មានករណីបំផ្ទុះគ្រាប់បែកអត្តឃាតក្នុងទីក្រុងមូស្គូ បណ្ដាលឱ្យស្លាប់មន្ត្រីម្នាក់ និងជនសង្ស័យម្នាក់
រុស្ស៊ី៖ បើតាមក្រសួងមហាផ្ទៃនៅទីក្រុងមូស្គូ បានឱ្យដឹងថា ហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាតមួយករណី បានកើតឡើងនៅកណ្ដាលរដ្ឋធានីមូស្គូ ប្រទេសរុស្ស៊ី កាលពីព្រឹកព្រលឹមថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ដោយបណ្ដាលឱ្យមន្ត្រីនគរបាលម្នាក់ និងជនដៃដល់ម្នាក់បាត់បង់អាយុជីវិត រួមទាំងមានមន្ត្រី ២ នាក់ផ្សេងទៀតទទួលរងរបួសធ្ងន់។ អាជ្ញាធរឱ្យដឹងថា ជនសង្ស័យ បានដើរទៅជិតរថយន្តល្បាត រួចក៏ចុចបំផ្ទុះឧបករណ៍ផ្ទុះភ្លាមៗនៅក្បែរស្ថានីយរថភ្លើង សាវីយ៉ូឡូស្គី (Savyolovsky) ។
អាជ្ញាធរស៊ើបអង្កេតរុស្ស៊ី បានចាប់ផ្ដើមចុះត្រួតពិនិត្យទីកន្លែងកើតហេតុ និងបើកការស៊ើបអង្កេតជាបន្ទាន់ ប៉ុន្តែរហូតមកដល់ពេលនេះ គេនៅមិនទាន់ស្គាល់អត្តសញ្ញាណពិតប្រាកដរបស់ជនវាយប្រហារ ឬដឹងពីគោលបំណងច្បាស់លាស់នៃការវាយប្រហារដ៏សាហាវនេះនៅឡើយទេ ។
គួររំឭកថា ការវាយប្រហារនេះ បានកើតឡើងចំថ្ងៃដ៏រសើបមួយ ពោលគឺចំថ្ងៃនៃខួបគម្រប់ ៤ ឆ្នាំដែលរុស្ស៊ីបានចាប់ផ្ដើមចូលទៅវាយប្រហារប្រទេសអ៊ុយក្រែន (២៤ កុម្ភៈ ២០២២ - ២៤ កុម្ភៈ ២០២៦)។ ភាពចៃដន្យនៃពេលវេលានេះ បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង ខណៈស្ថានភាពសន្តិសុខក្នុងទីក្រុងមូស្គូ កំពុងស្ថិតក្រោមការរឹតបន្តឹង ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ AP/ VIORY | រូបភាព៖ VIORY/ AP