ព័ត៌មានជាតិ

គណៈប្រតិភូសភានៃក្រុមមិត្តភាពសភាបារាំង -កម្ពុជា បញ្ជាក់ឱ្យដឹងថា រដ្ឋាភិបាលបារាំងត្រៀមផ្តល់ឯកសារព្រំដែនប្រវត្តិសាស្ត្រ មករាជរដ្ឋាភិបាលកម្ពុជា

image

ភ្នំពេញ៖ គណៈប្រតិភូសភានៃក្រុមមិត្តភាពសភាបារាំង-កម្ពុជា ដឹកនាំដោយលោក ថូម៉ាស ឡាំ បានជម្រាបសម្តេចប្រធានរដ្ឋសភាថា រដ្ឋាភិបាលបារាំង បានត្រៀមផ្តល់ឯកសារព្រំដែនប្រវត្តិសាស្ត្ររវាងកម្ពុជា-ថៃ មកឱ្យរាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយជម្លោះព្រំដែន នៃប្រទេសទាំងពីរ តាមផ្លូវតុលាការយុត្តិធម៏អន្តរជាតិ។


រដ្ឋាភិបាលបារាំង ចង់ឃើញកម្ពុជា-ថៃ ដោះស្រាយជម្លោះព្រំដែនរវាងប្រទេសទាំងពីរដោយសន្តិវិធី ព្រោះសន្តិភាពមានសារៈសំខាន់ណាស់សម្រាប់កម្ពុជា។ នេះជាការបញ្ជាក់របស់គណៈប្រតិភូសភាបារាំង នៅក្នុងឱកាសជួបពិភាក្សាការងារជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៦នេះ ។


ជំនួបនេះដើម្បីក្នុងគោលបំណងពង្រឹង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរឱ្យកាន់តែប្រសើរ រឹងមាំ និងស្អិតរមួតបន្ថែមទៀត។
គណៈប្រតិភូសភានៃក្រុមមិត្តភាពសភាបារាំង -កម្ពុជា មានគម្រោងអញ្ជើញទៅទស្សនាប្រាសាទអង្គរវត្ត និងបន្តចុះទៅសួរសុខទុក្ខជនភៀសសឹកកម្ពុជារាប់ម៉ឺននាក់ ពីសង្គ្រាមថៃឈ្លានពានកម្ពុជា នាពេលកន្លងមកដោយផ្ទាល់ផងដែរ។


លោក ថូម៉ាស់ ឡាំ បានអរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋសភាកម្ពុជា ដែលបានរៀបចំទទួលស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរដ្ឋសភាប្រទេសបារំាងនាឱកាសនេះ។
លោកបានគូសបញ្ជាក់ថា ដំណើរទស្សន កិច្ចនេះ នឹងជាផ្នែកសំខាន់នៅក្នុងជំរុញចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិរវាងប្រទេសទំាងពីរឱ្យកាន់តែរឹងមាំឡើងបន្ថែមទៀត។ជាមួយគ្នានេះដំណើរទស្ស កិច្ចនេះក៏ជាផ្នែកមួយដើម្បីធ្វើយ៉ាងឱ្យការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក៏ដូចជាដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីបារំាង អេម៉ានុយអែល ម៉ាក្រុង នៅកម្ពុជា នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦។


សម្តេចប្រធានរដ្ឋសភា បានលើកឡើងថា ក្រុមមិត្តភាពបារាំង-កម្ពុជា បានដើរតួនាទីដ៏សំខាន់ក្នុងការពង្រឹងចំណងមិត្ត ភាពនិងទំនាក់ទំនងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ កម្ពុជា បានផ្តល់តម្លៃខ្ពស់ចំពោះកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលមិនត្រឹមជាវេទិកាសម្រាប់ភាសាបារំាងប៉ុណ្ណោះទេ តែជាកិច្ចសន្ទនាប្រមូលផ្តុំថ្នាក់ដឹកនាំកំពូលៗជាច្រើន ដើម្បីដោះស្រាយបញ្ហារួមរបស់ពលរដ្ឋ។ វេទិកាសំខាន់នេះ ជាផ្នែកសំខាន់នៅក្នុងការពង្រឹងសុខសន្តិភាព គោលការណ៍ពហុនិយម របស់សកលលោកដែលកំពុងធ្លាក់ចុះគួរឱ្យព្រួយបារម្ភ។


