អ្នកគាំទ្រអតីតប្រធានាធិបតីកូរ៉េខាងត្បូង ចេញតវ៉ាប្រឆាំងសាលក្រមដែលផ្ដន្ទាទោសលោកយុនឱ្យជាប់ពន្ធនាគារមួយជីវិត
កូរ៉េខាងត្បូង៖ អ្នកគាំទ្ររាប់រយនាក់របស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក យុន ស៊ុកយុល (Yoon Suk-Yeol) បានជួបជុំគ្នាដើម្បីតវ៉ាប្រឆាំងនឹងសាលក្រមរបស់តុលាការ។ ទន្ទឹមនឹងនោះ តុលាការក្នុងទីក្រុងសេអ៊ូល កាលពីថ្ងៃព្រហស្បតិ៍ បានសម្រេចកាត់ទោសលោកយុន ឱ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទបះបោរ។ នាពេលកន្លងមក រដ្ឋអាជ្ញាបានទាមទារឱ្យមានការដាក់ទោសប្រហារជីវិតលើរូបលោក ។
តាមរយៈរូបភាពនៅក្នុងវីដេអូ បានបង្ហាញពីឡានក្រុងដែលដឹកលោក យុន (Yoon) ចាកចេញពីបរិវេណតុលាការក្នុងទីក្រុងសេអ៊ូល ស្របពេលមនុស្សម្នាជាច្រើននាំគ្នាគ្រវីទង់ជាតិសហរដ្ឋអាម៉េរិក និងទង់ជាតិកូរ៉េខាងត្បូង អមដោយការស្រែកច្រៀង និងវាយស្គរ។ ក្នុងនោះ អ្នកគាំទ្រលោកយុន បានលើកផ្ទាំងបដា ថា «លោក យុន (Yoon) គ្មានទោសទេ», «មិនមានការបះបោរកើតឡើងឡើយ» និង «ការដាក់ប្រទេសក្នុងភាពអាសន្នគឺជារឿងត្រឹមត្រូវ» ។
អ្នកគាំទ្រមួយរូបរបស់លោកយុន និយាយថា «តាមច្បាប់ ការប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នគឺជាសិទ្ធិផ្តាច់មុខរបស់ប្រធានាធិបតី និងជាសកម្មភាពដឹកនាំរដ្ឋ ហើយការស៊ើបអង្កេតដោយការិយាល័យស៊ើបអង្កេតអំពើពុករលួយគឺជាអំពើខុសច្បាប់។ ក្នុងទស្សនៈរបស់ខ្ញុំ គាត់គឺគ្មានទោសឡើយ» ។ លោករៀបរាប់ដែរថា សំណុំរឿងនេះ គឺជាការធ្វើឡើងដោយមានបំណងនយោបាយនៅពីក្រោយ ។
គួររំឮកថា ភាពចលាចលនយោបាយដ៏ធំបានកើតឡើង បន្ទាប់ពីលោកយុន ប្រកាសដាក់ប្រទេសក្នុងភាពអាសន្នរយៈពេលខ្លី កាលពីខែធ្នូ ឆ្នាំ ២០២៤។ បច្ចុប្បន្ន លោក យុន (Yoon) កំពុងជាប់ឃុំក្នុងពន្ធនាគារតាមសាលក្រមមុនរួចទៅហើយ ខណៈស្ថានភាពនយោបាយក្នុងប្រទេសនៅតែមានភាពរកាំរកូសខ្លាំង។ ក្រៅពីទោសជាប់គុកអស់មួយជីវិតនេះ អតីតប្រធានាធិបតីរូបនេះ នៅត្រូវប្រឈមមុខនឹងការកាត់ក្តីចំនួនពីរករណីផ្សេងទៀត ដែលនឹងធ្វើឱ្យអនាគតផ្លូវច្បាប់របស់លោកកាន់តែមានភាពស្មុគស្មាញ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ AFP/ REUTERS