ក្រុមហ៊ុន Amazon គ្រោងបោះទុន ១២ ពាន់លានដុល្លារ បង្កើតមជ្ឈមណ្ឌលទិន្នន័យនៅរដ្ឋ Louisiana សហរដ្ឋអាម៉េរិក
សហរដ្ឋអាម៉េរិក៖ ក្រុមហ៊ុន Amazon បានប្រកាសថា ខ្លួនរំពឹងនឹងវិនិយោគទឹកប្រាក់ចំនួន ១២ ពាន់លានដុល្លារ នៅក្នុងរដ្ឋល្វីសសៀនណា (Louisiana) សហរដ្ឋអាម៉េរិក ដើម្បីសាងសង់បណ្ដាញមជ្ឈមណ្ឌលទិន្នន័យ ។
ក្រុមហ៊ុនលក់ទំនិញអនឡាញខ្នាតយក្សដែលមានមូលដ្ឋាននៅទីក្រុងសៀតថល (Seattle) មួយនេះ បានបញ្ជាក់ថា គម្រោងនៅភាគពាយព្យនៃរដ្ឋល្វីសសៀនណា (Louisiana) នឹងបង្កើតការងារពេញម៉ោងចំនួន ៥៤០ កន្លែង រួមទាំងការងារបច្ចេកទេសជាច្រើនទៀតដូចជា ជាងអគ្គិសនី និងជាងម៉ាស៊ីនត្រជាក់ ដើម្បីគាំទ្រដល់ប្រតិបត្តិការនេះ ។
នៅក្នុងរបាយការណ៍ចំណូលប្រចាំត្រីមាសទី៤ កាលពីដើមខែនេះ Amazon បានបង្ហើបថា ខ្លួននឹងចំណាយទុនសរុបប្រហែល ២០០ ពាន់លានដុល្លារសម្រាប់ឆ្នាំ ២០២៦នេះ ដែលជាការកើនឡើងយ៉ាងខ្លាំងបើធៀបនឹងឆ្នាំ ២០២៥ ដែលចំណាយត្រឹម ១៣១ ពាន់លានដុល្លារអាម៉េរិក។ ទោះជាយ៉ាងណាក្ដី ក្រោយការប្រកាសនេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះ ៩,៤% តាំងពីដើមឆ្នាំមក ដោយកាលពីថ្ងៃចន្ទ វាបានធ្លាក់ចុះ ២,៣% បន្ថែមទៀត មកត្រឹមតម្លៃ ២០៥,២៧ ដុល្លារក្នុងមួយភាគហ៊ុន ។
នាពេលបច្ចុប្បន្ន ក្រុមហ៊ុនបច្ចេកវិទ្យាធំៗបានបង្កើនការចំណាយយ៉ាងខ្ពស់ ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្នែកបញ្ញាសិប្បនិម្មិត (AI) បន្ទះឈីប និងហេដ្ឋារចនាសម្ព័ន្ធកុំព្យូទ័រ។ ក្នុងឆ្នាំនេះ ក្រុមហ៊ុនទាំងនោះបានប្ដេជ្ញាចំណាយទុនសរុបយ៉ាងហោចណាស់ ៦៣០ ពាន់លានដុល្លារអាម៉េរិក ដែលធ្វើឱ្យអ្នកវិនិយោគមួយចំនួនបារម្ភពីការកើតមានហានិភ័យសេដ្ឋកិច្ចខ្ពស់ ដែលជំរុញដោយវិស័យ AI ។
ដោយឡែក សហគមន៍ខ្លះបានបង្ហាញការមិនពេញចិត្តចំពោះការសាងសង់មជ្ឈមណ្ឌលទិន្នន័យ ដោយសារតែវាស៊ីថាមពលអគ្គិសនីខ្លាំង និងប្រើប្រាស់ទឹកក្នុងបរិមាណច្រើនដើម្បីបញ្ចុះកម្ដៅគ្រឿងម៉ាស៊ីន។ ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុន Amazon បានសន្យាបង្កើតមូលនិធិ ៤០០ លានដុល្លារ ជួយដល់ប្រព័ន្ធទឹកក្នុងតំបន់ និងបញ្ជាក់ថាខ្លួននឹងទទួលខុសត្រូវលើរាល់ការចំណាយទាំងអស់ចំពោះការកែលម្អប្រព័ន្ធអគ្គិសនី ដោយសហការជាមួយក្រុមហ៊ុនអគ្គិសនីក្នុងស្រុក ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters | រូបភាព៖ Reuters/ Jonathan Ernst via Reuters/ AMALYTIX