ថៃ ប្រកាសកំណត់តំបន់គ្រោះថ្នាក់ ក្រោយផ្ទុះឃ្លាំងអាវុធនគរបាលការពារព្រំដែនខេត្តសុរិន្ទ បណ្ដាលឱ្យមន្ត្រីម្នាក់រងរបួស
សុរិន្ទ, ថៃឡង់ដ៍៖ តាមរយៈសំណេររបស់កាសែត Thai Enquirer នៅថ្ងៃពុធ ទី២៥ ខែកុម្ភៈ ឱ្យដឹងថា អាជ្ញាធរបានគ្រប់គ្រងស្ថានការណ៍អគ្គិភ័យនៅឃ្លាំងអាវុធនៃអង្គភាពនគរបាលការពារព្រំដែនលេខ ២១ ក្នុងខេត្តសុរិន្ទ ប្រទេសថៃ បន្ទាប់ពីមានការផ្ទុះជាបន្តបន្ទាប់ដែលបានបំផ្លាញអគារផ្ទុកគ្រាប់រំសេវ និងបណ្តាលឱ្យមន្ត្រីម្នាក់រងរបួស ។
បច្ចុប្បន្ន ទីតាំងខាងលើត្រូវបានប្រកាសកំណត់ជាតំបន់គ្រោះថ្នាក់ ហើយមិនទាន់មានការអនុញ្ញាតឱ្យចូលទៅទីនោះឡើយ ដោយសារតែនៅមានកម្ដៅខ្លាំង និងហានិភ័យនៃការផ្ទុះជាបន្ត។ អាជ្ញាធររំពឹងថា នឹងចូលពិនិត្យការខូចខាត និងស្វែងរកមូលហេតុពិតប្រាកដ នៅពេលដែលស្ថានភាពមានសុវត្ថិភាពគ្រប់គ្រាន់ ។
ហេតុការណ៍នេះ បានកើតឡើងនៅយប់ថ្ងៃទី ២៤ ខែកុម្ភៈ ក្នុងបរិវេណអង្គភាពនគរបាល ស្ថិតក្នុងឃុំចេនៀង (Cheniang) ស្រុកមឿង ដែលបង្ខំឱ្យមានការជម្លៀសក្រុមគ្រួសារនគរបាល និងសុនខយោធាចេញពីទីកន្លែងស្នាក់នៅក្បែរនោះជាបន្ទាន់។ លោកអនុសេនីយ៍ឯក វីសាន យ៉េនផេត (Wisarn Yenphet) បានទទួលរងរបួសត្រង់ជង្គង់ស្តាំដោយអំបែងគ្រាប់ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យដោយស្ថានភាពមិនធ្ងន់ធ្ងរនោះទេ ។
ហេតុការណ៍ផ្ទុះនេះ បានបន្តអូសបន្លាយពេលជាច្រើនម៉ោង ហើយស្ថានការណ៍ត្រូវបានគ្រប់គ្រងទាំងស្រុងនៅម៉ោងប្រហែល ១១:៣០ យប់ បន្ទាប់ពីប្រើពេលពន្លត់ជាង ៤ ម៉ោងឯណោះ។ ក្រុមអ្នកពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្តបាញ់ទឹកកម្លាំងខ្លាំង និងដ្រូនស្កេនកម្ដៅ ដើម្បីតាមដាន និងបញ្ចុះកម្ដៅនៅកន្លែងក្ដៅខ្លាំង ដើម្បីការពារកុំឱ្យភ្លើងឆេះឡើងវិញ ។
តាមការបញ្ជាក់ពីមន្ត្រីជំនាញ ការផ្ទុះដំបូងបានកើតឡើងនៅក្នុងតំបន់ផ្ទុកគ្រាប់កាំភ្លើងត្បាល់, គ្រាប់ RPG (កាំភ្លើងបាញ់គ្រាប់រ៉ុកកែត ឬ កាំភ្លើងបាញ់រថក្រោះ) និងគ្រាប់បែក រួចក៏រាលដាលដល់ឃ្លាំងជាប់នោះដែលផ្ទុកគ្រាប់កាំភ្លើងធុនស្រាលជាច្រើន។ ឃ្លាំងនេះចែកចេញជា ៤ តំបន់ រួមមានតំបន់មួយផ្ទុករំសេវផ្ទុះកម្លាំងខ្លាំង (TNT) ប៉ុន្តែសំណាងល្អដែលភ្លើងមិនទាន់រាលដាលដល់ទីនោះ ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព | រូបភាព៖ Thai Enquirer