ក្មេងទំនើងជាង ៣០០នាក់ ត្រូវបានបញ្ជូនទៅតុលាការ និងពន្ធនាគារ រយៈពេល៣សប្តាហ៍មកនេះ
ភ្នំពេញ៖ គ្មានក្មេងទំនើងណាមួយ ឬក្រុមណាមួយ មានសេរីភាពពេញទីប្រព្រឹត្តអំពើអុកឡុកសង្គមបានឡើយ។ ក្នុងរយៈពេល៣សប្តាហ៍ នៃខែកុម្ភៈ ពោលគឺ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦ កម្លាំង នគរបាលជាតិគ្រប់មូលដ្ឋាន បានបង្ក្រាបក្មេងទំនើងចំនួន ៨២ករណី និងឃាត់ខ្លួនជនបង្ក ៣០២នាក់។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។
បើតាមរបាយការណ៍ ក្រុមក្មេងទំនើងដែលបង្ក្រាបបាន ភាគច្រើនបំផុតត្រូវបានសមត្ថកិច្ចអនុវត្តតាមវិធានការច្បាប់ ដោយកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ហើយតាមការបង្គាប់របស់តុលាការ នគរបាលក៏បានបញ្ជូនពួកគេជាបន្តបន្ទាប់ពីតុលាការទៅកាន់ពន្ធនាគារ។
ដោយឡែក សម្រាប់ក្រុមក្មេងទំនើងមួយចំនួនតូចដែលចូលរួម ឬពាក់ព័ន្ធក្នុងកម្រិតស្រាល និងមិនទាន់ឈានដល់កម្រិតបទល្មើសព្រហ្មទណ្ឌ សមត្ថកិច្ចបានអនុវត្តវិធានការរដ្ឋបាល ដោយអប់រំណែនាំ ធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព និងតម្រូវឱ្យមានការធានាអះអាងច្បាស់លាស់ពីអាណាព្យាបាល មុនអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។
បើតាមរបាយការណ៍ដដែល សកម្មភាពបង្ក្រាបក្នុងរយៈពេល ៣សប្តាហ៍កន្លងមកនេះ ភាគច្រើនកើតមាននៅក្នុងមូលដ្ឋានរាជធានីភ្នំពេញ ខេត្តកណ្តាល កំពត កំពង់ស្ពឺ ព្រះសីហនុ កោះកុង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ចាម ត្បូងឃ្មុំ ក្រចេះ ស្វាយរៀង និងខេត្តតាកែវ៕