ពលរដ្ឋភៀសសឹកនៅខេត្តបន្ទាយមានជ័យជិត៣០០០គ្រួសារ បន្តស្នាក់នៅមណ្ឌលសុវត្ថិភាព ដោយសារអំពើឈ្លានពានបស់យោធាថៃ
បន្ទាយមានជ័យ៖ យោងតាមរបាយការណ៍រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបង្ហាញប្រាប់បណ្តាអង្គទូតចំនួន ២៣ប្រទេស នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថាមកទល់នឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ មានប្រជាពលរដ្ឋចំនួន ២.៩៤៤គ្រួសារ ស្មើនឹងចំនួនមនុស្សជាង ១ម៉ឺននាក់ បានបន្តស្នាក់នៅទីទួលសុវត្ថិភាពបណ្ដោះអាសន្ន ខណៈដែលផ្ទះរបស់គេត្រូវបានបំផ្លាញ និងហ៊ុមព័ទ្ធ ដោយលួសបន្លា និងទូកុងតឺន័ររបស់យោធាថៃ ក្នុងអំឡុងពេលយោធាថៃ បើកការឈ្លានពានមកលើទឹកដីកម្ពុជា លើកទី២ កាលពីថ្ងៃទី៨ ដល់ថ្ងៃទី២៧ខែធ្នូ ឆ្នាំ២០២៥ និងក្រោយការអនុវត្តបទឈប់បាញ់ជាធរមាន។
របាយការណ៍នេះ លោក អ៊ំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ប្រាប់ដល់បណ្តាអង្គទូតសហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស សហភាពអឺរ៉ុប កាណាដា សិង្ហបុរី ម៉ាឡេស៊ី រុស្សី ជប៉ុន អាល្លឺម៉ង់ ឥណ្ឌា ជាដើម និងអង្គការអន្តរជាតិ ចំនួន២ទៀតគឺ អង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) និងអង្គការទេសន្តរប្រវេសន៍អន្តរជាតិ (IOM) បានចុះទៅដល់ភូមិជោគជ័យ ភូមិព្រៃចាន់ និងតំបន់បឹងត្រកួន ជាទីដែលយោធាថៃ បានឃាំងទូរកុងតឺន័រ និងរាយលួសបន្លា ព័ទ្ធយកដីលំនៅឋាន និងផ្ទះសម្បែងប្រជាពលរដ្ឋ ដែលជាជនស៊ីវិល ក្រោយបទឈប់បាញ់ចូលជាធរមាន កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ការរចុះពិនិត្យជាក់ស្ដែងអំពីស្ថានភាពយោធាថៃឈ្លានពានអធិបតេយ្យភាពកម្ពុជានេះ ដឹកនាំដោយ លោកស្រី អ៊ាត សោភា រដ្ឋមន្ត្រីស្តីទីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោក អ៊ំ រាត្រី ក៏បានឱ្យដឹងដែរថា ទន្ទឹមនេះក៏នៅមានប្រជាពលរដ្ឋចំនួន ៣៦០គ្រួសារ ផ្សេងទៀត បានបន្តស្នាក់នៅផ្ទះសាច់ញាតិ ដោយមិនអាចទាន់ត្រឡប់ទៅផ្ទះវិញបាន។ ចំពោះពលរដ្ឋភៀសសឹកដែលបន្តស្នាក់នៅមណ្ឌលសុវត្ថិភាពនេះ មានស្ត្រីប្រមាណជាង ៦ពាន់នាក់ និងកុមារជាង ៣.៥០០នាក់។
របាយការណ៍រដ្ឋបាលខេត្តបន្ទាយមានជ័យបានបន្តថា ពលរដ្ឋដែលបន្តស្នាក់នៅមណ្ឌលសុវត្ថិភាព មានដូចជា នៅមណ្ឌលវត្តខ្ចាស ស្ថិតក្នុងឃុំបុស្បូវ ស្រុកព្រះនេតព្រះ, វត្តកណ្ដោល និងក្រៅមណ្ឌលវត្តកណ្ដោល ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក, មណ្ឌលសុវត្ថិភាពវត្តចាន់ស៊ី ស្ថិតក្នុងឃុំកូប ស្រុកអូរជ្រៅ និងមួយផ្នែកទៀតនៅក្នុងស្រុកស្វាយចេក៕