ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ គិតមកដល់ពេលនេះ ការបង្ក្រាបប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា បានចំនួន២០០ករណី និងបានចាត់វិធានតាមផ្លូវច្បាប់ចំពោះមេខ្លោង និងអ្នកសមគំនិត ដែលមានជាតិសាសន៍ចម្រុះ បានប្រមាណ៥០០នាក់ ហើយរំពឹងថា នឹងត្រូវបានលុបបំបាត់ទាំងស្រុង ពីកម្ពុជាក្នុងឆ្នាំនេះ
ភ្នំពេញ៖ លោកទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ ប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ បានធ្វើបទបង្ហាញជូនអង្គទូតនៅរាជធានី ភ្នំពេញ អំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមប្រព័ន្ធព័ត៌មានវិទ្យា។ កិច្ចប្រជុំនេះត្រូវបានសម្របសម្រួលដោយ លោកជំទាវ អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីនៃក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ។
លោកទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានសម្តែងការកោតសរសើរដល់ស្ថានបេសកកម្ម និងដៃគូបរទេស ចំពោះការបន្តចូលរួម និងគាំទ្រក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានពង្រីកនូវវិសាលភាព និងភាពស្មុគស្មាញ។ លោកបានសង្កត់ធ្ងន់ថា ឧក្រិដ្ឋកម្មនេះគឺជាក្តីកង្វល់សកល ទាមទារការចូលរួមរបស់រាជរដ្ឋាភិបាលនៅគ្រប់កម្រិត និងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រកបដោយប្រសិទ្ធភាព។ លោកបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលុបបំបាត់ប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា តាមរយៈការពង្រឹងការបង្ក្រាបនៅទូទាំងប្រទេស ក្រោមការដឹកនាំដោយផ្ទាល់របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលជាប្រធានគណៈកម្មការ ប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានបង្កើតឡើងនៅដើមឆ្នាំមុន ដើម្បីធានានូវប្រសិទ្ធភាព នៃយុទ្ធនាការនេះ។
លោកទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានជម្រាបជូនអង្គទូតអំពីវឌ្ឍនភាព ដែលសម្រេចបានចាប់តាំងពីឆ្នាំកន្លងទៅ ដោយបានលើកឡើង អំពីការបង្ក្រាបប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំង ប្រទេសបានចំនួន២០០ករណី និងបានចាត់វិធានតាមផ្លូវច្បាប់ចំពោះមេខ្លោង និងអ្នកសមគំនិតដែលមានជាតិសាសន៍ចម្រុះ បានប្រមាណ៥០០នាក់។ អាជ្ញាធរបានឆ្មក់ចូលបង្ក្រាបទីតាំងជាច្រើនកន្លែង និង ហូតវត្ថុតាងឌីជីថលជាច្រើន ក្រោមការគាំទ្រជាជំនួយបច្ចេកទេសពីដៃគូអន្តរជាតិ។
ខណៈដែលសកម្មភាពបង្ក្រាបទាំងនេះ បានឈានដល់ការបណ្តេញជនបរទេសប្រមាណជាង ៨.០០០នាក់ ពីប្រទេសកម្ពុជា អាជ្ញាធរកម្ពុជាកំពុងធ្វើការយ៉ាងយកចិត្តទុកដាក់ ក្នុងការផ្តល់កន្លែងស្នាក់នៅបណ្តោះ អាសន្នសម្រាប់ជនបរទេសជាច្រើនទៀត ដែលត្រូវការឯកសារធ្វើដំណើរ និងការគាំទ្រដល់ការធ្វើមាតុភូមិនិវត្តន៍របស់ពួកគេ ទៅកាន់ប្រទេសកំណើតវិញ។ លោកបានកត់សម្គាល់បន្ថែមទៀតថា បណ្តាញឧក្រិដ្ឋជន បានសម្របខ្លួន ដោយពង្រាយប្រតិបត្តិការទៅជាកន្លែងតូចៗ ឬតាមលំនៅដ្ឋាន ដែលបង្កើតជាបញ្ហាប្រឈមថ្មី ក្នុងការបង្ក្រាប។ ការស៊ើបអង្កេតនៅតែបន្ត ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងតាមដានលំហូរហិរញ្ញវត្ថុ និងកំចាត់បណ្តាញលាងលុយ ដែលជាប់ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។ ឆ្លើយតបទៅនឹងភាព ចន្លោះប្រហោងផ្នែកច្បាប់ កម្ពុជាកំពុងដំណើរការអនុម័តច្បាប់ ស្តីពីការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា សំដៅពង្រឹងនិរន្តរភាព ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ និងការផ្តន្ទាទោសឱ្យបានធ្ងន់ធ្ងរ។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ លោកទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានគូសបញ្ជាក់ អំពីកិច្ចសហការយ៉ាងជិតស្និទ្ធរវាងប្រទេសកម្ពុជា និងដៃគូបរទេសនានា រួមមាន ប្រទេសចិន វៀតណាម សាធារណរដ្ឋកូរ៉េ ជប៉ុន ឥណ្ឌា អូស្ត្រាលី ចក្រភពអង់គ្លេស សហរដ្ឋអាម៉េរិក និងការិយាល័យអង្គការសហប្រជាជាតិប្រឆាំងបទល្មើសគ្រឿងញៀន និងឧក្រិដ្ឋកម្ម (UNODC) ជាដើម។ លោកទេសរដ្ឋមន្ត្រី បាន អំពាវនាវឱ្យបន្តការគាំទ្រលើផ្នែកការកសាងសមត្ថភាព ជំនួយបច្ចេកទេស ការចែករំលែកព័ត៌មាន និងកិច្ចខិតខំប្រឹងប្រែងរួមក្នុងការធ្វើមាតុភូមិនិវត្តន៍។
លោកទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ បានសម្តែងសុទិដ្ឋិនិយមថា តាមរយៈការប្តេជ្ញាចិត្ត យ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា និងកិច្ចសហប្រតិបត្តិការអន្តរជាតិពេញលេញ ប្រតិបត្តិការឆបោកតាម ប្រព័ន្ធបច្ចេកវិទ្យានឹងត្រូវបានលុបបំបាត់ទាំងស្រុង ពីប្រទេសកម្ពុជាក្នុងឆ្នាំនេះ៕
អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ ប៉ក់ សុឃីម