ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីស្លូវ៉ាគី ចោទថា មានការប្រើប្រាស់បញ្ហាប្រេងដើម្បីដាក់សម្ពាធហុងគ្រី រឿងអ៊ុយក្រែនចង់ចូលសហភាពអឺរ៉ុប

image



ស្លូវ៉ាគី៖ នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក រ៉ូប៊ើត ហ្វីកូ (Robert Fico) បានលើកឡើងកាលពីថ្ងៃអាទិត្យថា ការផ្អាកផ្គត់ផ្គង់ប្រេងតាមបំពង់បង្ហូរ ទ្រូស្បា (Druzhba) គឺជាល្បែងនៃការគំរាមកំហែងផ្នែកនយោបាយ ដើម្បីដាក់សម្ពាធលើប្រទេសហុងគ្រី ដោយសារតែប្រទេសនេះបានជំទាស់មិនឱ្យអ៊ុយក្រែនចូលជាសមាជិកសហភាពអឺរ៉ុប (EU)។

លោក ហ្វីកូ បានបញ្ជាក់ថា រវាងរុស្ស៊ី និងអ៊ុយក្រែន លោកមិនជឿលើការចោទប្រកាន់របស់ភាគីណាមួយឡើយ ទាក់ទងនឹងការបំផ្ទុះហេដ្ឋារចនាសម្ព័ន្ធប្រេងនៅអ៊ុយក្រែន ដោយលោកយល់ថា គ្រប់ភាគីសុទ្ធតែមានលេសដូចគ្នា ។

លោកសង្កត់ធ្ងន់ថា ភាពយឺតយ៉ាវក្នុងការជួសជុល និងការរំខានដល់ដំណើរការដឹកជញ្ជូនប្រេងឆ្លងកាត់អ៊ុយក្រែនមកកាន់ហុងគ្រី និងស្លូវ៉ាគី គឺជារឿងនយោបាយសុទ្ធសាធ ពោលគឺគេចង់បង្ខំឱ្យហុងគ្រីយល់ព្រមឱ្យអ៊ុយក្រែនចូលអឺរ៉ុបជាថ្នូរនឹងការទទួលបានប្រេងឡើងវិញ ។

រដ្ឋាភិបាលរបស់លោក ហ្វីកូ តែងតែមានមតិផ្ទុយពីសហភាពអឺរ៉ុបលើបញ្ហាថាមពល និងនយោបាយការបរទេស។ លោកបានបដិសេធមិនផ្ដល់ជំនួយយោធាដល់អ៊ុយក្រែនឡើយ ហើយជម្រុញឱ្យប្រើផ្លូវចរចាវិញ។ ទន្ទឹមនឹងនោះ ស្លូវ៉ាគីក៏បានពង្រឹងទំនាក់ទំនងជាមួយសហរដ្ឋអាម៉េរិកតាមរយៈកិច្ចព្រមព្រៀងថាមពលនុយក្លេអ៊ែរ និងការជួបពិភាក្សារវាងលោក ហ្វីកូ ជាមួយលោក ត្រាំ នៅរដ្ឋផ្លរីដា ។

ក្នុងពេលជាមួយគ្នា រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក ម៉ាកូ រូប៊ីយ៉ូ (Marco Rubio) បានធ្វើដំណើរទៅដល់ទីក្រុងប្រាទីស្លាវ៉ា (Bratislava) ដើម្បីពង្រឹងទំនាក់ទំនងជាមួយរដ្ឋាភិបាលណាដែលមានចំណងមិត្តភាពល្អជាមួយរដ្ឋបាលលោក ត្រាំ។ បន្ទាប់ពីស្លូវ៉ាគី លោក រូប៊ីយ៉ូ នឹងបន្តដំណើរទៅជួបលោក វីកទ័រ អរបែន (Viktor Orban) នៅប្រទេសហុងគ្រី នៅថ្ងៃចន្ទនេះ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ Shutter Stock