ព័ត៌មានអន្តរជាតិ

គ្រោះរញ្ជួយដីកម្រិត ៥,៦ រ៉ិចទ័រ វាយប្រហារតៃវ៉ាន់ ប៉ុន្តែមិនមានសេចក្តីរាយការណ៍អំពីការខូចខាតឡើយ

image

តៃវ៉ាន់៖ រដ្ឋបាលឧតុនិយមរបស់តៃវ៉ាន់ បានឱ្យដឹងថា គ្រោះរញ្ជួយដីកម្រិត ៥,៦ រ៉ិចទ័រ បានកើតឡើងនៅឆ្នេរសមុទ្រខេត្តអ៊ីឡាន (Yilan) ភាគឦសានកោះតៃវ៉ាន់ នៅថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ ប៉ុន្តែមិនមានសេចក្តីរាយការណ៍អំពីការខូចខាតណាមួយនោះទេ ។


រំញ័រនៃគ្រោះរញ្ជួយដីនេះ បានធ្វើឱ្យអគារនានានៅក្នុងទីក្រុងតៃប៉ិ ហាក់រង្គើមួយសន្ទុះ។ អាជ្ញាធរឧតុនិយម បញ្ជាក់ថា គ្រោះរញ្ជួយដីនេះមានជម្រៅ ៦៦,៨ គីឡូម៉ែត្រ។ ក្នុងនោះ ក្រុមអ្នកពន្លត់អគ្គិភ័យ បានឱ្យដឹងថា ចំណុចកណ្តាលនៃគ្រោះរញ្ជួយដីនេះ ស្ថិតនៅចម្ងាយ ១៦,៩ គីឡូម៉ែត្រ ពីទីស្នាក់ការរដ្ឋបាលខេត្តអ៊ីឡាន ដែលស្ថិតក្នុងតំបន់ឆ្នេរសមុទ្រ ។


កាលពីឆ្នាំ ២០១៦ មនុស្សជាង ១០០ នាក់បានបាត់បង់អាយុជីវិតក្នុងគ្រោះរញ្ជួយដីនៅភាគខាងត្បូងតៃវ៉ាន់ ខណៈកាលពីឆ្នាំ ១៩៩៩ គ្រោះរញ្ជួយដីដ៏ខ្លាំងកម្រិត ៧,៣ រ៉ិចទ័រ បានសម្លាប់មនុស្សជាង ២.០០០ នាក់ឯណោះ ៕


ប្រែសម្រួល៖ ឡេង លាងហេង


ប្រភព៖ Reuters via CNA | រូបភាព៖ USGS via CNA/ SCREENGRAB FROM USGS via The Straits Times