តើពន្ធគយអាម៉េរិក ១៩% លើទំនិញកម្ពុជា នឹងត្រូវបានលុបចោលដោយស្វ័យប្រវត្តិ បន្ទាប់ពីសេចក្តីសម្រេចរបស់តុលាការកំពូលអាម៉េរិកដែរឬទេ?
ភ្នំពេញ៖ សេចក្តីសម្រេចថ្មីៗនេះរបស់តុលាការកំពូលសហរដ្ឋអាម៉េរិកដែលរារាំង លោក ប្រធានាធិបតី ដូណាល់ ត្រាំ ពីការប្រើប្រាស់អំណាចបន្ទាន់ដើម្បីដាក់ពន្ធគយយ៉ាងទូលំទូលាយ បានលើកឡើងនូវសំណួរសំខាន់មួយសម្រាប់ប្រទេសកម្ពុជា៖ តើពន្ធគយអាម៉េរិក ១៩% លើការនាំចេញរបស់កម្ពុជានឹងត្រូវបានលុបចោលដែរឬទេ?
នៅក្នុងសេចក្តីសម្រេច ៦-៣ តុលាការកំពូលសហរដ្ឋអាម៉េរិក បានសម្រេចថា លោក ត្រាំ ខ្វះសិទ្ធិអំណាចផ្នែកច្បាប់ក្នុងការដាក់ពន្ធគយជាសកលក្រោមច្បាប់អំណាចសេដ្ឋកិច្ចបន្ទាន់អន្តរជាតិឆ្នាំ ១៩៧៧ (IEEPA)។ ច្បាប់នេះត្រូវបានបង្កើតឡើងដើម្បីដោះស្រាយភាពអាសន្នជាតិ មិនមែនដើម្បីបម្រើជាឧបករណ៍សម្រាប់ពន្ធគយពាណិជ្ជកម្មយ៉ាងទូលំទូលាយនោះទេ។
ជាលទ្ធផល អ្វីដែលហៅថា «ពន្ធគយបដិការ» ដែលដាក់ក្រោមច្បាប់ IEEPA ចាប់ពីអត្រាមូលដ្ឋាន ១០% រហូតដល់ ៣៤% លើប្រទេសចិន ត្រូវបាននិរាករណ៍។ ចំពោះពន្ធគយ ២៥% ដែលអនុវត្តចំពោះប្រទេសកាណាដា ចិន និងម៉ិកស៊ិក ក្រោមច្បាប់នេះដូចគ្នាក៏ត្រូវបានលុបចោលផងដែរ។
ទោះជាយ៉ាងណាក៏ដោយ សេចក្តីសម្រេចនេះមិនប៉ះពាល់ដល់ពន្ធគយដែលដាក់ក្រោមច្បាប់ផ្សេងទៀតទេ រួមទាំងពន្ធលើដែកថែប និងអាលុយមីញ៉ូម។
ចុះពន្ធគយ ១៩% របស់កម្ពុជាវិញ?
យោងតាមមន្ត្រីជាន់ខ្ពស់កម្ពុជាម្នាក់ ស្នើសុំមិនបញ្ចេញឈ្មោះ បានបង្ហើបឲ្យដឹងថា ពន្ធគយ ១៩% លើការនាំចេញរបស់កម្ពុជាទៅកាន់សហរដ្ឋអាម៉េរិកទំនងជាមិនត្រូវបានលុបចោលដោយស្វ័យប្រវត្តិទេ ទោះបីជាមានសេចក្តីសម្រេចរបស់តុលាការកំពូលក៏ដោយ។
ហេតុផល គឺថា អត្រាពន្ធគយបច្ចុប្បន្នរបស់កម្ពុជា គឺជាផ្នែកមួយនៃការយោគយល់គ្នាផ្នែកពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ មិនមែនគ្រាន់តែជាវិធានការបន្ទាន់ឯកតោភាគីក្រោម ច្បាប់ IEEPA នោះទេ។
នៅថ្ងៃទី ២៦ ខែតុលា ឆ្នាំ ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានឈានដល់កិច្ចព្រមព្រៀងមួយដែលបានកាត់បន្ថយពន្ធគយរបស់សហរដ្ឋអាម៉េរិកលើទំនិញកម្ពុជាពី ៤៩% មកត្រឹមប្រហែល ១៩%។ ជាថ្នូរនឹងការនេះ កម្ពុជាបានយល់ព្រមលុបបំបាត់ពន្ធគយលើទំនិញអាម៉េរិកដែលចូលទីផ្សាររបស់ខ្លួន។
ដោយសារតែការរៀបចំនេះ គឺផ្អែកលើក្របខ័ណ្ឌដែលបានចរចាទ្វេភាគី វាត្រូវបានចាត់ទុកថាដាច់ដោយឡែកពីសេចក្តីសម្រេចរបស់តុលាការកំពូល។
តើពន្ធគយ ១៩% នៅតែអាចលុបចោលបានដែរឬទេ?
