ព័ត៌មានជាតិ

សភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា សហការជាមួយដៃគូពាក់ព័ន្ធ នឹងរៀបចំ “កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦” នៅដើមខែមីនា ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចបវរធិបតី ហ៊ុន ម៉ាណែត

image



ភ្នំពេញ៖ សភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន-កម្ពុជា សហការជាមួយសភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្ម នៅកម្ពុជា និងអាស៊ាន រៀបចំ “កិច្ចប្រជុំកំពូលធុរកិច្ចកម្ពុជា-អាស៊ាន ឆ្នាំ២០២៦” ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៣-០៤ ខែមីនា ឆ្នាំ២០២៦ ក្រោមមូលបទ «ការផ្លាស់ប្តូរអាស៊ាន៖ នវានុវត្តន៍ ការធ្វើសមាហរណកម្ម និងការវិវត្តនៃឧស្សាហកម្ម»។

ព្រឹត្តិការណ៍នេះ ត្រូវបានរៀបចំឡើងស្របពេលដែលអាស៊ានកំពុងពង្រឹងជំហររបស់ខ្លួនជាមជ្ឈមណ្ឌលកំណើនសកល។ ពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី ០៤ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៨និង៣០នាទីព្រឹក នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមានការអញ្ជើញចូលរួមពីឥស្សរជនជាន់ខ្ពស់ ឯកអគ្គរដ្ឋទូត តំណាងស្ថាប័នពាក់ព័ន្ធ ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក្រុមហ៊ុនអន្តរជាតិ ធំៗនៅកម្ពុជានិងអាស៊ាន និងអ្នកជំនាញពីគ្រប់វិស័យ។

កិច្ចពិភាក្សានៃកិច្ចប្រជុំកំពូលធុរកិច្ច នឹងផ្តោតលើសក្តានុពលអាស៊ាន និង «យុទ្ធសាស្ត្រកម្ពុជា» ដោយយកប្រធានបទសំខាន់ៗមកជជែកពិភាក្សារួមមាន៖ ឧស្សាហកម្មបៃតង និងការធ្វើពិពិធកម្ម៖ “ការបង្កើនសក្តានុពលសម្រាប់របត់ថ្មី៖ ថាមពលស្អាត ការគ្រប់គ្រងដីធ្លី និងការផលិតដែលមានតម្លៃខ្ពស់”; នវានុវត្តន៍ និងប្រព័ន្ធអេកូឡូស៊ីរួមបញ្ចូលគ្នា៖ “ការធ្វើសុខដុមនីយកម្មគយ ពន្ធដារ ឡូជីស្ទីក និងប្រព័ន្ធ; អេកូឡូស៊ីហិរញ្ញវត្ថុ ដើម្បីកំណើនអាជីវកម្ម”; សមាហរណកម្មតំបន់៖ “កំណើនហួសពីព្រំដែន៖ ការពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់តំបន់ និងទេសចរណ៍”; ការវិវត្តនៃកម្លាំងពលកម្ម៖ “ជំនាញសម្រាប់ថ្ងៃស្អែក៖ ការវិវត្តនៃវិស័យបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងពិភពលោកទំនើប”៕