំចិននេះ ទោះបីការរៀបចំសែនព្រែននេះតិចច្រើនក្ដី។
លោកស្រី ហូ អីម ប្រជាពលរដ្ឋជាប់សែស្រឡាយចិនម្នាក់ នៅខេត្តសៀមរាប បានលើកឡើងថា ក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិននេះ ធ្វើឡើងទៅតាមទំនៀមទម្លាប់របស់ពួកគាត់ ហើយការធ្វើបុណ្យទាននេះទៅតាមលទ្ធភាព ដោយសារស្ថានភាពសេដ្ឋកិច្ចក្នុងគ្រួសារឆ្នាំនេះមិនសូវល្អ មិនបានធ្វើធំដុំនោះទេ ប៉ុន្តែត្រូវតែធ្វើ។ ពួកគាត់បន្ដថា តម្លៃទំនិញ ក៏ដូចជាសម្ភារសម្រាប់សែន គឺមានលក្ខណៈធម្មតា ពោលគឺ ឡើងថ្លៃតិចតួចប៉ុណ្ណោះ។
ពួកគាត់ក៏បានអំពាវឱ្យមានការប្រុសប្រយ័ត្នខ្ពស់ចំពោះការអុចទៀនធូប ក្នុងពិធីបុណ្យចូលឆ្នាំចិន ចៀសវាងការកើតមានគ្រោះអគ្គិភ័យជាយថាហេតុ ចែលនាំឱ្យខូចខាតទ្រព្រសម្បត្តិ៕
អត្ថបទ៖ ជា ស្រស់