មន្ត្រីដដែលនេះ បានពន្យល់ថា ពន្ធគយ ១៩% អាចត្រូវបានលុបប្រសិនបើ រដ្ឋាភិបាលទាំងពីរយល់ព្រមគ្នាទៅវិញទៅមកក្នុងការលុបបំបាត់វា ឬភាគីម្ខាងប្រកាសជាផ្លូវការអំពីការផ្លាស់ប្តូរគោលនយោបាយ។ ប៉ុន្តែរហូតមកដល់ពេលនេះ មិនមានការចង្អុលបង្ហាញពីទីក្រុងភ្នំពេញ ឬទីក្រុងវ៉ាស៊ីនតោនថា សកម្មភាពបែបនេះនឹងកើតឡើងនោះទេ។
ទោះជាយ៉ាងណាក៏ដោយ ប្រទេសកម្ពុជា កំពុងបន្តការចរចាដើម្បីស្វែងរកពន្ធគយទាបជាង ១៩% លើការនាំចេញមុខទំនិញអាទិភាពមួយចំនួនដូចជា សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ធ្វើដំណើរជាដើម ព្រោះថា ផលិតផលទាំងនេះមិនប្រកួតប្រជែងដោយផ្ទាល់ជាមួយទំនិញផលិតនៅសហរដ្ឋអាម៉េរិកទេ ដូច្នេះគួរតែមានលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់ការអនុគ្រោះ។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងថា ការនាំចេញរបស់កម្ពុជា ទៅកាន់ទីផ្សារអាម៉េរិក ក្នុងខែមករា ឆ្នាំ២០២៦ មានទំហំទឹកប្រាក់ប្រមាណ ១២៨២លានដុល្លារអាម៉េរិក កើនឡើងក្នុងអត្រាខ្ពស់ដល់ ៤៧,៦% ខណៈកម្ពុជា បាននាំចូលពីអាម៉េរិក មានតម្លៃទឹកប្រាក់ ៣៨លានដុល្លារអាម៉េរិក មានអត្រាកំណើន ៦៣,៥% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។
សូមជម្រាបថា ភ្លាមៗបន្ទាប់ពីការសម្រេចរបស់តុលាការកំពូល កាលពីថ្ងៃទីសុក្រ ទី ២០ខែកុម្ភៈនេះ លោក ត្រាំ បានប្រកាសពន្ធគយសកលថ្មី ១០% ដែលបន្ទាប់មកនៅថ្ងៃសៅរ៍ត្រូវបានកែសម្រួលទៅជាការដំឡើងពន្ធគយពី ១០% ទៅ ១៥% លើទំនិញពីគ្រប់ប្រទេសទាំងអស់។
វិធានការថ្មីនេះផ្អែកលើមាត្រា ១២២ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ ដែលអនុញ្ញាតឱ្យប្រធានាធិបតីដាក់ពន្ធគយរហូតដល់ ១៥% រយៈពេល ១៥០ ថ្ងៃដោយមិនចាំបាច់មានការយល់ព្រមពីសភាជាមុន។ ប៉ុន្តែគ្មានប្រធានាធិបតីមុនៗណាម្នាក់ បានប្រើប្រាស់បទប្បញ្ញត្តិនេះទេ។
អ្នកជំនាញផ្នែកពាណិជ្ជកម្ម និងជំនួយការសភា មានការសង្ស័យថា សភាដែលគ្រប់គ្រងដោយគណបក្សសាធារណរដ្ឋ នឹងមិនពង្រីកពន្ធទាំងនេះឡើយ ដោយសារលទ្ធផលស្ទង់មតិបានបង្ហាញថា ជនជាតិអាម៉េរិកកាន់តែច្រើនឡើង កំពុងស្តីបន្ទោសពន្ធនាំចូលថា ជាមូលហេតុធ្វើឱ្យតម្លៃទំនិញឡើងខ្ពស់៕