ព័ត៌មានជាតិ

កុមារភៀសសឹកកម្ពុជា ដែលត្រូវយោធាថៃកម្ទេចសាលារៀន និងផ្ទះសម្បែង កំពុងទទួលបានការបណ្តុះបណ្តាលបន្ថែម ដោយជនបរទេសស្ម័គ្រចិត្ត និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីឱ្យពួកគេមានអនាគតល្អ

image

បន្ទាយមានជ័យ៖ កូនៗរបស់ជនភៀសសឹក ក្នុងវត្តចាន់ស៊ី ខេត្តបន្ទាយមានជ័យ ទទួលបានការបណ្តុះបណ្តាលភាសាអង់គ្លេស និងភាសាខ្មែរបន្ថែមពីអង្គការ Y-Farm ដែលជាអង្គការក្រៅរដ្ឋាភិបាល ដើម្បីបង្កើននូវចំណេះដឹងដល់ពួកគេដែលបាត់បង់សាលារៀន ផ្ទះសម្បែង ដោយអំពើឈ្លានពានពីសំណាក់យោធាថៃ។


លោក ល្វីស ហៅពូបារាំង ជាជនជាតិបរទេសម្នាក់ដែលបានចូលរួមបង្រៀនភាសាអង់គ្លេសដល់កុមារតូចៗរត់ភៀសសឹក មកពីភូមិព្រៃចាន់ និងភូមិជោគជ័យ បានរៀបរាប់ថា លោកចង់ជួយអប់រំក្មេងៗ និងយុវជនឱ្យមានចំណេះដឹង ពីព្រោះលោកមើលឃើញអំពីសង្គ្រាមកើតឡើង មានក្មេង និងយុវជន អត់បានចូលរៀន។ ក្រុមការងាររបស់លោក មកបង្រៀនដល់កុមារតូចៗរាល់ថ្ងៃ ចាប់ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ និងបានបង្រៀនទាំងភាសាអង់គ្លេស និងភាសាខ្មែរ។


លោក ល្វីស បានគូសបញ្ជាក់ថា អនាគតក្មេងៗវែងឆ្ងាយណាស់ ដូច្នេះការចូលរួមចំណែកបណ្តុះបណ្តាលដល់ពួកគេដែលកំពុងរស់នៅក្នុងជំរំភៀសសឹកនេះ ជាកិច្ចការងារដ៏សំខាន់ ពីព្រោះក្មេងៗ និងយុវជន បោះបង់ចោលការសិក្សា ដែលនឹងប៉ះពាល់ដល់អនាគតពួកគាត់យ៉ាងធ្ងន់ធ្ងរ។


សូមបញ្ជាក់ថា សិស្សានុសិស្សសរុបជាង ១ ៣០០នាក់ កំពុងបន្តស្នាក់នៅ និងកំពុងសិក្សានៅជំរំសុវត្ថិភាពចំនួន២ ក្នុងខេត្តបន្ទាយមានជ័យ ក្នុងនោះមានសិស្សជាង ៦០០នាក់ ស្នាក់នៅ និងរៀននៅជំរំវត្តច័ន្ទស៊ី ក្នុងស្រុកអូរជ្រៅ និងប្រមាណ ៧០០នាក់ នៅជំរំវត្តកណ្ដោល នៅក្នុងស្រុកថ្មពួក ដែលពួកគេមិនអាចត្រលប់ទៅលំនៅឋានវិញបានឡើយនៅក្រោយបទឈប់បាញ់រវាងកម្ពុជា និងថៃ ហើយផ្ទះនិងសាលារៀនរបស់ពួកគេត្រូវបានយោធាថៃបំផ្លាញគ្មានសល់ ដែលជាការរំលោភសិទ្ធិមនុស្ស និងរំលោភច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ៕