ព័ត៌មានជាតិ

អ្នកជំនាញ៖ តម្លៃអង្ករនៅជប៉ុនអាចចុះថោកនៅខែមិថុនា បើស្តុកឯកជនមានអង្ករលើសពី ១.៨លានតោន

image


តូក្យូ, ជប៉ុន៖ ប្រទេសជប៉ុន បានប្រឈមនឹងបញ្ហាតម្លៃអង្ករឡើងថ្លៃអស់រយៈពេលជាច្រើនខែមកហើយ។ តាមទិន្នន័យពីក្រសួងកសិកម្ម អង្ករទម្ងន់ ៥គីឡូក្រាម មានតម្លៃជាមធ្យម ៤,១៨៨ យ៉េន (ប្រហែល ២៧ ដុល្លារអាម៉េរិក) គិតត្រឹមសប្តាហ៍ចុងក្រោយនៃខែមករា។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញផ្នែកនយោបាយកសិកម្មម្នាក់ បានគណនាថា តម្លៃដែលសមរម្យពិតប្រាកដ គួរតែស្ថិតនៅត្រឹម ៣,២៥០ យ៉េន (ប្រហែល ២០ ដុល្លារ) ប៉ុណ្ណោះ ។
តម្លៃអង្ករបានកើនឡើងខ្លាំងកាលពីឆ្នាំមុន ដោយសារវិបត្តិខ្វះខាតអង្ករ។ ប៉ុន្តែបច្ចុប្បន្ន ទោះបីជាមានអង្ករដាក់លក់នៅលើទីផ្សារវិញ និងទទួលបានទិន្នផលប្រមូលផលថ្មីបានល្អក៏ដោយ ក៏តម្លៃនៅតែរក្សាកម្រិតខ្ពស់ដដែល។ បញ្ហានេះបានក្លាយជាប្រធានបទដ៏សំខាន់ក្នុងការបោះឆ្នោតសភាតំណាងរាស្ត្រ ខណៈមានសំណួរចោទឡើងថា តើតម្លៃកម្រិតណាទើបអាចផ្ដល់ភាពពេញចិត្តដល់ទាំងអ្នកប្រើប្រាស់ និងកសិករ?
លោក គីមីអូ អ៊ីណាហ្គាគី អ្នកស្រាវជ្រាវនៅវិទ្យាស្ថាន មីតស៊ូប៊ីស៊ិ (Mitsubishi Research Institute) បានពន្យល់ថា ទោះបីជាទិន្នផលឆ្នាំ ២០២៥ សម្រេចបានប្រហែល ៧.៤៧ លានតោន (កើនឡើង ៦៧៦,០០០ តោន ធៀបនឹងឆ្នាំមុន) ក៏ដោយ ក៏កម្រិតផ្គត់ផ្គង់នៅតែខ្វះខាតសរុបប្រហែល ៣០ម៉ឺន ទៅ ៤០ម៉ឺនតោន ដោយសារតែចន្លោះឆ្នាំ ២០២២-២០២៤ មានការខ្វះខាតសរុបជិត ១លានតោន។ ហេតុនេះហើយ ទើបតម្លៃមិនងាយនឹងធ្លាក់ចុះភ្លាមៗនោះទេ ។
លោកបានបញ្ជាក់ថា ស្ថានភាពនេះអាចនឹងត្រូវរង់ចាំដល់ខែមិថុនា។ ប្រសិនបើស្តុកអង្កររបស់វិស័យឯកជននៅចុងខែមិថុនា មានលើសពី ១.៨ ទៅ ២ លានតោន តម្លៃអាចនឹងធ្លាក់ចុះ ប៉ុន្តែបើស្តុកមានតិចជាងនេះ តម្លៃនឹងបន្តកើនឡើង ។
មូលហេតុចម្បងមួយទៀតដែលធ្វើឱ្យតម្លៃមិនព្រមធ្លាក់ចុះ គឺដោយសារតែសមាគមកសិកម្ម (JA) និងពាណិជ្ជករមួយចំនួន បានទិញអង្ករពីកសិករក្នុងតម្លៃខ្ពស់រួចទៅហើយ (ប្រហែល ៣០,០០០ យ៉េន ក្នុង ៦០ គីឡូក្រាម) ដូច្នេះពួកគេមិនអាចលក់ចេញក្នុងតម្លៃថោកបានឡើយ ព្រោះនឹងត្រូវប្រឈមនឹងការខាតបង់ ។
តាមការគណនា ប្រសិនបើកសិករអាចលក់បានក្នុងតម្លៃចន្លោះពី ១៥,០០០ ទៅ ១៨,០០០ យ៉េន ក្នុង ៦០ គីឡូក្រាម នោះពួកគេនឹងអាចរកប្រាក់ចំណូលបានគ្រប់គ្រាន់សម្រាប់ទ្រទ្រង់ការដាំដុះ។ បន្ទាប់ពីបូករួមចំណាយលើការរក្សាទុក និងការកិនរួច តម្លៃលក់រាយដែលសមស្របគួរតែស្ថិតនៅត្រឹម ៣,២៥០ យ៉េន ក្នុង ៥ គីឡូក្រាម ។
ដោយសារតែវិបត្តិខ្វះអង្ករក្នុងឆ្នាំ ២០២៤ ការនាំចូលអង្ករបានកើនឡើងយ៉ាងគំហុកដល់ ៩៦,៨៣៤ តោន ក្នុងឆ្នាំ ២០២៥ (កើនឡើង ៩៥ ដងធៀបនឹងឆ្នាំមុន) ដែលក្នុងនោះ ៨០% នាំចូលពីសហរដ្ឋអាម៉េរិក ហើយអង្ករនាំចូលទាំងនេះ មានតម្លៃប្រហែល ៣,៥០០ យ៉េន ក្នុង ៥គីឡូក្រាម ដែលនៅតែធូរថ្លៃជាងអង្ករក្នុងស្រុក ។
ជាចុងក្រោយ អ្នកជំនាញរូបនេះបានផ្តល់ការណែនាំថា រដ្ឋាភិបាលគួរបង្ហាញពី “តម្លៃគោលដៅ” ឱ្យបានច្បាស់លាស់ ដើម្បីឱ្យប្រជាពលរដ្ឋមានទំនុកចិត្តក្នុងការបញ្ជាទិញ និងគួរពិចារណាលើការផ្តល់សំណងដល់កសិករ ប្រសិនបើតម្លៃអង្ករធ្លាក់ចុះទាបហួសហេតុពេក ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ The Mainichi | រូបភាព៖ [file photo. (Mainichi/Kaho Kitayama)]/ [REUTERS/Issei Kato/File Photo]/ [REUTERS/Kim Kyung-Hoon/File Photo/File Photo]