ព័ត៌មានអន្តរជាតិ

ក្រោយតុលាការចេញសាលក្រម លោក ត្រាំ ក៏ស្រាប់តែប្រកាសដំឡើងពន្ធនាំចូលជាសកលពី ១០% ទៅ ១៥%

image

សហរដ្ឋអាម៉េរិក៖ ប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃសៅរ៍ថា លោកនឹងដំឡើងពន្ធនាំចូលបណ្ដោះអាសន្នលើទំនិញពីគ្រប់ប្រទេសទាំងអស់ពី ១០% ទៅ ១៥% ដែលជាកម្រិតអតិបរមាអនុញ្ញាតដោយច្បាប់ បន្ទាប់ពីតុលាការកំពូលសហរដ្ឋអាម៉េរិកបានច្រានចោលកម្មវិធីពន្ធមុនរបស់លោក ។


ត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតុលាការកំពូលបានសម្រេចលុបចោលកម្មវិធីពន្ធចាស់ ដោយសារតែរកឃើញថា លោក ត្រាំ ប្រើអំណាចរំលោភបំពានលើច្បាប់ លោកប្រធានាធិបតីក៏បានតបតវិញភ្លាមៗ ដោយកាលពីថ្ងៃសុក្រ លោកបានប្រកាសដាក់ពន្ធ ១០% ហើយមិនទាន់បាន ២៤ ម៉ោងផង លោកក៏បានសម្រេចដំឡើងអត្រាពន្ធឱ្យឡើងដល់ ១៥% តែម្ដង ។


ការដាក់ពន្ធថ្មីនេះ គឺផ្អែកលើច្បាប់មួយផ្សេងទៀតហៅថា «មាត្រា ១២២» (Section 122) ដែលអនុញ្ញាតឱ្យដាក់ពន្ធដល់ ១៥% ប៉ុន្តែតម្រូវឱ្យមានការយល់ព្រមពីសភា ប្រសិនបើចង់បន្តពន្ធនេះលើសពី ១៥០ ថ្ងៃ។ កន្លងមក មិនទាន់មានប្រធានាធិបតីរូបណាធ្លាប់ប្រើច្បាប់នេះឡើយ ហើយវាអាចនឹងប្រឈមនឹងការប្ដឹងផ្ដល់តាមផ្លូវច្បាប់បន្ថែមទៀត ។


អ្នកជំនាញ បង្ហាញមន្ទិលសង្ស័យថា សភាដែលគ្រប់គ្រងដោយបក្សសាធារណរដ្ឋ ប្រហែលជាមិនព្រមពន្យារពេលពន្ធនេះទេ ដោយសារតែការស្ទង់មតិបង្ហាញថា ប្រជាជនអាម៉េរិកកាន់តែច្រើនបានបន្ទោសថាពន្ធនេះធ្វើឱ្យទំនិញឡើងថ្លៃ ។


តាមរយៈសារនៅលើបណ្ដាញសង្គម លោក ត្រាំ បានលើកឡើងថា លោកនឹងប្រើរយៈពេល ១៥០ ថ្ងៃនេះ ដើម្បីរៀបចំដាក់ពន្ធផ្សេងទៀតដែលស្របច្បាប់។ លោកបានបញ្ជាក់ច្បាស់ៗថា ប្រទេសជាច្រើនបាន «បោកប្រាស់» អាម៉េរិកអស់រាប់ទសវត្សរ៍មកហើយ ដូច្នេះលោកត្រូវតែដំឡើងពន្ធឱ្យដល់កម្រិត ១៥% នេះតែម្ដង។ ទោះជាយ៉ាងណាក្ដី អាម៉េរិកក៏មានការលើកលែងពន្ធលើទំនិញមួយចំនួនដូចជា រ៉ែសំខាន់ៗ លោហធាតុ និងផលិតផលថាមពលផងដែរ ។
ក្នុងនោះ មេដឹកនាំបរទេសមួយចំនួន បានអបអរសាទរចំពោះសាលក្រមតុលាការដែលបានទប់ស្កាត់អំណាចរបស់លោក ត្រាំ។

ប្រធានាធិបតីបារាំង លោក អ៊ែមម៉ានូអ៊ែល ម៉ាក្រុង (Emmanuel Macron) បានលើកឡើងថា វាជារឿងល្អសម្រាប់លទ្ធិប្រជាធិបតេយ្យដែលមានតុល្យភាពអំណាច។ ចំណែកអធិការបតីអាល្លឺម៉ង់ លោក ហ្វ្រ៊ែឌ្រីច ម៊ើស (Friedrich Merz) សង្ឃឹមថាការសម្រេចនេះ នឹងជួយសម្រាលបន្ទុកក្រុមហ៊ុនអាល្លឺម៉ង់ ហើយលោកគ្រោងនឹងទស្សនកិច្ចនៅសហរដ្ឋអាម៉េរិកដើម្បីបញ្ជាក់ជាមួយមេដឹកនាំអាម៉េរិក អំពីផលប៉ះពាល់ព័ន្ធនឹងការដំឡើងពន្ធគយ ។


ទោះជាយ៉ាងណាក៏ដោយ តំណាងពាណិជ្ជកម្មអាម៉េរិក បានបញ្ជាក់ថា ប្រទេសដែលបានព្រមព្រៀងកិច្ចសន្យារួចហើយ ត្រូវតែគោរពតាមកិច្ចសន្យានោះ ទោះបីជាត្រូវបង់ពន្ធខ្ពស់ជាង ១៥% ក៏ដោយ។ ជាក់ស្ដែង ទំនិញនាំចេញពីប្រទេសដូចជា ម៉ាឡេស៊ី និងកម្ពុជា ទំនងជានឹងត្រូវបន្តបង់ពន្ធក្នុងអត្រា ១៩% ដដែលតាមការចរចា ទោះបីជាអត្រាពន្ធទូទៅទាបជាងនេះក៏ដោយ។ បញ្ហានេះ កំពុងក្លាយជាប្រធានបទក្ដៅសម្រាប់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកាខាងមុខ ខណៈប្រជាជនអាម៉េរិកបារម្ភពីរឿងទំនិញឡើងថ្លៃ ៕


ប្រែសម្រួល៖ ឡេង លាងហេង


ប្រភព៖ REUTERS | រូបភាព៖ Evan Vucci, Damian Dovarganes, Sue Ogrocki via AP/ Mike Blake via REUTERS