ក្រុមប្រឹក្សាជាតិគាំពារសង្គម បំពាក់ថ្នាលឌីជីថលសម្រាប់មន្ត្រីអនុវត្តកម្មវិធីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ
កំពត៖ ក្រុមប្រឹក្សាជាតិគាំពារសង្គម បានផ្តល់ជូនសម្ភារឌីជីថលសម្រាប់បម្រើដល់ការចុះបញ្ជីពលរដ្ឋគោលដៅ ដើម្បីទទួលបានសេវាគាំពារសង្គមដល់រដ្ឋបាលឃុំ-សង្កាត់ទាំង៩៣ នៅខេត្តកំពត។ ការដាក់ឱ្យអនុវត្តថ្នាលឌីជីថលគាំពារសង្គមនេះ ដើម្បីឆ្លើយតបទៅនឹងគ្រោះអាសន្ន និងលើកកម្ពស់អភិបាលកិច្ចឌីជីថលក្នុងទិសដៅប្រែក្លាយប្រព័ន្ធគាំពារសង្គមកម្ពុជាទាំងមូល ឱ្យក្លាយជាប្រព័ន្ធមួយដែលមានភាពប្រទាក់ក្រឡាគ្នាល្អ និងមានប្រសិទ្ធភាពខ្ពស់សម្រាប់ការអនុវត្តរយៈពេលវែង។
ថ្លែងនៅក្នុងពិធីប្រគល់ទទួលសម្ភារចុះបញ្ជីសម្រាប់ថ្នាលឌីជីថលគាំពារសង្គម ដែលបានរៀបចំឡើងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រី ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម មានប្រសាសន៍ថា ការបំពាក់ថ្នាលឌីជីថលដ៏ទំនើប សម្រាប់មន្ត្រីអនុវត្តកម្មវិធីនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងការបំពាក់សម្ភារចុះបញ្ជីឌីជីថលបន្ថែមលើថេប្លែតដែលត្រូវបានផ្តល់ជូននាពេលកន្លងទៅនេះ ជាការធ្វើទំនើបកម្ម និងការធ្វើឌីជីថលូបនីយកម្ម ដល់កម្រិតអ្នកអនុវត្តផ្ទាល់នៅថ្នាក់ក្រោមជាតិដែលមិនធ្លាប់មានពីមុនមកនោះ។សមិទ្ធផលទាំងនេះ នឹងរួមចំណែកដល់ការសម្រេចបាននូវរដ្ឋាភិបាលឌីជីថល ក្នុងពេលខាងមុខ ពិសេសការបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាគាំពារសង្គម សំដៅកាត់បន្ថយជាអតិបរមានូវប្រតិបត្តិការចុះបញ្ជី និងបើកផ្តល់អត្ថប្រយោជន៍ស្ទួន ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថលច្រើនកន្លែង និងការអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលមានមុខងារស្រដៀងគ្នា និយាយជារួម និងនិយាយដោយឡែក សំដៅ «កាត់បន្ថយជាអតិបរមានូវការបែកខ្ញែកនៃការគ្រប់គ្រងទិន្នន័យគាំពារសង្គមបែបវិមជ្ឈការ ត្រៀមលក្ខណៈឆ្លើយតបទៅនឹងគ្រោះអាសន្ន និងលើកកម្ពស់អភិបាលកិច្ចឌីជីថល ក្នុងទិសដៅប្រែក្លាយប្រព័ន្ធគាំពារសង្គមកម្ពុជាទាំងមូលឱ្យក្លាយជាប្រព័ន្ធមួយដែលមានភាពប្រទាក់ក្រឡាគ្នាល្អ និងមានប្រសិទ្ធភាពខ្ពស់សម្រាប់ការអនុវត្តរយៈពេលវែង”។ ប្រព័ន្ធចុះបញ្ជី និងគ្រប់គ្រងទិន្នន័យរបស់ប្រតិបត្តិករគាំពារសង្គម ដែលអនុញ្ញាតឱ្យមានការចែករំលែកទិន្នន័យគ្នាទៅវិញទៅមកលើថ្នាលឌីជីថលរួម សំដៅផ្សារភ្ជាប់ប្រព័ន្ធទាំងអស់ឱ្យក្លាយជាប្រព័ន្ធអេកូឡូស៊ីរួម។
