ព័ត៌មានអន្តរជាតិ

លោកត្រាំ ចាប់ផ្ដើមអនុវត្តពន្ធគយថ្មីក្រោមមាត្រា ១២២ ដើម្បីដោះស្រាយវិបត្តិជញ្ជីងពាណិជ្ជកម្ម

image

សហរដ្ឋអាម៉េរិក៖ អត្រាពន្ធថ្មី ១៥% របស់ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ដែលដាក់ចេញជាបណ្ដោះអាសន្ន មានគោលបំណងជំនួសពន្ធចាស់ដែលត្រូវបានតុលាការកំពូលសហរដ្ឋអាម៉េរិកលុបចោល ។

អ្នកសេដ្ឋកិច្ចជាច្រើនយល់ថា «វិធានការដែលធ្វើឡើង ដើម្បីដោះស្រាយបញ្ហា “វិបត្តិតុល្យភាពទូទាត់ ឬសម្ពាធជញ្ជីងពាណិជ្ជកម្ម”» គឺជាវិធានការដែលមិនដោះស្រាយពិតប្រាកដឡើយ ហើយចំណុចនេះ អាចនឹងធ្វើឱ្យរដ្ឋាភិបាលប្រឈមមុខនឹងបណ្ដឹងផ្លូវច្បាប់ថ្មីៗបន្ថែមទៀត ។

កាលពីថ្ងៃសុក្រ តុលាការកំពូលបានលុបចោលពន្ធគយជាច្រើនដែលលោកត្រាំ (Trump) បានកំណត់ក្រោមច្បាប់អំណាចសេដ្ឋកិច្ចក្នុងគ្រាអាសន្នអន្តរជាតិ (IEEPA)។ បន្ទាប់មក លោកក៏បានប្រកាសដាក់ពន្ធថ្មីក្រោម មាត្រា ១២២ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ ដែលជាច្បាប់កម្រនឹងត្រូវគេយកមកប្រើប្រាស់។ ការកំណត់ពន្ធថ្មី ១៥% នេះ បានចាប់ផ្ដើមអនុវត្តតាំងពីពាក់កណ្ដាលអធ្រាត្រថ្ងៃអង្គារ ខណៈពន្ធចាស់ដែលមានអត្រា ១០% ដល់ ៥០% ត្រូវបានបញ្ឈប់ ។

មាត្រា ១២២ អនុញ្ញាតឱ្យប្រធានាធិបតីអាម៉េរិក អាចដាក់ពន្ធអតិបរមា ១៥% ក្នុងរយៈពេលមិនលើសពី ១៥០ ថ្ងៃលើប្រទេសណាក៏បាន ប្រសិនបើមានបញ្ហាឱនភាពធ្ងន់ធ្ងរផ្នែកសម្ពាធជញ្ជីងពាណិជ្ជកម្ម។ លោក ត្រាំ (Trump) អះអាងថា សហរដ្ឋអាម៉េរិកកំពុងជួបបញ្ហាធំ ដោយសារតែមានឱនភាពពាណិជ្ជកម្មទំនិញប្រហែល ១,២ លានលានដុល្លារអាម៉េរិកក្នុងមួយឆ្នាំ និងឱនភាពលំហូរសាច់ប្រាក់ប្រហែល ៤% នៃផលិតផលក្នុងស្រុកសរុប ឬ (GDP) ។

ទោះជាយ៉ាងណាក៏ដោយ អ្នកសេដ្ឋកិច្ចភាគច្រើនមិនយល់ស្របឡើយ។ ក្នុងនោះ លោកស្រី ហ្គីតា ហ្គោពីណាត់ (Gita Gopinath) បានលើកឡើងថា សហរដ្ឋអាម៉េរិកមិនកំពុងប្រឈមនឹងវិបត្តិរូបិយវត្ថុនោះទេ ព្រោះប្រទេសនេះនៅតែអាចខ្ចីប្រាក់ពីទីផ្សារអន្តរជាតិបានជាធម្មតា។ លោកស្រីបានបដិសេធការអះអាងដែលថា ការធ្លាក់ចុះប្រាក់ចំណូលពីក្រៅប្រទេសជាលើកដំបូងតាំងពីឆ្នាំ ១៩៦០ ជាសញ្ញាវិបត្តិ ដោយពន្យល់ថាវាគ្រាន់តែជាលទ្ធផលនៃការកើនឡើងនៃការវិនិយោគបរទេសលើភាគហ៊ុន និងទ្រព្យសម្បត្តិអាម៉េរិកតែប៉ុណ្ណោះ ។

អ្នកជំនាញផ្សេងទៀត យល់ឃើញដែរថា វិបត្តិរូបិយវត្ថុពិតប្រាកដ កើតឡើងនៅពេលប្រទេសមួយបាត់បង់សមត្ថភាពបង់ថ្លៃនាំចូល ឬសងបំណុលបរទេស ដែលករណីនេះខុសដាច់ពីឱនភាពពាណិជ្ជកម្មធម្មតា។ ដោយឡែក លោក ប្រ៊ែត ស៊ែតស័រ (Brad Setser) មើលឃើញផ្ទុយបន្តិច ដោយយល់ថា រដ្ឋាភិបាលរបស់លោកត្រាំ (Trump) អាចមានហេតុផលសមរម្យក្នុងការអះអាងពីបញ្ហានេះ ព្រោះឱនភាពលំហូរសាច់ប្រាក់អន្តរជាតិបច្ចុប្បន្នមានកម្រិតខ្ពស់ជាងសម័យលោក រីឆាដ នីសុន (Richard Nixon) ក្នុងឆ្នាំ ១៩៧១ ដែលកាលនោះក៏បានកំណត់ពន្ធគយ ដើម្បីដោះស្រាយវិបត្តិដូចគ្នានេះដែរ ។

បញ្ហាផ្លូវច្បាប់នៅតែជាចំណុចរសើបបំផុត ដោយក្រសួងយុត្តិធម៌អាម៉េរិក កាលពីមុនធ្លាប់បានអះអាងថា មាត្រា ១២២ មិនសមស្របសម្រាប់ដោះស្រាយបញ្ហាឱនភាពពាណិជ្ជកម្មឡើយ។ ដូច្នេះ អ្នកជំនាញច្បាប់យល់ថា ពន្ធថ្មីនេះនឹងងាយប្រឈមបញ្ហាដោយសារតែបណ្ដឹង។ ជាមួយគ្នានេះ តុលាការកំពូលមិនទាន់បានចេញសេចក្ដីណែនាំអំពីការសងប្រាក់ពន្ធចាស់វិញនៅឡើយទេ ដោយបានបញ្ជូនរឿងនេះទៅតុលាការថ្នាក់ក្រោមដើម្បីពិចារណាបន្ត ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters | រូបភាព៖ CNBC/ Mario Tama/Getty Images | វីដេអូ៖ VIORY