សម្តេចប្រធានរដ្ឋសភា បានអរគុសមា
ជិករដ្ឋសភាបារំាងនិងក្រុមមិត្តភាពបារាំង-កម្ពុជា ដែលបានចេញញត្តិគំាទ្រកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ និងបានជំរុញឱ្យប្រទេសទំាងពីរអនុវត្តឱ្យមានប្រសិទ្ធិភាពឈានឆ្ពោះទៅការបញ្ចប់ជម្លោះដោយសន្តិវិធី។ ញត្តិគំាទ្រនោះ បានឆ្លុះបញ្ចំាងឱ្យពិភពលោកបានដឹងថា ភាគីណាជាជនរងគ្រោះ និងភាគីណាជាអ្នកឈ្លានពាន។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា៖កម្ពុជាជាប្រទេសតូច និងជាប្រទេសឆ្លងកាត់សង្រ្គាម ត្រូវការសន្តិភាពមិនត្រូវការសង្រ្គាមនោះទេ។ សច្ចភាពបានផ្តល់ឱ្យកម្ពុជានៅពេលនេះ តាមរយៈដំណើរទស្សនកិច្ចផ្លូវការ និងជាប្រវត្តិសាស្រ្តរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងពេលចូលរួមកិច្ចប្រជុំកម្រិតខ្ពស់លើកដំបូងនៃក្រុមប្រឹក្សាសន្តិភាព (Board of Peace) ដែលបានប្រព្រឹត្ត ទៅនៅសហរដ្ឋអាមេរិក និងបានបង្ហាញឱ្យពិភពលោកបានដឹងពីការរងគ្រោះរបស់កម្ពុជា ដែលបណ្តាលមកពីការឈ្លានពានទាំងកម្រោលរបស់ថៃ។


លោកប្រធានគណៈប្រតិភូ បានអបអរសាទរការទទួលធ្វើជាម្ចាស់កិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ និងសូមឱ្យកម្ពុជាទទួលបានជោគជ័យ ហើយភាគីបារំាង បានត្រៀមជាស្រេចនៅក្នុងការគំាទ្រដល់កម្ពុជា ដើម្បីរៀបចំកិច្ចប្រជុំនោះឱ្យបានទទួលបានជោគជ័យ។ ទាក់ទងជម្លោះព្រំដែនកម្ពុជា-ថៃ បារំាង ត្រៀមខ្លួនផ្តល់ឯកសារដើមដែលមានដល់កម្ពុជា។  


លោក ថូម៉ាស់ ឡាំ បញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីបារំាង មកកម្ពុជា ស្របពេលនិងកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០នោះ នឹងធ្វើឱ្យប្រទេសទំាងពីរ រកឃើញនូវលទ្ធភាពជាច្រើនទៀត នៅក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នាក្នុងការនាំមកនូវផលប្រយោជន៍រួម។


សម្តេចប្រធានរដ្ឋសភា៖អរគុណរដ្ឋសភាបារំាង បានគំាទ្រដល់រដ្ឋសភាកម្ពុជា នៅក្នុងការអភិវឌ្ឍស្ថាប័នជាសភាឌីជីថល់ និងស្នើរដ្ឋសភាបារំាងបន្តផ្តល់ការបណ្តុះ បណ្តាលវគ្គខ្លីៗដល់មន្រ្តីអគ្គលេខាធិការដ្ឋានរដ្ឋសភាបន្ថែមទៀត។ សម្តេច បានស្នើសុំភាគីបារំាងជំរុញវិនិយោគ ពាណិជ្ជកម្ម ទេសចរណ៍ បន្ថែមទៀតមកកម្ពុជា ពិសេសការពិនិត្យលទ្ធភាពក្នុងការភ្ជាប់ជើងហោះហើរត្រង់ បារំាង-កម្ពុជា ឡើងវិញផងដែរ៕


អត្ថបទ៖ វង សុភ័ក្ត្រ