ពលរដ្ឋប៉ាឡេស្ទីន ២នាក់ស្លាប់ ក្នុងការបាញ់ប្រហារនៅភាគខាងជើងតំបន់ហ្គាហ្សា ខណៈកំពុងដើរទិញអាហារ ហ្គាហ្សា
ប៉ាឡេស្ទីន៖ បុរសជនជាតិប៉ាឡេស្ទីន ២ នាក់បានស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស នៅក្នុងតំបន់បេត ឡាហ៊ីយ៉ា (Beit Lahia) ភាគខាងជើងដែនដីហ្គាហ្សា កាលពីថ្ងៃអង្គារ ក្រោយទទួលរងនូវការបាញ់ប្រហារពីសំណាក់កងកម្លាំងអ៊ីស្រាអ៊ែល នេះបើយោងតាមរបាយការណ៍ព័ត៌មានក្នុងស្រុក ។
លោក វ៉ាជី (Wajih) ដែលជាឪពុករបស់ជនរងគ្រោះម្នាក់ បានរៀបរាប់ទាំងទឹកភ្នែកថា កូនប្រុសរបស់លោកត្រូវគេបាញ់សម្លាប់ ខណៈកូនរបស់លោកកំពុងដើរទៅទិញម្ហូបនៅហាងក្បែរនោះ។ សាច់ញាតិម្នាក់ទៀតបានពោលទាំងឈឺចាប់ថា «កូនៗរបស់គេឥឡូវក្លាយជាក្មេងកំព្រាអស់ហើយ តើពួកគេមានកំហុសអ្វី?» ។
ជនរងគ្រោះដែលស្លាប់មានឈ្មោះថា ម៉ាច់ឌី កាបាន (Majdi Ghban) អាយុ ៣០ឆ្នាំ និងក្មេងប្រុស ហ្វ៊ីរ៉ាស់ កាបាន (Firas Ghban) អាយុ ១៤ឆ្នាំ។ គិតត្រឹមពេលចេញផ្សាយព័ត៌មាននេះ កងទ័ពអ៊ីស្រាអ៊ែលមិនទាន់បានចេញមុខបកស្រាយជុំវិញហេតុការណ៍នេះនៅឡើយទេ ។
គិតត្រឹមពេលនេះ តួលេខអ្នកស្លាប់នៅក្នុងតំបន់ហ្គាហ្សា មានចំនួនជាង ៧២,០០០ នាក់ និងជាង ១៧១,០០០នាក់រងរបួស គិតចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងក្នុងខែតុលា ឆ្នាំ ២០២៣ ខណៈស្ថានភាពមនុស្សធម៌នៅតែបន្តធ្លាក់ចុះដុនដាបខ្លាំង ដោយសារតែការវាយប្រហារតាមអាកាស និងប្រតិបត្តិការជើងគោកពីសំណាក់អ៊ីស្រាអ៊ែល។ កាលពីខែមករា កន្លងទៅ តំណាងអាម៉េរិកប្រចាំតំបន់មជ្ឈិមបូព៌ា បានប្រកាសពីដំណាក់កាលទី ២ នៃផែនការសន្តិភាពរបស់ប្រធានាធិបតី ដូណាល់ ត្រាំ ដែលមានបំណងបញ្ចប់ជម្លោះនៅតំបន់ហ្គាហ្សា តាមរយៈការរំសាយអាវុធក្រុមហាម៉ាស និងចាប់ផ្ដើមស្តារតំបន់នោះឡើងវិញ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ VIORY