ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក យុន ផ្ញើសារសុំទោសជាសាធារណៈ ក្រោយតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត

image

កូរ៉េខាងត្បូង៖ អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក យុន ស៊ុកយុល (Yoon Suk Yeol) នៅថ្ងៃសុក្រនេះ បានផ្ញើសារសុំទោសចំពោះសកម្មភាពប្រកាសច្បាប់អាជ្ញាសឹកក្នុងរយៈពេលដ៏ខ្លី កាលពីខែធ្នូ ឆ្នាំ ២០២៤ កន្លងទៅ។ ការសុំទោសនេះ ធ្វើឡើងក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតុលាការក្រុងសេអ៊ូល បានកាត់ទោសរូបលោកឱ្យជាប់ពន្ធនាគារអស់មួយជីវិត ពីបទដឹកនាំការបះបោរ ។

តាមរយៈសេចក្តីថ្លែងការណ៍ចេញដោយមេធាវីរបស់លោក លោក យុន បានលើកឡើងថា លោកមានការសោកស្តាយដែលធ្វើឱ្យប្រជាជនមានការខកចិត្ត និងលំបាក ដោយសារតែច្បាប់អាជ្ញាសឹក ប៉ុន្តែលោកនៅតែប្រកាន់ជំហរថា សកម្មភាពរបស់លោកកាលពីពេលនោះ គឺធ្វើឡើងដើម្បី «សង្គ្រោះជាតិ» តែប៉ុណ្ណោះ។

លោក យុន បានរិះគន់សេចក្តីសម្រេចរបស់តុលាការកាលពីថ្ងៃព្រហស្បតិ៍ថា ជាការរៀបចំទុកជាមុន និងជាការសងសឹកផ្នែកនយោបាយ។ លោកបញ្ជាក់ថា «ក្រុមដែលព្យាយាមបង្ខូចសេចក្តីសម្រេចរបស់លោកនាពេលកន្លងមក គឺជាការបះបោរ និងដើម្បីកម្ចាត់គូបដិបក្ខនយោបាយ»។ លោកក៏បានបង្ហាញការសង្ស័យលើឯករាជ្យភាពនៃប្រព័ន្ធតុលាការ ប៉ុន្តែបានជំរុញឱ្យអ្នកគាំទ្ររបស់លោក «រួបរួមគ្នា និងក្រោកឈរឡើង» ។

ទោះបីជាយ៉ាងណាក៏ដោយ មេធាវីរបស់លោកបានបញ្ជាក់ថា សេចក្តីថ្លែងការណ៍ខាងលើមិនមែនមានន័យថា លោកបោះបង់សិទ្ធិក្នុងការប្តឹងឧទ្ធរណ៍នោះទេ។ កាលពីខែធ្នូ ការប្រកាសច្បាប់អាជ្ញាសឹករបស់លោក យុន មានរយៈពេលត្រឹមតែ ៦ ម៉ោងប៉ុណ្ណោះ មុនពេលសភាបោះឆ្នោតទម្លាក់ចោល ប៉ុន្តែវាបានបង្កជាភាពចលាចល និងការតវ៉ាតាមដងផ្លូវយ៉ាងខ្លាំង ៕

តុលាការ រកឃើញថា លោក យុន មានទោសពីបទរំលោភលើសណ្តាប់ធ្នាប់រដ្ឋធម្មនុញ្ញ តាមរយៈការដាក់ពង្រាយកងទ័ពឱ្យសម្រុកចូលក្នុងសភា និងព្យាយាមចាប់ខ្លួនគូបដិបក្ខ។ នាពេលកន្លងមក រដ្ឋអាជ្ញាពិសេសថែមទាំងបានទាមទារឱ្យមានទោសប្រហារជីវិតទៀតផង ទោះបីជាកូរ៉េខាងត្បូងមិនដែលអនុវត្តទោសនេះចាប់តាំងពីឆ្នាំ ១៩៩៧ ក៏ដោយ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters | រូបភាព៖ Yonhap via REUTERS / EPA