ព័ត៌មានអន្តរជាតិ

លោកត្រាំ សន្យាជួយពង្រឹងស្ថាប័ន អ.ស.ប ផ្នែកហិរញ្ញវត្ថុ ក្រោយបង់ប្រាក់បំណុល ១៦០ លានដុល្លារ

image

សហរដ្ឋអាម៉េរិក៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិ (អ.ស.ប) បានឱ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាម៉េរិកបានបង់ប្រាក់ប្រហែល ១៦០ លានដុល្លារ ក្នុងចំណោមបំណុលសរុបជាង ៤ ពាន់លានដុល្លារដែលខ្លួនជំពាក់ អ.ស.ប។ ការបង់ប្រាក់នេះ ធ្វើឡើងចំពេលដែលប្រធានាធិបតី ដូណាល់ ត្រាំ បានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ «ក្រុមប្រឹក្សាសន្តិភាព» (Board of Peace) ជាលើកដំបូង ដែលអ្នកជំនាញយល់ថា អាចនឹងធ្វើឱ្យប៉ះពាល់ដល់តួនាទីរបស់ អ.ស.ប ។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព លោក ត្រាំ លើកឡើងថា វ៉ាស៊ីនតោននឹងផ្តល់ថវិកាដល់ អ.ស.ប ដើម្បីពង្រឹងស្ថាប័ននេះ។ ទោះបីជាអាម៉េរិកគឺជាអ្នកផ្ដល់វិភាគទានធំបំផុតដល់កញ្ចប់ថវិកា អ.ស.ប ក៏ដោយ ប៉ុន្តែក្រោមរដ្ឋបាលលោក ត្រាំ អាម៉េរិកបានបដិសេធមិនបង់ប្រាក់កាតព្វកិច្ចសម្រាប់កញ្ចប់ថវិកាទូទៅ និងប្រតិបត្តិការរក្សាសន្តិភាព ព្រមទាំងបានកាត់បន្ថយថវិកាស្ម័គ្រចិត្ត និងបានដកខ្លួនចេញពីភ្នាក់ងារ អ.ស.ប ជាច្រើនទៀតផង ។

គិតត្រឹមដើមខែកុម្ភៈ មន្ត្រី អ.ស.ប បញ្ជាក់ថា អាម៉េរិកជំពាក់ថវិកាទូទៅចំនួន ២,១៩ ពាន់លានដុល្លារ (ស្មើនឹង ៩៥% នៃបំណុលសរុបដែលប្រទេសជុំវិញពិភពលោកជំពាក់ អ.ស.ប)។ ក្រៅពីនេះ អាម៉េរិកនៅជំពាក់ ២,៤ ពាន់លានដុល្លារទៀតសម្រាប់បេសកកម្មរក្សាសន្តិភាព និង ៤៣,៦ លានដុល្លារសម្រាប់តុលាការអន្តរជាតិផ្សេងៗ ។

លោក ត្រាំ បានថ្លែងថា «យើងនឹងជួយពួកគេ (អ.ស.ប) ផ្នែកហិរញ្ញវត្ថុ ហើយយើងនឹងធ្វើឱ្យប្រាកដថា អ.ស.ប អាចបន្តដំណើរការទៅមុខបាន។ ខ្ញុំគិតថា អ.ស.ប មានសក្ដានុពលខ្លាំងណាស់ ប៉ុន្តែគ្រាន់តែកន្លងមកធ្វើមិនទាន់បានល្អដូចសក្ដានុពលដែលមាន» ។

គួររំឭកថា គំនិតផ្ដួចផ្ដើមនៃក្រុមប្រឹក្សាសន្តិភាព បានបង្កើតឡើងដើម្បីត្រួតពិនិត្យការគ្រប់គ្រងបណ្ដោះអាសន្ននៅតំបន់ហ្គាហ្សា ក្រោយសង្គ្រាមអ៊ីស្រាអ៊ែល។ ក្រោយមក លោក ត្រាំ បានប្រកាសថា ក្រុមប្រឹក្សានេះនឹងពង្រីកវិសាលភាពដោះស្រាយជម្លោះទូទាំងពិភពលោកតែម្ដង ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters | រូបភាព៖ Kevin Lamarque via REUTERS/ [AP Photo/John Minchillo, File]/ Business Standard