ក្នុងឱកាសនោះ លោកស្រីបានណែនាំដល់អ្នកអនុវត្តទាំងអស់ចំនួន ៤ចំណុច រួមមាន ១. បន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងក្រសួង ស្ថាប័ន និងភាគីពាក់ព័ន្ធ ដើម្បីធានាជោគជ័យក្នុងការកសាងប្រព័ន្ធគាំពារសង្គមឌីជីថលពេញលេញ និងពង្រីកការអនុវត្តជាបន្តបន្ទាប់ទូទាំងប្រទេស។ ២. ប្រើប្រាស់ថ្នាលឌីជីថលគាំពារសង្គមកម្ពុជាឱ្យមានប្រសិទ្ធភាពសម្រាប់ការចុះបញ្ជី កាត់បន្ថយបន្ទុកមន្ត្រីមូលដ្ឋាន និងបន្តតាមដានវាយតម្លៃដោយសហការជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ និងមន្ត្រីឃុំ-សង្កាត់។ ៣. លេខាធិការដ្ឋានទទួលបន្ទុកបរិវត្តកម្មឌីជីថល ត្រូវបន្តពង្រឹងសមត្ថភាពប្រព័ន្ធ និងធ្វើសុខដុមនីយកម្មមុខងារចុះបញ្ជីទាំងកម្មវិធីជំនួយសង្គម និងរបបសន្តិសុខសង្គម ព្រមទាំងគាំទ្រ និងដោះស្រាយបញ្ហាជូនមន្ត្រីថ្នាក់ក្រោមជាតិ។ ៤. លើកទឹកចិត្តរដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសមន្ត្រីឃុំ-សង្កាត់ បង្កើនប្រសិទ្ធភាពផ្តល់សេវាគាំពារសង្គមដោយប្រើប្រាស់ថ្នាលឌីជីថល និងសម្ភារៈដែលបានផ្តល់ជូន។
ក្នុងឱកាសនោះដែរ លោក តាក ហាប់ ប្រធានក្រុមប្រឹក្សាខេត្តកំពត បានបញ្ជាក់ថា បច្ចុប្បន្នខេត្តកំពត បាននិងកំពុងអនុវត្តកម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ ដោយបានឧបត្ថម្ភទៅលើគ្រួសារក្រីក្រចំនួន ៣០.៤៤៣គ្រួសារ ក្នុងនោះមានស្ត្រីមានផ្ទៃពោះចំនួន ២.១៤៦នាក់ កុមារអាយុក្រោម ២ឆ្នាំចំនួន ៧៦០នាក់ ជនចាស់ជរាចំនួន ១៦.៩៧០នាក់ ជនមានពិការភាពចំនួន ៣.៨២៨នាក់ អ្នកផ្ទុកមេរោគ និងជំងឺអេដស៍ចំនួន ៤១០នាក់ និងកម្មវិធីអាហារូបករណ៍សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅមានសិស្សចំនួន ១២.២៥៤នាក់។
ក្រុមប្រឹក្សាជាតិគាំពារសង្គមបានផ្តល់ជូនសម្ភារឌីជីថលសម្រាប់បម្រើដល់ការចុះបញ្ជីជូនដល់ឃុំ-សង្កាត់ទាំង៩៣ ក្នុងខេត្តកំពត ដោយក្រុង-ស្រុកនីមួយៗទទួលបានចំនួន ១ឈុតសម្រាប់ឃុំ/សង្កាត់ ក្នុងនោះរួមមាន កុំព្យូទ័រយួរដៃ, កាមេរ៉ាថតផ្ទៃមុខ និងឯកសារ, ម៉ាស៊ីនស្កែនក្រយៅដៃ និងម៉ាស៊ីនបោះពុម្ពខ្នាតតូច៕
អត្ថបទ៖ វង្ស សុធារម្យ