ផ្ទាំងគំនូរ «សិល្បៈដើម្បីសន្តិភាព» ទី២ បង្ហាញពីសង្គ្រាមថៃឈ្លានពានកម្ពុជា និងប្រមាថសាសនាហិណ្ឌូ បានតាំងនៅពីមុខសួនច្បារវត្តបុទុមបវតី
ភ្នំពេញ៖ កាលពីល្ងាចថ្ងៃទី២០ ខែកុម្ភៈម្សិលមិញ ក្រុមការងារនៃគម្រោងសិល្បៈដើម្បីសន្តិ ភាព បានរៀបចំគូផ្ទាំងគំនូរសិល្បៈ ដើម្បីសន្តិភាព នៅរាជធានីភ្នំពេញ ចំណុចសួនច្បារពីមុខវត្តបទុមវតី គឺជាផ្ទាំងគំនូរទី២ បន្ទាប់ពីផ្ទាំងគនូរ នៅខេត្តសៀមរាប។ ការគូគំនូរនេះដែរ ត្រូវប្រើរយៈ ១២ថ្ងៃ ចាប់ពីថ្ងៃទី២០ ខែកុម្ភៈតទៅ។
លោក តាន់ គឹមសួរ ប្រធានគម្រោងសិល្បៈ ដើម្បីសន្តិភាព បានបញ្ជាក់ថា ផ្ទាំងគំនូរសិល្បៈដើម្បីសន្តិភាព នៅរាជធានីភ្នំពេញ គឺជាផ្ទាំងគំនូរទី២ បន្ទាប់ពីផ្ទាំងគំនូរ នៅខេត្តសៀមរាប។លោក បានគូសបញ្ជាក់ពីការបង្ហាញផ្ទាំងទស្សនីយភាពបង្ហាញពីស្នាដៃសិល្បៈ ដែលជាបន្លឺសំឡេងកាន់តែបានឆ្ងាយទៅកាន់ពិភពលោក។
លោក បន្តថា គំនូរនេះបានរំលេចព្រឹត្តិការណ៍សំខាន់ៗជាច្រើន នៅក្នុងព្រឹត្តិការណ៍ថៃ ឈ្លាន ពានប្រទេសកម្ពុជា រួមមានការបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងការប្រមាថ មើលងាយសានាហិណ្ឌូ។
សង្គ្រាមថៃឈ្លានពានកម្ពុជា ក៏បានប៉ះពាល់សាសនាឥស្លាម និងសាសនាកាតូលិកផងដែរ។ បច្ចុប្បន្ននេះ ជនភៀសសឹកជិត ១០ម៉ឺននាក់ ពុំទាន់បានវិលទៅលំនៅដ្ឋាន ពួកគាត់នៅឡើយទេ។
លោក តាន់ គឹមសួរ ប្រធានគម្រោងសិល្បៈដើម្បីសន្តិភាព បានឱ្យដឹងទៀតថា ផ្ទាំងគំនូរ សិល្បៈដើម្បីសន្តិភាពទី២នេះ មានកម្ពស់ ៥ម៉ែត្រ បណ្តោយ ៣៥ម៉ែត្រ នៅលើសួនច្បារពីមុខវត្តបុទុមបវតី ដែលប្រើប្រាស់រយៈពេលគូគំនូរចំនួន ១២ថ្ងៃ គិតពីថ្ងៃទី២០កុម្ភៈ ឆ្នាំ២០២៦ តទៅ។
ការដាក់បង្ហាញស្នាដាំសិល្ប និងគំនូរដោយឆ្លុះបញ្ចាំងពីតថភាពសង្គម និងសន្តិភាពនេះដែរមានការចូលរួមសហការពីសហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ។
ប្រធានបទ «រូបគំនូរសិល្បៈដើម្បីសន្តិភាព» ដែលមានគោលបំណងបង្ហាញនូវស្លាកស្នាម ការខ្ទេចខ្ទាំ ភាពសោកសៅ និងការឈឺចាប់ដែលបានកើតមានឡើង។ កម្ពុជា ស្គាល់ច្បាស់ពីគុណតម្លៃនៃសន្តិភាព កម្ពុជាប្រឆាំងដាច់ខាតនៃការឈ្លានពាន កម្ពុជាគាំទ្រការដោះស្រាយដោយសន្តិវិធី និងអំពាវនាវឱ្យគោរពច្បាប់អន្តរជាតិ។
ការចូលរួមក្នុងគម្រោងនេះ បានឆ្លុះបញ្ចាំងពីបេសកកម្មរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងការលើកកម្ពស់ការរួបរួមជាតិ ការចូលរួមរបស់យុវជន និងការកសាងសង្គមដែលមានសន្តិភាព និងអភិវឌ្ឍន៍ចីរភាព។ សិល្បៈគឺជាមធ្យោបាយមួយដែលអាចភ្ជាប់មនុស្សគ្រប់ស្រទាប់ឲ្យក្លាយជាធ្លុងមួយ។
គម្រោងនេះ បានបើកវេទិកាឲ្យយុវជន សិល្បករ និងសាធារណជន ចូលរួមបង្ហាញគំនិត និងសារសន្តិភាពរួមគ្នា។ វាបង្ហាញថា ទោះបីមានភាពខុសគ្នាក៏ដោយ ក៏យើងអាចរួមគ្នាកសាងសង្គមដែលមានភាពសុខដុមបាន៕
អត្ថបទ៖ វង សុភ័ក្ត្រ