ព័ត៌មានជាតិ

គម្រោងវិនិយោគនៅខេត្តព្រះសីហនុចំនួន ៣៥បន្ថែមទៀត មានទុនវិនិយោគ ១៥៦លានដុល្លារ ស្នើសុំគោលការណ៍លើកទឹកចិត្តពិសេសពីរាជរដ្ឋាភិបាល

image



ភ្នំពេញ៖ ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ ពិនិត្យលើការស្នើការលើកទឹកចិត្ត ការអនុគ្រោះ និងការសម្រួលនីតិវិធី ដល់គម្រោងវិនិយោគ និងធុរកិច្ច ចំនួន ៣៥ ក្រោមទុនវិនិយោគជាង ១៥៦លានដុល្លារអាម៉េរិក។

គម្រោទាំងនេះ ត្រូវបានពិនិត្យ និងពិភាក្សា នៅក្នុងកិច្ចប្រជុំលើកទី ២៣ របស់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលដឹកនាំដោយ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នាថ្ងៃទី ១៩ ខែ កុម្ភៈ ឆ្នាំ ២០២៦ នៅទីស្តីការក្រ សួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

គម្រោងទាំងនេះ រួមមានជាអាទិ៍ សួនឧស្សាហកម្មសម្រាប់រោងចក្រក្នុងវិស័យសត្វចិញ្ចឹម, រោងចក្រកែច្នៃគ្រឿងសង្ហារិម, រោងចក្រកែច្នៃសំណល់, រោងចក្រផលិតបំពង់ទឹក, ស្ថានីយសាករថយន្តអគ្គិសនី, សិប្បកម្មផលិតប្រេងឆា, រោងចក្រផលិតកេសកាតុង, អគារពហុមុខងារ, សណ្ឋាគារ និងផ្សារទំនើប ជាដើម ដែលរំពឹងថា នឹងបង្កើតឱកាសការងារថ្មីៗរាប់ពាន់កន្លែងបន្ថែមទៀត។

អង្គប្រជុំបានពិភាក្សាអំពីលទ្ធភាព ជម្រើស និងគោលការណ៍នានា ដែលគួរកែសម្រួល និងអាចអនុវត្តបាន ដើម្បីផ្តល់ការលើកទឹកចិត្ត និងទាក់ទាញការវិនិយោគ ដែលមានគុណភាព មានតម្លៃបន្ថែម បង្កើតការងារ ។ល។ ទាំងគម្រោងនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស និងគម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេស។

លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ក្នុងរយៈពេល ២ឆ្នាំកន្លងមកនេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុសម្រេចបានលទ្ធផលល្អប្រសើរ ដោយឈរលើការសម្របសម្រួល កិច្ចខិតខំប្រឹងប្រែង និងកិច្ចសហការខ្ពស់ពីក្រសួងស្ថាប័ន។ លទ្ធផលនេះ រួមមាន ការផ្តល់គោលការណ៍លើកទឹកចិត្តដល់គម្រោងចំនួន ៤១៣គម្រោង ដែលមានទុនវិនិយោគប៉ាន់ស្មានជាង ៨ប៊ីលានដុល្លារអាម៉េរិក និងប៉ាន់ស្មានបង្កើតការងារ ជាង ៥៥.០០០កន្លែង, ជំរុញឱ្យអគារជាប់គាំងចំនួន ៧៦ គម្រោងបន្តសាងសង់ឡើងវិញ និង ៣០ គម្រោងផ្សេងទៀតបានសាងសង់រួចរាល់ និងដំណើរការអាជីវកម្ម និងបានទាក់ទាញគម្រោងវិនិយោគថ្មីបានចំនួន ១៧៩គម្រោង។

លោកបណ្ឌិតសភាចារ្យ មានប្រសាសន៍បន្ថែមថា ដោយផ្អែកតាមលទ្ធផលនេះ រាជរដ្ឋាភិបាលបានសម្រេចឱ្យបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» រយៈពេល ២ឆ្នាំទៀត រហូតដល់ដំណាច់ឆ្នាំ ២០២៧។ យោងតាមការសម្រេចនេះ, ក្រុមការងារមានភារកិច្ចធំៗ ចំនួន ២ ដែលត្រូវបន្តអនុវត្តដោយយកចិត្តទុកដាក់ ក្នុងនោះការងារទី ១ គឺបន្តទាក់ទាញគម្រោងវិនិយោគដែលមានសក្តានុពលមកវិនិយោគក្នុងខេត្តព្រះសីហនុ ព្រមទាំងថែរក្សា និងគំាពារគម្រោងវិនិយោគដែលមានស្រាប់ឱ្យដំណើរការដោយរលូន និងអាចមានលទ្ធភាពពង្រីកគម្រោងវិនិយោគរបស់ខ្លួន នាពេលអនាគត និងការងារទី ២ គឺជំរុញការប្រើប្រាស់កម្លាំងពលកម្មក្នុងស្រុក និងការផ្ទេរជំនាញ និងបច្ចេកវិទ្យា និងជំរុញការប្រើប្រាស់ធាតុផ្សំ និងទំនិញដែលផលិតក្នុងស្រុក នៅតាមសហគ្រាស និងរោងចក្រ ក្នុងខេត្តព្រះសីហនុ ដោយសហការជាមួយក្រសួង-ស្ថាប័នមានសមត្ថកិច្ច និងរដ្ឋបាលខេត្តព្រះសីហនុ។

បន្ថែមពីនេះ, លោកបណ្ឌិតសភាចារ្យ បានណែនាំឱ្យលេខាធិការដ្ឋានបន្តសម្របសម្រួល និងជំរុញម្ចាស់គម្រោងអគារជាប់គាំងដែលនៅសេសសល់ ឱ្យមកចូលរួមក្នុងយន្តការដោះស្រាយរបស់រាជរដ្ឋាភិបាល ព្រមទាំងបន្តលើកទឹកចិត្តដល់បណ្តាសហគ្រាស ផលិតករ និង ពាណិជ្ជករ ឱ្យចូលរួមចំណែកកាន់តែសកម្មក្នុងយុទ្ធនាការជំរុញការប្រើប្រាស់ផលិតផលក្នុងស្រុក ដើម្បីរួមចំណែកពង្រឹងសេដ្ឋកិច្ចជាតិ។

ក្រុមការងារជំរុញការវិនិយោគខេត្តព្រះសីហនុ សូមលើកទឹកចិត្តដល់ធុរជន និង វិនិយោគិន អញ្ជើញមកដាក់ពាក្យ ឬ ស្នើមកកាន់ក្រុមការងារ ដើម្បីទទួលបាន «អត្ថប្រយោជន៍ពិសេស» ទាំងការលើកទឹកចិត្តផ្នែកពន្ធ ការសម្របសម្រួលផ្នែករដ្ឋបាល និងការសម្រួលនីតិវិធីផ្សេងៗ ពាក់ព័ន្ធនឹងការវិនិយោគ៕