ព័ត៌មានជាតិ

រដ្ឋលេខាធិការក្រសួងសុខាភិបាល៖ កម្មវិធីភាពដឹកនាំផ្អែកលើទិន្នន័យ គឺជាវិធីសាស្ត្រថ្មី ដែលមានគោលបំណង បង្កើនសមត្ថភាពដឹកនាំ និងគ្រប់គ្រងរបស់មន្ត្រីសុខាភិបាល តាមរយៈកិច្ចការសំខាន់ពីរ

image

ភ្នំពេញ៖ លោកសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ សល្យសាស្ត្រ សម្ភព និងសណ្តំ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦ ថ្លែងក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលភាពដឹកនាំផ្អែកលើទិន្នន័យ (DCL) បានឱ្យដឹងថា កម្មវិធីនេះគឺជាវិធីសាស្ត្រថ្មី និងមានចក្ខុវិស័យ ដែលមានគោលបំណង បង្កើនសមត្ថភាពដឹកនាំ និងគ្រប់គ្រងរបស់មន្ត្រីសុខាភិបាល មន្ទីរពេទ្យសាធារណៈ តាមរយៈកិច្ចការសំខាន់ពីរ៖ ១. ការដឹកនាំដោយប្រើទិន្នន័យ ដើម្បីពង្រឹងសមត្ថភាពក្នុងការទទួលបានសេចក្ដីសម្រេចដោយផ្អែកលើភស្តតាង និងទិន្នន័យពិតប្រាកដ និង២. ការកែលម្អវប្បធម៌ប្រើប្រាស់ទិន្នន័យ ដើម្បីជំរុញឱ្យមានការគ្រប់គ្រងប្រព័ន្ធសុខាភិបាលដោយផ្អែកលើភស្តុតាង។

កម្មវិធី DCL គឺជាការសិក្សាតាមរយៈការអនុវត្ត មានគោលបំណងកែលម្អមុខងារ និង/ឬ សេវាសុខាភិបាលនៅមន្ទីរពេទ្យនានា។ កម្មវិធី DCL បានចាប់ផ្តើម ក្នុងពេលវេលាសមស្រប និងមានវិធីសាស្រ្តត្រឹមត្រូវ ដើម្បីគាំទ្រមន្ទីរពេទ្យ ជាពិសេសសម្រាប់វគ្គដំបូងនៃ DCLនៅកម្ពុជា ដែលផ្តោតលើមន្ទីរពេទ្យជាតិចំនួន ១១ ដែលមានសេវាសល្យសាស្ត្រ សម្ភព និងសណ្តំ (SOA)។ នេះជាការចាប់ផ្តើមដ៏ល្អ ក្នុងការធ្វើការរួមគ្នា ដើម្បីកែលម្អសេវា SOA នៅកម្រិតមន្ទីរពេទ្យ។ ការសហការនេះ នឹងជួយបង្កើនសមត្ថភាពអង្គភាពសុខាភិបាល និងជំរុញឱ្យប្រព័ន្ធសុខាភិបាល មានភាពរីកចម្រើន កែលម្អរសេវា ប្រកបដោយគុណភាព ស័ក្តសិទ្ធភាព និងចីរភាព។

លោក ឡឹម តារា បញ្ជាក់ថា នេះជាលើកដំបូង ដែលក្រសួងសុខាភិបាលអនុវត្តកម្មវិធី DCL នៅកម្ពុជា ហើយមានការរំពឹងទុកខ្ពស់ ចំពោះលទ្ធផលនៃកម្មវិធីនេះ។ ក្នុងចំណោមលទ្ធផលសំខាន់ៗនេះ គឺមាន៖ ការអនុវត្តគម្រោងកែលម្អ ការប្រើប្រាស់ទិន្នន័យ នៅតាមមន្ទីរពេទ្យជាតិ ដើម្បីធានាថាទិន្នន័យ ដែលមានស្រាប់ ត្រូវបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាព និងប្រកបដោយប្រព័ន្ធ និងការពង្រឹងសមត្ថភាពអ្នកចូលរួម ក្នុងការគ្រប់គ្រង វិភាគ និងប្រើប្រាស់ទិន្នន័យ ដើម្បីគាំទ្រការ ទទួលសេចក្តីសម្រេចយ៉ាងមានយុត្តិធម៌ និងផ្អែកលើភស្តុតាង។

ក្នុងពិធីដែលរៀបចំដោយនាយកដ្ឋានសេវាសុខភាព និងអង្គការ Vital Strategies នេះដែរ, លោករដ្ឋលេខាធិការ បានលើកទឹកចិត្តឲ្យមន្ត្រីពាក់ព័ន្ធ អនុវត្តកម្មវិធីភាពដឹកនាំផ្អែកលើទិន្នន័យនេះ ឲ្យបានប្រសើរឡើង ដើម្បីពង្រឹងសេវាសល្យសាស្ត្រ សម្ភព និងសណ្តំ ដែលមានសុវត្ថិភាព តម្លៃសមរម្យ និងអាចទទួលយកបាន សម្រាប់ប្រជាជនទាំងអស់។ ការខិតខំប្រឹងប្រែងនេះ នឹងជួយគាំទ្រយ៉ាងសំខាន់ដល់ការអភិវឌ្ឍ និងអនុវត្តផែនការយុទ្ធសាស្រ្ត NSOAP ឆ្នាំ២០២៥–២០៣០ ដែលជាចំណុចស្នូលក្នុងការសម្រេចគោលដៅសុខាភិបាលជាសកល UHC និងលទ្ធផលសុខភាពប្រជាជន ឱ្យកាន់តែប្រសើរឡើង៕

អត្ថបទ៖ សន ពិសិដ្ឋ រូបភាព៖ លឹម មុនី