ព័ត៌មានអន្តរជាតិ

ទិន្នន័យពាណិជ្ជកម្មអន្តរជាតិ បង្ហាញថា ប្រទេសថៃ គឺជាច្រកនាំចេញដ្រូនសម្រាប់សង្គ្រាមនៅអ៊ុយក្រែន

image

ថៃឡង់ដ៍៖ ស្ថិតនៅជាន់ទី៣០ នៃអាគារ ឆាតធើស្ឃ្វ៊ែរ (Chartered Square) ក្នុងទីក្រុងបាងកក ការិយាល័យស្ងប់ស្ងាត់មួយឈ្មោះ ស្កាយហាប់ ថិកណូឡូជី (Skyhub Technologies) បានក្លាយជាចំណុចកណ្ដាលនៃពាណិជ្ជកម្មដ៏ចម្រូងចម្រាស។ ទោះបីមើលទៅដូចជាគ្មានសកម្មភាពអ្វីសោះ ប៉ុន្តែឯកសារពាណិជ្ជកម្ម បង្ហាញថា ក្រុមហ៊ុននេះគឺជាអ្នកនាំចូលដ្រូនពីចិន ធំជាងគេទី ២ នៅក្នុងប្រទេសថៃ។ អ្វីដែលសំខាន់នោះ គឺដ្រូនភាគច្រើនដែលនាំចូលមកថៃ ត្រូវបាននាំចេញបន្តទៅកាន់ប្រទេសរុស្ស៊ី ដែលជាសកម្មភាពពាណិជ្ជកម្មស្របច្បាប់នៅឡើយក្នុងប្រទេសថៃ ។


ទិន្នន័យពាណិជ្ជកម្មបង្ហាញថា ការនាំចេញដ្រូនពីថៃទៅរុស្ស៊ីបានហក់ឡើងខ្ពស់ខ្លាំងចាប់តាំងពីឆ្នាំ ២០២២ ដែលជាពេលរុស្ស៊ីចូលលុកលុយអ៊ុយក្រែន។ ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២៥ រុស្ស៊ីបាននាំចូលដ្រូនពីថៃក្នុងតម្លៃ ១២៥ លានដុល្លារអាម៉េរិក ដោយស្មើនឹង ៨៨% នៃដ្រូននាំចេញសរុបរបស់ថៃ ដែលកើនឡើងដល់ទៅ ៨ ដងធៀបនឹងឆ្នាំមុន ។


អ្នកជំនាញ លើកឡើងថា នៅពេលផ្លូវនាំចេញតាមអារ៉ាប់រួម ឬកាហ្សាក់ស្ថានត្រូវបិទ ប្រទេសអ្នកផលិតដ្រូន បានងាកមកតំបន់អាស៊ីអាគ្នេយ៍ជាទីតាំងជំនួសវិញ សម្រាប់សកម្មភាពនាំចេញដោយយកក្រុមហ៊ុនមកបាំងមុខ ដើម្បីជៀសវាងការដាក់ទណ្ឌកម្ម ។
អគ្គនាយកដ្ឋានគយថៃ អះអាងថា ពួកគេមិនអាចឃាត់ការនាំចេញនេះបានទេ ព្រោះច្បាប់បច្ចុប្បន្នមិនតម្រូវឱ្យក្រុមហ៊ុនប្រាប់ពីគោលបំណងពិតប្រាកដនៃការប្រើប្រាស់ដ្រូននោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនថៃចំនួនពីរត្រូវសហភាពអឺរ៉ុប និងចក្រភពអង់គ្លេសដាក់ទណ្ឌកម្មរួចហើយ ដោយសារតែការជួយផ្គត់ផ្គង់បច្ចេកវិទ្យាដល់យោធារុស្ស៊ី ។


ក្នុងចំណោមដ្រូនដែលនាំចេញ មានម៉ូដែល Autel EVO Max 4T ដែលដើមឡើយផលិតសម្រាប់គោលបំណងស៊ីវិល ប៉ុន្តែត្រូវរុស្ស៊ីយល់ឃើញថាមានប្រសិទ្ធភាពខ្ពស់ក្នុងសមរភូមិ។ ក្រុមហ៊ុនផលិត បានបដិសេធទំនាក់ទំនងជាមួយយោធា ប៉ុន្តែការកើនឡើងនៃពាណិជ្ជកម្មនេះ បង្ហាញថា ការទប់ស្កាត់រុស្ស៊ីមិនឱ្យទទួលបានបច្ចេកវិទ្យាចិនតាមរយៈប្រទេសទីបី គឺជារឿងដ៏លំបាកបំផុតសម្រាប់លោកខាងលិច ។


ខណៈទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយរវាងថៃ និងរុស្ស៊ីកាន់តែស្អិតល្មួត តាមរយៈទេសចរណ៍ និងការវិនិយោគអចលនទ្រព្យ ថៃហាក់មិនសូវខ្វល់ខ្វាយពីសម្ពាធអន្តរជាតិឡើយ ដោយផ្ដោតខ្លាំងលើការទាក់ទាញលុយពីរុស្ស៊ីដើម្បីពង្រឹងសេដ្ឋកិច្ចជាតិខ្លួនឯង ៕


ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Bloomberg via The Japan Times | រូបភាព៖ New Fortune Times via AI generated flag/ 112.ua/ Action Against Hunger