ការនាំចេញរបស់កម្ពុជា ទៅចិន កើនជិត ៦០% នៅដើមឆ្នាំ ២០២៦ បង្ហាញពីប្រសិទ្ធភាពនៃយុទ្ធសាស្ត្របង្វែរទីផ្សារកសិផល ក្រោយមានជម្លោះព្រំដែនជាមួយថៃ
ភ្នំពេញ៖ ការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសចិន ក្នុងខែមករា ឆ្នាំ២០២៦ មានទំហំទឹកប្រាក់ ១៦៤លានដុល្លារអាម៉េរិក កើនឡើង ៥៩,៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលបង្ហាញពីការចាប់ផ្តើមដ៏រឹងមាំនៅដើមឆ្នាំនេះ និងជាសញ្ញាវិជ្ជមានពីយុទ្ធសាស្ត្របង្វែរទីផ្សារនាំចេញកសិផលសំខាន់ៗរបស់កម្ពុជា។
ជាមួយគ្នានេះ ការនាំចូលពីប្រទេសចិន មកកម្ពុជា ក្នុងខែមករា ឆ្នាំ២០២៦ មានតម្លៃ ១.៧៤០លានដុល្លារអាម៉េរិក កើនឡើង ១៩,៩% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទិន្នន័យនេះ ត្រូវបានចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ការកើនឡើងខ្លាំងនៃការនាំចេញនេះ កើតឡើងនៅពេលដែលកម្ពុជា កំពុងពង្រីក និងបង្វែរទិសដៅទីផ្សារកសិផលរបស់ខ្លួន បន្ទាប់ពីមានជម្លោះព្រំដែនជាមួយប្រទេសថៃ ដោយកងទ័ពថៃ បានចាប់ផ្តើមបើកការឈ្លានពានមកលើទឹកដីកម្ពុជា ចាប់តាំងពីខែកក្កដា ឆ្នាំ២០២៥ ដែលបានបង្កផលប៉ះពាល់ដល់ការនាំចេញកសិផលមួយចំនួនពីខេត្តជាប់ព្រំដែន។
ក្នុងបរិបទនេះ កម្ពុជា បានស្វែងរកទីផ្សារថ្មីៗ សម្រាប់កសិករនៅតំបន់ព្រំដែន ដូចជា ដំឡូងមី ពោត និងស្វាយ ដោយផ្តោតលើទីផ្សារប្រទេសចិន វៀតណាម និងប្រទេសផ្សេងៗទៀត ដើម្បីធានាការបន្តនៃចរន្តពាណិជ្ជកម្ម និងរក្សាប្រាក់ចំណូលជូនកសិករ។
ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ គេសង្កេតឃើញថា ក្រុមហ៊ុនចិនកាន់តែច្រើន បានចុះកិច្ចព្រមព្រៀងទិញកសិផលពីកម្ពុជា ដូចជា ផ្លែស្វាយ ដំណាប់ស្វាយ ដំឡូងមី ទុរេន និងគ្រាប់ស្វាយចន្ទី ដើម្បីនាំចេញទៅទីផ្សារចិនដោយផ្ទាល់។ កាលពីមុន ក្រុមហ៊ុនចិនមួយចំនួន តែងទិញកសិផលពីកម្ពុជា តាមរយៈប្រទេសវៀតណាម និងថៃ មុននឹងនាំចេញបន្តទៅចិន។
បន្ថែមពីនេះ ក្រុមហ៊ុនធំៗមួយចំនួនរបស់ចិន ក៏បានបង្ហាញពីគម្រោងវិនិយោគបង្កើតរោងចក្រកែច្នៃកសិផលនៅកម្ពុជា ដើម្បីបង្កើនតម្លៃបន្ថែម និងនាំចេញទៅទីផ្សារចិន និងទីផ្សារអន្តរជាតិ។ ការបង្កើនការទិញ និងការវិនិយោគក្នុងវិស័យកែច្នៃនេះ ត្រូវបានរំពឹងថា នឹងជួយជំរុញការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារចិនឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
បច្ចុប្បន្ន ផលិតផលកសិកម្មកម្ពុជា យ៉ាងហោចណាស់ ១៦មុខ ត្រូវបានអនុញ្ញាតឱ្យនាំចេញទៅទីផ្សារប្រទេសចិន រួមមាន អង្ករ ដំឡូងមីស្ងួត ពោត ចេក ស្វាយ មៀន ដូង ម្រេច គ្រាប់ស្វាយចន្ទី ល្ង គ្រាប់ជី កៅស៊ូ ជលផលធម្មជាតិ ជលផលចិញ្ចឹម មច្ឆា និងទុរេន។
ចំណែកមុខទំនិញសំខាន់ៗ ដែលកម្ពុជានាំចូលពីប្រទេសចិន រួមមាន វត្ថុធាតុដើមសម្រាប់ឧស្សាហកម្មវាយនភណ្ឌ និងកាត់ដេរ គ្រឿងអេឡិចត្រូនិក យានយន្ត សម្ភារសំណង់ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងគ្រឿងឧបភោគបរិភោគ ជាដើម។
ការកើនឡើងនៃពាណិជ្ជកម្មទ្វេភាគីនេះ បង្ហាញពីទំនាក់ទំនងសេដ្ឋកិច្ចកាន់តែជិតស្និទ្ធរវាងកម្ពុជា និងចិន ខណៈកម្ពុជាកំពុងបន្តបង្កើនភាពធន់នៃវិស័យនាំចេញ និងពង្រីកទីផ្សារថ្មីៗ ដើម្បីធានាកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព៕