សង្គម

ស្ត្រីម្នាក់ប្រឌិតរឿងថាចោរប្លន់ ព្រោះភ័យខ្លាចប្តីរករឿង ដោយសាររូបនាងយកលុយទៅជួយសាច់ញាតិដោយមិនឲ្យប្តីដឹង​

image

ស្ទឹងត្រែង៖ ស្ត្រីម្នាក់បានរៀបចំប្រឌិតសាច់រឿងបង្កការភ្ញាក់ផ្អើលដល់អាជ្ញាធរ និងប្រជាពលរដ្ឋជុំវិញ ដោយរាយការណ៍ថា ខ្លួនត្រូវជនមិនស្គាល់មុខប្រើកាំភ្លើងខ្លីចូលក្នុងបន្ទប់ប្លន់យកមាស និងលុយគ្មានសល់ នៅចំណុចភូមិរាជានុកូល១ សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។​ ភ្លាមៗ ក្រោយពីទទួលបាននូវព័ត៌មានពីការប្លន់ប្រដាប់អាវុធនេះ​ អភិបាលខេត្តស្ទឹងត្រែង​ លោក សរ សុពុត្រា បានដាក់បទបញ្ជាយ៉ាងមុឹងមាត់ដល់កម្លាំងសមត្ថកិច្ច កងរាជអាវុធហត្ថ និងកម្លាំងនគរបាល រួមទាំងកម្លាំងចារកម្មថែមទៀត ដើម្បីចុះស្រាវជ្រាវស៊ើបអង្កេតជាបន្ទាន់លើបទល្មើសមួយនេះ។
ក្រោយពីចំណាយពេលវេលាស៊ើបអង្កេតអស់រយៈពេលជាងកន្លះខែរួចមក ជាលទ្ធផលត្រូវបានបញ្ជាក់ថា មិនមែនជាអំពើប្លន់ប្រដាប់អាវុធពិតប្រាកដឡើយ ប៉ុន្តែជាការប្រតិដ្ឋសាច់រឿងទៅវិញ ដោយសាររូបនាងភ័យខ្លាចប្តីរករឿង ព្រោះបានយកលុយទៅជួយសាច់ញាតិ។
លោកឧត្តមសេនីយ៍ត្រី សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង​ បានឲ្យដឹងថា កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ មានស្ត្រីម្នាក់ឈ្មោះ ហាក់ គឹមហួយ អាយុ២៥ឆ្នាំ មានមុខរបរលក់ឥវ៉ាន់ចាប់ហួយនៅផ្ទះ បានមកដាក់ពាក្យបណ្តឹង​ ថាគាត់ត្រូវជនសង្ស័យប្រើកាំភ្លើងខ្លីធ្វើសកម្មភាពប្លន់យកអស់មាសសុទ្ធ១តម្លឹង៣ជី រួមនឹងខ្សែដៃ កងដៃ គិតជាលុយចំនួន៣លានរៀល(៣.០០០.០០០រៀល) ព្រមទាំងលុយសុទ្ធចំនួន​ ៧លានរៀលថែមទៀត (៧.០០០.០០០រៀល)។ ការណ៍នេះកម្លាំងអាវុធហត្ថបានធ្វើការយ៉ាងមុឹងម៉ាត់បំផុតអស់រយៈពេលជាច្រើនថ្ងៃ ដើម្បីកំណត់មុខសញ្ញាក្រុមចោរប្លន់ប្រដាប់អាវុធទាំងនោះ។ លុះដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៦ ទើបរកឃើញការពិតមួយថា វាជារឿងប្រឌិត​ មិនមែនជាករណីមានចោរប្លន់ប្រដាប់អាវុធនោញទេ។
នៅចំពោះមុខសមត្ថកិច្ច និងក្រុមអ្នកសារព័ត៌មាន ស្ត្រីរូបនេះ បានសារភាពថា ពុំមានករណីប្លន់ប្រដាប់អាវុធ ដូចដែលរូបនាងបានមកដាក់ពាក្យប្តឹងនោះទេ វាជារឿងប្ឌិត​ ព្រោះដោយសារតែនាងភ័យខ្លាចប្តីរករឿង ដោយសារតែបានយកលុយទៅជួយសាច់ញាតិរបស់ខ្លួន មិនឲ្យប្តីដឹង។ នាងបានយកលុយទាំងនោះទៅជួយជួយបងស្រីបង្កើតដែលជាមេម៉ាយមានកូន​ ៤នាក់ ដើម្បីបើកមុខរបររកសុី និងមួយចំនួនទៀតបាន​ផ្ញើទៅព្យាបាលឪពុកម្តាយដែលមានជំងឺចាស់ជរានៅឯប្រទេសវៀតណាម។
ចំពោះករណីប្រឌិតសាច់រឿងបែបនេះ បើយោងតាម ក្រមព្រហ្មទណ្ឌ ត្រង់មាត្រា៥២៤ ចែងថា​ ការប្ដឹងភូតកុហកដល់អាជ្ញាធរមានសមត្ថកិច្ច ឬអាជ្ញាធរតុលាការ នាំឱ្យមានការស៊ើបអង្កេតឥតប្រយោជន៍ ជននោះត្រូវមានទោសកំហុសត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី១ (មួយ)ខែ ដល់៦(ប្រាំមួយ)ខែ និងពិន័យជាប្រាក់ពី ១០០,០០០ (មួយសែន) រៀល ដល់ ១,០០០,០០០ (មួយលានរៀល)។
តែទោះយ៉ាងនេះក្តី ក្រោយពីធ្វើកិច្ចសន្យាបញ្ឈប់ទង្វើភូតកុហកបែបនេះ រូបនាងត្រូវបានឲ្យវិលត្រឡប់ទៅជួបជុំគ្រួសារវិញ ដោយមានការសណ្តោសប្រណីពីសំណាក់លោក​ សរ សុពុត្រា អភិបាលខេត្ត លោក​ កែវ សុធា ប្រធានព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង និងលោកឧត្តមសេនីយ៍ត្រី​ សេង សុភាព មេបញ្ជាការកងរាជអាវុធហត្ថខេត្តផងដែរ៕
ដោយ៖​ ម៉ាក មេត្តា