ព័ត៌មានអន្តរជាតិ

លោក ហ្សេលែនស្គី រំពឹងទទួលបានកម្ចី ៩០ពាន់លានអឺរ៉ូនៅរដូវផ្ការីក និងគាំទ្រការបញ្ចប់សង្គ្រាមឱ្យបានឆាប់ ប៉ុន្តែដាច់ខាតមិនបោះបង់ទឹកដីឡើយ

image

អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេលែនស្គី (Volodymyr Zelensky) កាលពីថ្ងៃអង្គារ បានឆ្លើយតបទៅកាន់អ្នកសារព័ត៌មានជុំវិញបញ្ហាសំខាន់ៗជាច្រើន។ ពាក់ព័ន្ធនឹងព័ត៌មានដែលថា លោក ត្រាំ ចង់បញ្ចប់សង្គ្រាមឱ្យបានត្រឹមថ្ងៃទី ៤ ខែកក្កដា (ថ្ងៃបុណ្យឯករាជ្យជាតិអាម៉េរិក) លោក ហ្សេលែនស្គី (Zelensky) បញ្ជាក់ថា លោកមិនទាន់ដឹងច្បាស់ពីព័ត៌មាននេះទេ ប៉ុន្តែលោកគាំទ្ររាល់ការចង់បញ្ចប់សង្គ្រាមឱ្យបានឆាប់រហ័ស ឱ្យតែការបញ្ចប់នោះមិនមែនជាការបង្ខំឱ្យអ៊ុយក្រែនបោះបង់ទឹកដីរបស់ខ្លួន ។


ពាក់ព័ន្ធនឹងបញ្ហាហិរញ្ញវត្ថុឯណោះវិញ លោក ហ្សេលែនស្គី (Zelensky) លើកឡើងថា ទោះបីជាប្រទេសហុងគ្រី បានព្យាយាមរារាំងកញ្ចប់ថវិកាកម្ចី ៩០ ពាន់លានអឺរ៉ូក៏ដោយ ប៉ុន្តែតាមការពិភាក្សាជាមួយប្រធានគណៈកម្មការអឺរ៉ុប លោកស្រី អ៊ើស៊ូឡា វ៉ុនឌើឡេយ៉េន (Ursula von der Leyen) បានធានាថា ការសម្រេចចិត្តដោយប្រទេសអឺរ៉ុបទាំង ២៧ មិនអាចផ្លាស់ប្តូរបានទេ។ លោកស្រីនឹងរក្សាវិធីសាស្ត្រ ដើម្បីបញ្ជូនកញ្ចប់ថវិកានេះមកឱ្យអ៊ុយក្រែន ហើយប្រាក់ដំណាក់កាលដំបូងនឹងមកដល់នៅរដូវផ្ការីកខាងមុខនេះ ។


លោកក៏បានបង្ហើបពីវឌ្ឍនភាពនៃការចរចានៅឯប្រទេសស្វីស ដោយផ្ដោតលើកិច្ចការយោធា និងការរៀបចំបេសកកម្មត្រួតពិនិត្យក្រោយពេលមានកិច្ចព្រមព្រៀងបទឈប់បាញ់។ បន្ថែមពីនេះ មានសញ្ញាវិជ្ជមានក្នុងការដោះដូរអ្នកទោសសង្គ្រាមក្នុងចំនួនដ៏ច្រើន ដែលរុស្ស៊ីបានទទួលដំណឹងនេះរួចហើយ ហើយការពិភាក្សាបន្តនឹងធ្វើឡើងក្នុងរយៈពេល ១០ ថ្ងៃទៀត ។


ជុំវិញសំណួរថាតើសង្គ្រាមបានផ្លាស់ប្តូររូបលោកឱ្យទៅជាមនុស្សបែបណា លោក ហ្សេលែនស្គី (Zelensky) បានឆ្លើយទាំងអារម្មណ៍ក្ដុកក្ដួលថា លោកលែងមានពេលវេលាសម្រាប់មិត្តភក្តិ ឬភាពសប្បាយរីករាយទៀតហើយ។ ជារៀងរាល់ថ្ងៃ លោកគិតតែពីកិច្ចការងាររដ្ឋ និងការពិភាក្សាជាមួយដៃគូសំខាន់ៗ ហើយលោកបានបន្ថែមយ៉ាងខ្លីថា សង្គ្រាមបានធ្វើឱ្យលោកកាន់តែចាស់ជាងមុន ៕


ប្រែសម្រួល៖ ឡេង លាងហេង


ប្រភព៖ VIORY | រូបភាព៖ VIORY/ [nytimes.com/ vecteezy.com on Microsoft Bing]/ [REUTERS/Stringer]/ Stephanie Lacocq via REUTERS.