រយៈពេល៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំចិន ខេត្តកំពតទទួលបានភ្ញៀវទេសចរជាង ៨ម៉ឺននាក់
កំពត៖ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត លោក សយ ស៊ីណុល បានឱ្យដឹងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជនជាតិចិន រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៨-១៩ ខែកុម្ភៈ ឆ្នាំ២០២៦ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ បានធ្វើដំណើរកម្សាន្តតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ គោលដៅទេសចរណ៍ និងក្នុងក្រុងកំពត សរុបចំនួន ៨៨.០៧៧នាក់ មានការកើនឡើងប្រមាណ ១២,៨៩% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥។ ក្នុងនោះ ភ្ញៀវទេសចរជាតិ មានចំនួន ៨៤.៨៩២នាក់ និងភ្ញៀវទេសចរបរទេស មានចំនួន ៣.១៨៥នាក់។
លោកប្រធានមន្ទីរ បានបញ្ជាក់ថា មូលហេតុដែលខេត្តកំពតទាក់ទាញភ្ញៀវមកច្រើនដោយសារខេត្តមានហេដ្ឋារចនាសម្ព័ន្ធល្អ កំពតនៅជិតភ្នំពេញ មានតំបន់រមណីយដ្ឋាន គោលដៅទេសចរណ៍ និងសហគមន៍ទេសចរណេ៍សំខាន់ៗដល់ទៅ ៤២កន្លែង មានកន្លែងស្នាក់នៅស្អាត មានផាសុខភាពផ្សារភ្ជាប់នឹងធម្មជាតិ ពិសេសមិទ្ធផលទេចរណ៍ថ្មីៗក្នុងក្រុងកំពត ដូចជា រូបសំណាកត្រីសេះសមុទ្របាញ់ទឹក នាឡិកាខ្មាតធំ សួនបាញ់ទឹករាំតាមចង្វាក់ភ្លេង ឆ្នេរដ៏ស្រស់ស្អាត និងការរៀបចំភ្លើងពណ៌លម្អផ្លូវ រួមទាំងផ្សារត្រីដ៏ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងញ៉ាំងឱ្យបរិយាកាសក្រុងកំពតកាន់តែមានភាពរស់រវើក និងទាក់ទាញខ្លាំងឡើង។
លោក សយ ស៊ីណុល បានបន្ថែមថា ចំពោះស្ថានភាពទូទៅតាមរមណីយដ្ឋាននានា សហគមន៍ និងគោលដៅទេសចរណ៍ទាំង ៤២កន្លែង មានភាពល្អប្រសើរ ហើយសេវាកម្មទេសចរណ៍គ្រប់ប្រភេទបានដំណើរការទៅដោយរលូន ពុំមានបាតុភាពអ្វីកើតឡើងគួរឱ្យកត់សម្គាល់នោះឡើយ ព្រោះជាទូទៅ រាល់ពេលមានបុណ្យទានក្រុមការងារមន្ទីរទេសចរណ៍តែងតែចុះត្រួតពិនិត្យតាមរមណីយដ្ឋាន សហគមន៍គោលដៅទេសចរណ៍នានា និងតាមសេវាកម្មម្ហូបអាហារ សេវាស្នាក់នៅ និងទូកទេសចរណ៍ ដើម្បីផ្សព្វផ្សាយសេចក្តីណែនាំរបស់មន្ទីរ ដោយផ្តោតសំខាន់លើការងារបដិសណ្ឋារកិច្ច អនាម័យចំណីអាហារ សុវត្ថិភាព និងតម្លៃសេវាកម្មជាដើម ដោយធ្វើយ៉ាងណារក្សាបាននូវសេចក្តីថ្លៃថ្នូរ និងកិត្តិស័ព្ទល្អរបស់ខេត្តកំពតតទៅថ្ងៃអនាគត៕
អត្ថបទ៖ វង្ស សុធារម្យ