ព័ត៌មានអន្តរជាតិ

ជនរងគ្រោះក្នុងសំណុំរឿងថ្មីរបស់ The iCon Group កើនឡើងបន្ថែមជាង ២,៥០០នាក់ ជាមួយទំហំខាតបង់លើស ៦០០លានបាត

image



ថៃឡង់ដ៍៖ នាយកដ្ឋានស៊ើបអង្កេតពិសេស ហៅកាត់ថា DSI របស់ថៃ កំពុងបន្តនីតិវិធីជំហានទី២ ក្នុងសំណុំរឿងបោកប្រាស់របស់ក្រុមហ៊ុន ដឹអាយខនគ្រុប (The iCon Group) ដោយបានបំបែកសំណុំរឿងបន្ថែមចំនួន ២ ទៀត ដែលពាក់ព័ន្ធនឹងទំហំនៃការខាតបង់ទឹកប្រាក់ជាង ៦០០ លានបាត (ប្រហែល ១៧ លានដុល្លារអាម៉េរិក) និងមានជនរងគ្រោះសរុប ២,៥៣៥ នាក់ ទាំងនៅក្នុងប្រទេសថៃ និងនៅក្រៅប្រទេស។ នេះបើយោងតាមការចុះផ្សាយរបស់ ថៃ អ៊ែនខ្វាយរ័រ (Thai Enquirer) ។

ក្រុមអ្នកស៊ើបអង្កេតបានឱ្យដឹងថា ក្នុងសំណុំរឿងថ្មីនេះ រួមមាន ជនរងគ្រោះនៅក្រៅប្រទេស ចំនួន ៣០ នាក់ មកពី ១៣ ប្រទេសផ្សេងៗគ្នា ដែលខាតបង់ប្រាក់អស់ប្រហែល ៩,៤៤ លានបាត ហើយជនរងគ្រោះក្នុងប្រទេសថៃ មានចំនួន ២,៥០៥ នាក់បន្ថែមទៀត ដែលមានទំហំនៃការខាតបង់ថវិកាប្រមាណជា ៦៧៧ លានបាត ។

បច្ចុប្បន្ន អាជ្ញាធរបានបញ្ចប់ការសាកសួរជនរងគ្រោះក្នុងស្រុកហើយ និងកំពុងត្រៀមដាក់ការចោទប្រកាន់បន្ថែមលើជនសង្ស័យចំនួន ១៨នាក់ និង១អង្គភាពដែលជាក្រុមហ៊ុនខាងលើនេះផ្ទាល់ ។

ការវិវឌ្ឍថ្មីៗចុងក្រោយនេះ កើតឡើងបន្ទាប់ពីអគ្គព្រះរាជអាជ្ញា បានសម្រេចចោទប្រកាន់លើតារាល្បីៗ ២ រូប ដែលធ្លាប់ត្រូវបានដោះលែងឱ្យនៅក្រៅឃុំពីមុនមក គឺលោក យូរ៉ានុត ស៊ែម ផាមុនម៉ុនទ្រី (Yuranunt “Sam” Pamornmontri) និងនាង ពេចឆាយ៉ា មីន វ៉ាថាណាម៉ុនទ្រី (Pechaya “Min” Wattanamontree)។ ព្រះរាជអាជ្ញា នឹងកោះហៅអ្នកទាំងពីរឱ្យមកទទួលស្គាល់ការចោទប្រកាន់ជាផ្លូវការ ខណៈក្រុមអ្នកស៊ើបអង្កេត ក៏កំពុងរៀបចំភស្តុតាងបន្ថែមទៀតសម្រាប់សំណុំរឿងដែលទើបបំបែកថ្មីៗនេះដែរ ។

ចំពោះជនសង្ស័យដទៃទៀត ភាគច្រើននៅតែបន្តស្ថិតក្រោមការឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីរង់ចាំការស៊ើបអង្កេតបន្តទៀត ។

គួររំឮកថា តាមរយៈការចុះផ្សាយនាពេលកន្លងមក ឱ្យដឹងថា ករណីចាស់ពាក់ព័ន្ធនឹងការឆបោករបស់ក្រុមហ៊ុន iCon Group មានជនរងគ្រោះរហូតជាង ១ម៉ឺននាក់ ខណៈថវិកាដែលខាតបង់មានទំហំប្រហែល ៣,០០០ លានបាត ឬប្រមាណជា ៨៥ លានដុល្លារអាម៉េរិក។ រឿងនេះ បានផ្ទុះឡើងតាំងពីចុងឆ្នាំ ២០២៤ និងដើមឆ្នាំ ២០២៥ មក ហើយករណីថ្មីចុងក្រោយនេះ នាំឱ្យជនរងគ្រោះ កើនឡើងជាង ១២,០០០នាក់ ខណៈថវិកាខាតបង់ ទំនងជាកើនដល់ ១០០លានដុល្លារឯណោះ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Thai Enquirer | រូបភាព៖ Thai Enquirer/ Thailandtv.news/ moneyandbanking