ព័ត៌មានជាតិ

កម្ពុជា និងឥណ្ឌូនេស៊ី បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ច ឱ្យកាន់តែរឹងមាំបន្ថែមទៀត

image

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងអធិការកិច្ចកម្ពុជា និងឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំនៅកម្ពុជា បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអធិការកិច្ច ឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ការប្តេជ្ញាចិត្តរួមគ្នានេះ បានធ្វើឡើងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦ ក្នុងជំនួបរវាងលោក សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ជាមួយលោកបណ្ឌិត Santo Darmosumarto ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឥណ្ឌូណេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលកិច្ចពិភាក្សា បានផ្តោតសំខាន់លើការជំរុញ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងវិស័យអធិការកិច្ចរវាងប្រទេសទាំងពីរ។

លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោកឯកអគ្គរដ្ឋទូត ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ដែលបានរីកចម្រើនជាលំដាប់ តាំងពីឆ្នាំ១៩៥៩។ លោករដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះបេសកកម្មការទូតដ៏សកម្មរបស់លោកឯកអគ្គរដ្ឋទូត ដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន រួមទាំងវិស័យសេដ្ឋកិច្ច សង្គម និងសន្តិសុខ ព្រមទាំងឆ្លុះបញ្ចាំងពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការទៅវិញទៅមកទាំងក្នុងកម្រិតតំបន់ និងអន្តរជាតិ។

ភាគីទាំងពីរ បានចែករំលែក និងផ្លាស់ប្តូរទស្សនវិស័យលើបញ្ហាតំបន់ និងសកល រួមទាំងបញ្ហាព្រំដែន ដោយបានបញ្ជាក់នូវជំហររួមគ្នាតែមួយ ចំពោះការដោះស្រាយរាល់វិវាទព្រំដែនតាមរយៈកិច្ចសន្ទនាដោយសន្តិវិធី និងប្រកបដោយមិត្តភាព ដែលអនុលោមតាមច្បាប់អន្តរជាតិ។

ឆ្លៀតក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើការវិវត្តសេដ្ឋកិច្ចរបស់កម្ពុជា តាមរយៈការដាក់ចេញនូវ “យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១” របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងគោលដៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច” ត្រូវបានប្តូរឈ្មោះទៅជា “ក្រសួងអធិការកិច្ច” ដើម្បីពង្រឹងបន្ថែមនូវបេសកកម្មរបស់ខ្លួនក្នុងការដឹកនាំ និងគ្រប់គ្រងវិស័យអធិការកិច្ចនៅកម្ពុជា។ ការកែទម្រង់ស្ថាប័ននេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តឥតឈប់ឈររបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ដើម្បីពង្រឹងអភិបាលកិច្ច និងលើកកម្ពស់ ការផ្តល់សេវាសាធារណៈប្រកបដោយភាពស្អាតស្អំ។ បន្ថែមលើនេះ ក្រសួងអធិការកិច្ចបានដាក់ចេញ និងអនុវត្តនូវ “យុទ្ធសាស្ត្រ ព៤ជ៤” និងគំនិតផ្តួចផ្តើមថ្មីៗ ដែលមានគោលបំណងចូលរួមពង្រឹងស្ថាប័នសាធារណៈ លើកកម្ពស់អភិបាលកិច្ច និងកសាងមូលដ្ឋានគ្រឹះឱ្យកាន់តែរឹងមាំសម្រាប់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព តាមរយៈការជំរុញប្រសិទ្ធភាព គណនេយ្យភាព បរិយាបន្ន យុត្តិធម៌ តម្លាភាព និងអភិបាលកិច្ចល្អ។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានបង្ហាញបំណងក្នុងការពង្រឹងកិច្ចសហការរវាងប្រទេសទាំងពីរលើវិស័យអធិការកិច្ច និងការដោះស្រាយ បណ្ដឹង (Ombudsman) តាមរយៈការចែករំលែកចំណេះដឹង និងការផ្លាស់ប្តូរជំនាញ។

ជាការឆ្លើយតប លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចសហការដ៏ល្អប្រសើរពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងអធិការកិច្ច ដែលធ្វើឱ្យបេសកកម្មការទូតរបស់ លោកទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។

លោកឯកអគ្គរដ្ឋទូត ក៏បានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត របស់ខ្លួនក្នុងការបន្តពង្រឹងទំនាក់ទំនង និងទំនុកចិត្តរវាងប្រទេសទាំងពីរ ជាពិសេសការជំរុញកិច្ចសហការក្នុង វិស័យអធិការកិច្ច និងការចូលរួមរបស់វិស័យឯកជននៃប្រទេសទាំងពីរ៕