ព័ត៌មានអន្តរជាតិ

ទុរេនម៉ាឡេស៊ី កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង

image

ម៉ាឡេស៊ី៖ ទុរេនពីប្រទេសម៉ាឡេស៊ី ក្នុងនាមជាផលិតផលលំដាប់ខ្ពស់ (Premium) កំពុងតែចាប់ផ្ដើមមានឥទ្ធិពលនៅក្នុងទីផ្សារប្រទេសកូរ៉េខាងត្បូង ដោយទាក់ទាញចិត្តអ្នកដែលចូលចិត្តសាកល្បងអាហារប្លែកៗ និងអ្នកទិញទំនិញតាមអនឡាញ ។


ក្នុងនាមជាទំនិញនាំចូលមានតម្លៃថ្លៃ ទុរេនបង្កកប្រភេទ «ម៊ូសាំងឃីង» (Musang King) ពីម៉ាឡេស៊ី ជាទូទៅត្រូវបានលក់ក្នុងតម្លៃប្រហែល ៦៤ ដុល្លារក្នុងមួយគីឡូក្រាម នៅលើប្រព័ន្ធអនឡាញ។ យោងតាមមតិនៅលើបណ្ដាញសង្គម អះអាងថា ផ្លែឈើនេះត្រូវបានចាត់ទុកថាជាផលិតផលប្លែក និងថ្មីសម្រាប់ទីផ្សារ ជាពិសេសនៅពេលដែលគេយកវាទៅធ្វើជាបង្អែម ។


ប្រធានពាណិជ្ជកម្មម៉ាឡេស៊ីប្រចាំទីក្រុងសេអ៊ូល លោក មហាម៉ាត់ ទ័រមីហ្ស៊ិ ភៀ (Mohamad Termizi Piee) បានលើកឡើងថា ទោះបីជាបរិមាណលក់នៅមានកម្រិតទាប ប៉ុន្តែវាបានបង្ហាញពីការចាប់ផ្ដើមសាកល្បងទិញ និងតម្រូវការពីក្រុមអតិថិជនជាក់លាក់មួយ។ ដោយសារតែការផ្គត់ផ្គង់នៅមានកម្រិត ទុរេនបង្កកទាំងនេះច្រើនលក់តាមរយៈទីផ្សារអនឡាញ ជាជាងដាក់លក់តាមផ្សារទំនើបធំៗ ។


បច្ចុប្បន្ន ម៉ាឡេស៊ីនាំចេញទុរេនទៅកាន់ទីផ្សារជាង ៤០ ប្រទេស រួមមាន កាណាដា ជប៉ុន និងអារ៉ាប់រួមជាដើម។ ការនាំចេញទៅកូរ៉េខាងត្បូង បានកើនឡើងគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ ពោលគឺកើនពីជិត ០,២៤ តោនក្នុងឆ្នាំ ២០២៣ រហូតដល់ ៨,៣១ តោនក្នុងឆ្នាំ ២០២៤។ ក្នុងនោះ ប្រទេសចិននៅតែជាទីផ្សារលេខមួយរបស់ម៉ាឡេស៊ី ប៉ុន្តែការងាកមកពង្រីកទីផ្សារកូរ៉េខាងត្បូង គឺជាយុទ្ធសាស្ត្រពង្រឹងកំណើនសេដ្ឋកិច្ចដ៏សំខាន់មួយទៀត ។


ទោះជាបែបណាក្ដី កសិករនៅម៉ាឡេស៊ីកំពុងជួបប្រទះបញ្ហានៃការសល់ទុរេនយ៉ាងច្រើនលើសលប់ ដែលពួកគេហៅថា «រលកយក្សស៊ូណាមិទុរេន»។ បញ្ហានេះបានធ្វើឱ្យតម្លៃទុរេនមូសាំងឃីងធ្លាក់ចុះយ៉ាងខ្លាំង មកត្រឹមតែប្រហែល ២,៥ ដុល្លារអាម៉េរិក (១០ រីងហ្គីត) ក្នុងមួយគីឡូក្រាមនៅក្នុងតំបន់ខ្លះ ខណៈធម្មតាមានតម្លៃចន្លោះពី ១៥ ទៅ ២០ ដុល្លារអាម៉េរិក។ ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីក្រសួងកសិកម្មម៉ាឡេស៊ី ជឿជាក់ថា ស្ថានភាពនេះគឺជារឿងបណ្ដោះអាសន្នប៉ុណ្ណោះ ហើយទុរេននឹងនៅតែជាប្រភពចំណូលសេដ្ឋកិច្ចដ៏ខ្លាំងក្លារបស់ប្រទេស ៕


ប្រែសម្រួល៖ ឡេង លាងហេង


ប្រភព៖ The Star via VN Express International | រូបភាព៖ BT FILE via The Straits Times File/ AFP via VN Express International