លោកណេតាន់យ៉ាហ៊ូ ព្រមានថា បើអ៊ីរ៉ង់ហ៊ានវាយអ៊ីស្រាអ៊ែល ពួកគេនឹងរងការសងសឹកដែលនឹកស្មានមិនដល់
អ៊ីស្រាអ៊ែល៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែល លោក ប៊ែនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) កាលពីថ្ងៃព្រហស្បតិ៍ បានធ្វើការព្រមានថា «អ៊ីរ៉ង់ នឹងត្រូវទទួលរងការសងសឹកយ៉ាងខ្លាំងក្លាបំផុតដែលនឹកស្មានមិនដល់ ប្រសិនបើហ៊ានបាញ់មីស៊ីលវាយប្រហារមកលើអ៊ីស្រាអ៊ែល»។ លោកបានថ្លែងបែបនេះ ក្នុងអំឡុងស្ថិតនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់នាយទាហានថ្មី នៅតំបន់ ណិហ្គេវ (Negev) ភាគខាងត្បូងប្រទេសនេះ ។
ការអត្ថាធិប្បាយនេះ ធ្វើឡើងចំពេលដែលតំបន់មជ្ឈិមបូព៌ាកំពុងមានភាពតានតឹងខ្លាំង ខណៈដែលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ក៏ទើបតែបានព្រមានអំពីលទ្ធភាពនៃសកម្មភាពយោធាប្រឆាំងនឹងអ៊ីរ៉ង់ផងដែរ បើទោះបីជាមានការចរចាលើបញ្ហានុយក្លេអ៊ែរនៅទីក្រុងហ្សឺណែវនាសប្តាហ៍នេះក៏ដោយ ។
ចំពោះបញ្ហានៅតំបន់ហ្គាហ្សា លោក ណេតាន់យ៉ាហ៊ូ (Netanyahu) បានប្រកាន់ជំហរដាច់ខាតថា ការស្ថាបនាឡើងវិញអាចធ្វើទៅបាន លុះត្រាតែក្រុមហាម៉ាសត្រូវរំលាយអាវុធទាំងស្រុង។ កាលពីខែមករាកន្លងទៅ បេសកជនពិសេសអាម៉េរិក លោក ស្ទេវ វីកអោហ្វ (Steve Witkoff) បានប្រកាសពីផែនការជំហានទី២ របស់លោក ត្រាំ ដើម្បីបញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សា ដែលរួមមានការផ្លាស់ប្តូរពីបទឈប់បាញ់ ទៅជាការរំសាយអាវុធ និងការបង្កើតរដ្ឋបាលបច្ចេកវិទ្យាថ្មី ។
នៅតាមព្រំដែនភាគខាងជើងឯណោះវិញ អ៊ីស្រាអ៊ែលបានពង្រឹងវត្តមានយោធារបស់ខ្លួននៅក្នុង «តំបន់ទ្រនាប់» ទាំងក្នុងទឹកដីលីបង់ និងស៊ីរី ដើម្បីធានាសុវត្ថិភាព។ អ៊ីស្រាអ៊ែលបានបង្កើនការវាយប្រហារលើគោលដៅយោធាក្នុងប្រទេសស៊ីរី ចាប់តាំងពីមានការផ្លាស់ប្តូររដ្ឋាភិបាលនៅទីក្រុងដាម៉ាស ដោយអះអាងថា ដើម្បីការពារកុំឱ្យអាវុធទំនើបៗធ្លាក់ទៅក្នុងដៃក្រុមអរិភាព ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ [Screenshot/Israel Defense Forces via The Times of Israel]/ [Morteza Salehi/Tasnim News/AFP via Getty Images]/ Handout via REUTERS