ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់គ្រប់ក្រុមសម្ដែង ត្រូវតែត្រួតពិនិត្យ និងរៀបចំឡើងវិញ ទាំងកាយវិការទាំងពាក្យសំដីនិយាយ ទាក់ទងនឹងពិធីបុកល័ក្ត

image

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានបន្តបង្ហោះសារលើបណ្តាញទំនាក់ទំនងសង្គម ដោយបានអំពាវនាវដល់គ្រប់ក្រុមសម្ដែង ត្រូវតែត្រួតពិនិត្យ និងរៀបចំឡើងវិញ ទាំងកាយវិការទាំងពាក្យសំដីនិយាយ ទាក់ទងនឹងពិធីបុកល័ក្ត ក្នុងពិធីអាពាហ៍ពិពាហ៍។

សម្តេចតេជោ បានសរសេរថា “ក្បែរភ្លឺយប់មិញខ្ញុំបានបង្ហោះសារទាក់ទងដល់ពិធីបុកល័ក្តដែលមានតួសម្តែងជាខ្មែរឥស្លាម។ ឆ្លងកាត់នូវយោបល់របស់បងប្អូនដែលជាខ្មែរឥស្លាមបង្ហាញឱ្យឃើញថា បងប្អូនមិនបានជំទាស់នឹងការសម្ដែងដែលមានតួសម្ដែងជា
បងប្អូនខ្មែរឥស្លាមនោះទេ។

អ្វីដែលបងប្អូនមិនសប្បាយចិត្តគឺពាក្យពេចន៍ និងឥរិយាបទសម្ដែងខ្លះ ខ្វះការគោរព ចំពោះព្រះរបស់ឥស្លាម ទើបធ្វើឱ្យមានប្រតិកម្ម។”

សម្តេចតេជោ បានអំពាវនាវថា “រឿងនេះសូមបងប្អូនគ្រប់ក្រុមសម្ដែងត្រូវតែត្រួតពិនិត្យនិងរៀបចំឡើងវិញ ទាំងកាយវិការទាំងពាក្យសំដីនិយាយ។

បងប្អូនឥស្លាមទូទាំងពិភពលោកគោរពខ្លាំងណាស់ នូវព្រះអាល់ឡោះដូចនេះមិនអាចសម្ដែងប៉ះពាល់បានទេ។ ដូចនេះបញ្ហានេះ បានចាប់ផ្តើមចេញពីការមិនយល់ពីតួអង្គសម្ដែងឬក្រុមសម្ដែង ដែលទាមទារនូវការកែតម្រូវជាបន្ទាន់ ទាំងពាក្យសំដីទាំងកាយវិការសម្រាប់ការសម្ដែងជៀសវាង ឱ្យខាងតែបាននូវពាក្យពេចន៍ឬកាយវិការខ្វះការគោរព ចំពោះបងប្អូនឥស្លាម។

សូមឱ្យស្មារតីសាមគ្គីភាព រវាងជាតិសាសន៍និងសាសនានៅកម្ពុជាបន្តរីកចម្រើនតទៅមុខទៀត៕”

អត្ថបទ៖ សន ពិសិដ្ឋ