ព័ត៌មានអន្តរជាតិ

អត្រាអ្នកក្រនៅថៃ កើនឡើងដល់ ៣,៤ លាននាក់ បង្ហាញពីសញ្ញានៃបញ្ហារ៉ាំរ៉ៃ ខណៈជាង ៤ លាននាក់ទៀតកំពុងប្រឈមហានិភ័យ

image



ថៃឡង់ដ៍៖ អត្រាភាពក្រីក្រនៅក្នុងប្រទេសថៃបានបង្ហាញសញ្ញាគួរឱ្យព្រួយបារម្ភ ដោយបានកើនឡើងដល់ ៣,៤ លាននាក់ (ស្មើនឹង ៤,៩% នៃប្រជាជនសរុប) ក្នុងឆ្នាំ ២០២៤ ខណៈដែលសេដ្ឋកិច្ចជាតិមានកំណើនបន្តិចបន្តួច។ នេះជាសញ្ញានៃ «ភាពក្រីក្ររ៉ាំរ៉ៃ» ដោយខុសពីធម្មតា ដែលភាពក្រីក្រគួរតែថយចុះនៅពេលសេដ្ឋកិច្ចរីកចម្រើន ។

ខេត្តប៉ាតានី (Pattani) និងម៉ែហុងសន (Mae Hong Son) នៅតែបន្តស្ថិតក្នុងចំណោមខេត្តទាំង ៥ ដែលមានអត្រាភាពក្រីក្រខ្ពស់បំផុតក្នុងប្រទេសអស់រយៈពេលជាង ១៥ ឆ្នាំមកហើយ។ ក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ហៅកាត់ថា NESDC បញ្ជាក់ថា បញ្ហានេះចាក់ឫសយ៉ាងជ្រៅនៅតាមខេត្តជាច្រើន ជាពិសេសនៅក្នុងវិស័យកសិកម្ម ដែលមានអត្រាភាពក្រីក្រខ្ពស់រហូតដល់ ៩,៦% ខណៈការបែងចែកឱកាសសេដ្ឋកិច្ចទៅកាន់តំបន់ដាច់ស្រយាលនៅមានគម្លាតខ្លាំង ។

ក្រុមប្រឹក្សា NESDC បន្ថែមថា ក្រៅពីអ្នកក្រីក្រ ថៃនៅមានប្រជាជនប្រមាណ ៤,៣ លាននាក់ផ្សេងទៀតដែលស្ថិតក្នុងក្រុមប្រឈមហានិភ័យខ្ពស់ក្នុងការធ្លាក់ខ្លួនចូលក្នុងភាពក្រីក្រ ប្រសិនបើមានវិបត្តិណាមួយកើតឡើង។ ក្រុមដែលងាយរងគ្រោះបំផុត គឺជាក្រុមគ្រួសារដែលមានកុមារតូចៗ និងអ្នកដែលមានកម្រិតអប់រំទាបត្រឹមបឋមសិក្សា ។

ស្ថាប័នដដែលនេះ ទទួលស្គាល់ថា កិច្ចខំប្រឹងប្រែងនាពេលកន្លងមក ដូចជាប័ណ្ណសុខុមាលភាពរដ្ឋ និងប្រាក់ឧបត្ថម្ភកុមារ គឺជាវិធានការរយៈពេលខ្លីដែលជួយសម្រាលការលំបាកបានមួយគ្រាៗប៉ុណ្ណោះ។ ទោះជាយ៉ាងណាក្ដី ការកំណត់គោលដៅឱ្យចំក្រុមងាយរងគ្រោះបំផុត នៅតែជាបញ្ហាប្រឈមដែលត្រូវការការកែលម្អប្រព័ន្ធទិន្នន័យឱ្យមានភាពច្បាស់លាស់ជាងមុន ។

NESDC បានសង្កត់ធ្ងន់ថា ភាពក្រីក្រកំពុងក្លាយជាបញ្ហារ៉ាំរ៉ៃ។ បើប្រៀបធៀបនឹងអតីតកាល ភាពក្រីក្រតែងតែថយចុះនៅពេលសេដ្ឋកិច្ចរីកចម្រើន ប៉ុន្តែក្នុងឆ្នាំ ២០២៤ ទោះបីសេដ្ឋកិច្ចកើនឡើងបន្តិចបន្តួចក្តី ប៉ុន្តែអត្រាភាពក្រីក្រមិនបានថមថយឡើយ ផ្ទុយទៅវិញ បានកើនឡើងដល់ ៣,៤ លាននាក់ (ស្មើនឹង ៤,៩% នៃចំនួនប្រជាជន) ពោលគឺកើនឡើងពី ៣,៤% កាលពីឆ្នាំ ២០២៣ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ The Nation Thailand | រូបភាព៖ AFP/ Visual Thailand/ Evan Krause via UNDP