ព័ត៌មានជាតិ

បណ្តាអង្គទូត និងអង្គការអន្តរជាតិ ចុះពិនិត្យជាក់ស្តែង ទីតាំងយោធាថៃឈ្លានពាន និងស្ថានភាពជនភៀសសឹក នៅភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន

image

បន្ទាយមានជ័យ៖ នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បណ្តាអង្គទូតចំនួន ២៣ប្រទេស រួមមាន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស សហភាពអឺរ៉ុប កាណាដា សិង្ហបុរី ម៉ាឡេស៊ី រុស្សី ជប៉ុន អាល្លឺម៉ង់ ឥណ្ឌា ជាដើម និងអង្គការអន្តរជាតិ ចំនួន២ទៀតគឺ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) និងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បានចុះទៅដល់ភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ជាទីដែលយោធាថៃ បានឃាំងទូរកុងតឺន័រ និងរាយលួសបន្លា ព័ទ្ធយកដីលំនៅឋាន និងផ្ទះសម្បែងប្រជាពលរដ្ឋ ដែលជាជនស៊ីវិល ក្រោយបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ការរចុះពិនិត្យជាក់ស្ដែងអំពីស្ថានភាពយោធាថៃឈ្លានពានអធិបតេយ្យភាពកម្ពុជានេះ ដឹកនាំដោយ លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ក្និងឱកាសនោះ លោក អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ បានរៀបរាប់ប្រាប់អំពីដំណើររឿងដែលយោធាថៃបានរំលោភបំពានកាន់កាប់ ភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន លើផ្ទៃដីសរុប ១.០២៦ហិកតា ដោយបានកាន់កាប់ដីលំនៅឋាន និងផ្ទះសម្បែងប្រជាពលរដ្ឋ ដែលជាជនស៊ីវិល ដោយការហ៊ុំព័ទ្ធលួសបន្លា និងទូរកុងតឺន័រ ជាការរំលោភច្បាប់អន្តរជាតិ។ នៅភូមិជោគជ័យយោធាថៃ បានដាក់ទូកុងតឺន័រ ចំនួន៤ទីតាំង ដែលមានសរុប ១៦កុងតឺន័រ ដោយរំលោភបំពានកាន់កាប់ផ្ទៃដីជិត ៤០០ហិកតា។ ចំណែកភូមិព្រៃចាន់ យោធាថៃបានរំលោភបំពានកាន់កាប់ លើផ្ទៃដី៤២ហិកតា ដោយការដាក់ទូកុងតឺន័រ ចំនួន៣ទីតាំង ដែលមានសរុប ៦៣កុងតឺន័រ។ ដោយឡែកនៅតំបន់បឹងត្រកួន ដែលមាន ៤ភូមិ ដោយយោធាថៃបានរំលោភបំពានកាន់កាប់ និងបានដាក់ទូកុងតឺន័រ ចំនួន ១៣ទីតាំង ដែលមានសរុប ២៦កុងតឺន័រ លើផ្ទៃដី ៥៨៤ហិកតា។

លោក អ៊ុំ រាត្រី បានបញ្ជាក់ កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ពោលគឺ ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់ កងកម្លាំងយោធាថៃ បានបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង (fait accompli) តាមរយៈការរាយបន្លាលួស ដាក់ទូកុងតឺន័រ និងបំផ្លាញផ្ទះប្រជាពលរដ្ឋ ជាដើម ដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត។ ការណ៍នេះរាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាបន្តបន្ទាប់ដោយប្រឆាំងដាច់ខាតនឹងសកម្មភាពឈ្លានពានដោយកម្លាំងយោធាថៃ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ តាមរយៈការប្រើប្រាស់កម្លាំង៕