ក្រសួងបរិស្ថានចាត់វិធានការច្បាប់ចំពោះក្រុមហ៊ុនមួយ ខេត្តបៃលិន ដើម្បីទប់ស្កាត់ការបំពុលសុខភាពសាធារណ និងបរិស្ថាន
ប៉ៃលិន៖ ក្រសួងបរិស្ថាន បានដាក់ចេញវិធានការច្បាប់ជាបន្ទាន់ចំពោះក្រុមហ៊ុន CANGXINLONG Food (Cambodia) Co.,ltd ស្ថិតក្នុងភូមិ អូររអិល ឃុំស្ទឹងកុយ ស្រុកសាលាក្រៅ ខេត្តបៃលិន នាពេលថ្មីៗនេះ ដើម្បីការពារប្រភពទឹកសាធារណៈ និងទប់ស្កាត់ការបំពុលសុខភាពសាធារណៈ និងបរិស្ថាន ដោយបណ្តុះនូវផ្នត់គំនិតស្អាតពីក្នុងចំណោមម្ចាស់អាជីវកម្ម ដើម្បីការវិនិយោគស្អាតប្រកបដោយចីរភាពនៅទូទាំងប្រទេស ឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុដែលជាបញ្ហាសកល។
សូមបញ្ជាក់ថា វិធានការច្បាប់ និងជំហានជាបន្តបន្ទាប់ដែលក្រសួងបរិស្ថានបានដាក់ចេញ ធ្វើឡើងបន្ទាប់ពីរកឃើញថា ក្រុមហ៊ុន CANGXINLONG Food (Cambodia) Co.,ltd បានបង្កការបំពុលដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋ ដោយសកម្មភាពបញ្ចេញសំណល់រាវ ដែលល្មើសនឹងមាត្រា១៧៨ មាត្រា២៨៧ និងមាត្រា២៨៨ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា២៣ នៃអនុក្រឹតស្តីពីការត្រួតពិនិត្យការបំពុលទឹក មាត្រា១២ថ្មី មាត្រា១៧ថ្មី នៃអនុក្រឹតស្តីពីការកែសម្រួលស្តីពីការត្រួតពិនិត្យការបំពុលទឹក និងប្រការ៥នៃប្រកាសស្តីពីការអនុវត្តវិធានស្វ័យត្រួតពិនិត្យ នៅតាមប្រភពបំពុលសក្កានុពល។ ជាមួយគ្នានោះ ក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការសម្របសម្រួលក្នុងជំហានបឋម មុនឈានដល់ការចាត់វិធានការច្បាប់ ក្រសួងបានអនុវត្តការផ្អាកសកម្មភាពបញ្ចេញសំណល់រាវភ្លាមៗ និងបានអញ្ជើញក្រុមហ៊ុនមកណែនាំ អប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់ជាអវិជ្ជមានចំពោះបរិស្ថាន សុខភាពសាធារណៈ។
សូមជម្រាបថា នីតិវីធីនៃការអនុវត្តវិធានការច្បាប់ជាបន្ទាន់នេះ ធ្វើឡើងបន្ទាប់ពីក្រសួងបរិស្ថានទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋមូលដ្ឋាន និងបានចុះពិនិត្យផ្ទាល់នៅតាមទីតាំង ដោយមានកិច្ចសហការពីអ្នកជំនាញពាក់ព័ន្ធ តំណាងក្រុមហ៊ុន រួមនឹងអាជ្ញាធរមូលដ្ឋាន និងបានទុកឱកាសឱ្យក្រុមហ៊ុនធ្វើការកែតម្រូវទៅតាមបច្ចេកទេសនិងនីតិវិធីច្បាប់ឱ្យបានរួចរាល់មុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥៕