ផលប៉ះពាល់សុខភាពពីការបំពុលដោយសំណល់អេឡិចត្រូនិក គឺជាមហន្តរាយលាក់មុខ
ភ្នំពេញ៖ យោងតាមកឯកសារស្រាវជ្រាវដោយមន្ត្រីជំនាញក្រសួងបរិស្ថាន បានឱ្យដឹងថា រៀងរាល់ឆ្នាំពិភពលោកបានបោះចោលសំណល់អេឡិចត្រូនិករាប់សិបលានតោន រួមមាន ទូរសព្ទចាស់ៗ ទូរទស្សន៍ខូច កុំព្យូទ័រចាស់ និងឧបករណ៍ប្រើប្រាស់ដែលលែងដំណើរការ។ នៅពីក្រោយភាពទំនើបនៃឧបករណ៍ឌីជីថល "ជីវិតបន្ទាប់ពីការប្រើប្រាស់" របស់ពួកវាច្រើនតែបញ្ចប់នៅតាមទីចាក់សំរាមអនាធិបតេយ្យ និងសិប្បកម្មកែច្នៃក្រៅប្រព័ន្ធ ដែលខ្វះខាតវិធានការការពារបរិស្ថាន។ ផលប៉ះពាល់សុខភាពពីការបំពុលដោយសំណល់អេឡិចត្រូនិក កំពុងក្លាយជាបញ្ហាសុខភាពសាធារណៈដ៏បន្ទាន់ ប៉ុន្តែមិនសូវត្រូវបានរាយការណ៍ និងពុំសូវត្រូវបានយកចិត្តទុកដាក់។
ខ្សែច្រវាក់នៃជាតិពុល កើតឡើងដោយឧបករណ៍អេឡិចត្រូនិកផ្ទុកនូវសមាសធាតុស្មុគស្មាញ រួមមាន លោហៈមានតម្លៃ (មាស ទង់ដែង) និងធាតុបង្កគ្រោះថ្នាក់កាចសាហាវ ដូចជា សំណ, បារត, កាដមីញ៉ូម និងសារធាតុទប់ស្កាត់អគ្គិភ័យ។ នៅពេលសំណល់ទាំងនេះត្រូវបានរុះរើដោយវិធីសាស្ត្រមិនត្រឹមត្រូវ ដូចជា ការដុតទីវាល ឬការប្រើអាស៊ីតខ្លាំង សារធាតុពុលនឹងភាយចូលក្នុងខ្យល់ និងជ្រាបចូលក្នុងដី ព្រមទាំងប្រភពទឹក បង្កហានិភ័យដោយផ្ទាល់ដល់សហគមន៍ជុំវិញ។
ឯកសារបានបញ្ជាក់ថា ឧបករណ៍អេឡិចត្រូនិក គ្រោះថ្នាក់ចំពោះកម្មករ និងសហគមន៍ គឺសម្រាប់កម្មករកែច្នៃក្រៅប្រព័ន្ធ គ្រោះថ្នាក់គឺធ្ងន់ធ្ងរខ្លាំងណាស់ ដូចជា ប្រព័ន្ធផ្លូវដង្ហើម ដែលបណ្តាលមកពីការដុតខ្សែភ្លើងបញ្ចេញផ្សែងពុលដែលបំផ្លាញសួត និងបង្កជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ។ ប្រព័ន្ធប្រសាទ និងសរីរាង្គ គឺបណ្តាលមកពីការប៉ះពាល់សំណ និងបារត បំផ្លាញមុខងារខួរក្បាល តម្រងនោម និងប្រព័ន្ធប្រសាទកណ្តាល។ ការបំពុលទឹក គឺបណ្តាលមកពីការប្រើអាស៊ីតដើម្បីស្រង់យកលោហៈ បង្កឱ្យមានឧស្ម័នពុល និងការបំពុលទឹកប្រើប្រាស់ ដែលដាក់សហគមន៍ទាំងមូលឱ្យស្ថិតក្នុងគ្រោះថ្នាក់។
ផលប៉ះពាល់លើស្ត្រី និងកុមារ ជាក្រុមដែលងាយរងគ្រោះជាងគេ។ រាងកាយរបស់ពួកគេទទួលយកសារធាតុពុលបានងាយជាងមនុស្សពេញវ័យ ហើយខួរក្បាលដែលកំពុងអភិវឌ្ឍ មានភាពងាយរងផលប៉ះពាល់ខ្លាំងពីលោហៈធ្ងន់។ ការសិក្សានៅតំបន់កែច្នៃសំណល់អេឡិចត្រូនិកនៅតំបន់អាហ្វ្រិកខាងលិច និងអាស៊ីអាគ្នេយ៍ បានបង្ហាញពីការភ្ជាប់រវាងការប៉ះពាល់ និងការថយចុះសមត្ថភាពបញ្ញា បញ្ហាអាកប្បកិរិយា និងទម្ងន់ទារកទាបពេលកើត។ សម្រាប់ស្ត្រីមានផ្ទៃពោះ សារធាតុពុលអាចឆ្លងកាត់ស្បូន ប៉ះពាល់ដល់ការអភិវឌ្ឍទារក និងបង្កើនហានិភ័យរលូតកូន ឬកំណើតមុនកំណត់។
ការជ្រៀតចូលក្នុងខ្សែច្រវាក់អាហារ គឺជាតិពុលមិនស្ថិតនៅតែមួយកន្លែងឡើយ។ ភាគល្អិតពុលដែលធ្លាក់ចូលក្នុងទន្លេ និងសមុទ្រ បំពុលមច្ឆជាតិ និងសត្វចិញ្ចឹម រួចត្រឡប់មកក្នុងខ្លួនមនុស្សវិញតាមរយៈអាហារ។ ការសន្សំជាតិពុលក្នុងរាងកាយរយៈពេលវែង បង្កើនហានិភ័យជំងឺមហារីក និងការរំខានដល់ប្រព័ន្ធអ័រម៉ូន។
បញ្ហានេះមានលក្ខណៈសកល ទោះបីសំណល់អេឡិចត្រូនិកភាគច្រើនត្រូវបានបង្កើតនៅប្រទេសមានចំណូលខ្ពស់ ក៏មានចំនួនមួយត្រូវបាននាំចេញដោយស្របច្បាប់ ឬខុសច្បាប់ទៅប្រទេសមានចំណូលមធ្យម និងទាប ដែលអាចមានការអនុវត្តច្បាប់បរិស្ថានមិនតឹងរឹង។ ភាពមិនសមធម៌នេះ បង្កើតអយុត្តិធម៌បរិស្ថាន ដោយផ្ទុកហានិភ័យសុខភាពលើសហគមន៍ដែលមានធនធានតិចបំផុត។
ដំណោះស្រាយមានស្រាប់ គឺការរចនាឧបករណ៍ឱ្យងាយស្រួលកែច្នៃ ការអនុវត្តច្បាប់អន្តរជាតិអំពីការដឹកជញ្ជូនសំណល់ការវិនិយោគក្នុងហេដ្ឋារចនាសម្ព័ន្ធកែច្នៃសុវត្ថិភាព និងការអប់រំអ្នកប្រើប្រាស់អំពីការបោះចោលត្រឹមត្រូវ អាចកាត់បន្ថយហានិភ័យបាន។ បុគ្គលក៏អាចចូលរួមបានដែរ ដោយប្រើប្រាស់ឧបករណ៍ឱ្យបានយូរជាងមុនឬឱ្យអស់លទ្ធភាព ជួសជុលជំនួសការទិញថ្មី និងប្រើសេវាកម្មកែច្នៃដែលបានបញ្ជាក់ត្រឹមត្រូវ។
ដូចនេះសំណល់អេឡិចត្រូនិកគឺជាផលវិបាកនៃការរីកចម្រើនបច្ចេកវិទ្យា។ ការគ្រប់គ្រងវាឱ្យមានសុវត្ថិភាព មិនមែនគ្រាន់តែជាការការពារបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែគឺជាការសង្គ្រោះជីវិតមនុស្ស។ ប្រសិនបើគ្មានសកម្មភាពរួមគ្នាទេ សម័យឌីជីថលនឹងបន្សល់ទុកនូវ "ស្នាមពុល" ដែលមិនត្រឹមតែបំផ្លាញធនធានធម្មជាតិ ប៉ុន្តែថែមទាំងបំផ្លាញអនាគតរបស់មនុស្សជំនាន់ក្រោយផងដែរ៕