ព័ត៌មានអន្តរជាតិ

លោក វ៉ាង យី ព្រមាននាយករដ្ឋមន្ត្រីជប៉ុន កុំឱ្យលូកដៃរឿងតៃវ៉ាន់ ព្រោះនឹងធ្វើឱ្យជប៉ុនអន្តរាយ

image



ចិន៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) កាលពីថ្ងៃអាទិត្យ បានធ្វើការរិះគន់យ៉ាងធ្ងន់ៗទៅលើនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី សាណាអិ តាកាអ៊ីឈិ (Sanae Takaichi) ដោយព្រមានថា ការលើកឡើងរបស់ជប៉ុនអំពីរឿងកោះតៃវ៉ាន់ គឺជាការប្រថុយនឹងការដើរតាមគន្លងប្រវត្តិសាស្ត្រចាស់ ហើយវានឹងធ្វើឱ្យជប៉ុន «បរាជ័យកាន់តែឆាប់រហ័ស និងកាន់តែធ្ងន់ធ្ងរ» ។

លោក វ៉ាង យី បានរំឭកថា កាលពីមុន ជប៉ុនធ្លាប់បានឈ្លានពានចិន និងវាយប្រហារកំពង់ផែ ភៀល ហាប័រ (Pearl Harbor របស់អាម៉េរិក) ដោយប្រើលេស «សន្តិសុខជាតិ» បែបនេះឯង។ លោកបន្តថា ប្រសិនបើជប៉ុនមិនព្រមភ្ញាក់រលឹកទេ នោះជប៉ុននឹងជួបកំហុសដដែលៗជាក់ជាមិនខាន។ លោកបញ្ជាក់ថា «គ្រប់ប្រទេសដែលស្រឡាញ់សន្តិភាព គួរតែព្រមានជប៉ុនថា បើហ៊ានដើរលើផ្លូវចាស់ ឬចង់សាកល្បងម្ដងទៀត នោះជប៉ុននឹងនាំខ្លួនឯងទៅរកសេចក្ដីវិនាស និងបរាជ័យ» ។

ការឆ្លើយតបយ៉ាងចាស់ដៃរបស់ចិននេះ ធ្វើឡើងបន្ទាប់ពីនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី តាកាអ៊ីឈិ លើកឡើងថា រាល់វិបត្តិដែលកើតឡើងនៅច្រកសមុទ្រតៃវ៉ាន់ អាចជាហេតុផលគ្រប់គ្រាន់សម្រាប់ឱ្យជប៉ុនប្រើប្រាស់ «សិទ្ធិការពារខ្លួនរួមគ្នា» (មានន័យថាជប៉ុនអាចបញ្ជូនទ័ពជួយតៃវ៉ាន់)។ ចិនចាត់ទុកសម្ដីនេះ ថា ជាការប្រមាថដល់អធិបតេយ្យភាពរបស់ខ្លួន និងព្រមានជប៉ុនកុំឱ្យមានមហិច្ឆតាចង់ដើរតាមផ្លូវយោធានិយមដូចសម័យសង្គ្រាមលោកលើកទី២ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ [Franck Robichon/Pool/AFP via Getty Images]/ [REUTERS/Dado Ruvic/Illustration]