ព័ត៌មានអន្តរជាតិ

តុលាការ ICC បើកសវនាការលើសំណុំរឿងលោក ឌូទើតេ ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ខណៈអ្នកគាំទ្រទាមទារឱ្យដោះលែង

image

ឡាអេ, ហូឡង់ដ៍៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ថា ICC បានចាប់ផ្ដើមសវនាការដំបូង ដើម្បីបង្ហាញភស្តុតាងប្រឆាំងនឹងអតីតប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូទើតេ (Rodrigo Duterte) ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ រដ្ឋអាជ្ញាចោទថា លោកគឺជាអ្នកបញ្ជាផ្ទាល់ឱ្យមានការសម្លាប់មនុស្សរាប់ពាន់នាក់ក្នុងយុទ្ធនាការប្រឆាំងគ្រឿងញៀន ដោយក្នុងនោះរួមមានទាំងកុមារ និងជនស្លូតត្រង់ជាច្រើននាក់ទៀត ។

មេធាវីជនរងគ្រោះ បានបញ្ជាក់ថា គ្រួសារដែលរងគ្រោះនៅតែរស់ក្នុងភាពភ័យខ្លាចជានិច្ច ទោះបីជាលោក ឌូទើតេ ត្រូវបានឃាត់ខ្លួនក៏ដោយ។ ខណៈដែលភាគីការពារក្ដីព្យាយាមអះអាងថាលោកឌូទើតេ កំពុងមានបញ្ហាសុខភាព និងស្ថានភាពចុះខ្សោយនៃការចងចាំក៏ដោយ ប៉ុន្តែតុលាការបានសម្រេចថា លោកនៅតែអាចតតាំងក្ដីតាមផ្លូវច្បាប់បាន ។

ស្ថិតនៅខាងមុខតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC ក្នុងទីក្រុងឡាអេ ក៏មានការតវ៉ាពីក្រុមអ្នកគាំទ្រលោក ឌូទើតេ ផងដែរ ដោយពួកគេបានទាមទារឱ្យតុលាការដោះលែង និងបញ្ឈប់ការលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់ហ្វីលីពីន។ អ្នកគាំទ្រជឿជាក់ថា សកម្មភាពកន្លងមករបស់លោក ឌូទើតេ គឺជាការចាំបាច់ដើម្បីបោសសម្អាតគ្រឿងញៀន និងធ្វើឱ្យប្រទេសជាតិមានសណ្ដាប់ធ្នាប់ និងសុវត្ថិភាពឡើងវិញ ។

សំណុំរឿងដ៏រសើបនេះ កំពុងស្ថិតនៅក្នុងដំណាក់កាលពិនិត្យភស្តុតាង បន្ទាប់ពីលោក ឌូទើតេ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅកាន់តុលាការ ICC កាលពីឆ្នាំ ២០២៥ ដោយក្នុងរយៈពេល ២ ខែទៀត ពិភពលោកនឹងបានដឹងថា តើអតីតមេដឹកនាំដ៏មានឥទ្ធិពលរូបនេះ នឹងត្រូវប្រឈមមុខនឹងការកាត់ទោសជាផ្លូវការ ឬក៏ត្រូវដោះលែងឱ្យត្រឡប់ទៅស្រុកកំណើតវិញ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ INQUIRER.net/ VIORY