ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ជំរុញឲ្យកម្ពុជា និងបារាំង បន្តនូវកិច្ចសហប្រតិបត្តិការ លើផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ ដោយសម្តេចចាត់ទុកទាំងនេះ ជាចំណុចស្នូល នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ

image

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ជំរុញឲ្យកម្ពុជា និងបារាំងបន្តនូវកិច្ចសហប្រតិបត្តិការជាមួយគ្នាបន្ថែមទៀតលើផ្នែកពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ ដោយសម្ដេចតេជោចាត់ទុកថាចំណុចទាំងអស់នេះ ជាចំណុចស្នូលនៃទំនាក់ទំនងរវាងកម្ពុជា និងបារាំង ដោយសម្ដេចចង់ឃើញអ្នកវិនិយោគបារាំង មកវិនិយោគនៅកម្ពុជាបន្ថែមទៀត។

ការលើកឡើងបែបនេះនាឱកាសដែល សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក Thomas LAM ប្រធានក្រុមមិត្តភាពរដ្ឋសភាបារាំង-កម្ពុជាចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី២៥ កុម្ភ: ឆ្នាំ២០២៦ នាវិមានសាមគ្គីភាព រាជធានីភ្នំពេញ។

យោងតាមលោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងក្រោយជំនួបថា សម្ដេចតេជោចាត់ទុកដំណើរទស្សនកិច្ចរបស់លោក Thomas LAM និងប្រតិភូ ជាផ្នែកដ៏សំខាន់នាំទំនាក់ទំនងឲ្យកាន់តែល្អនិយាយដោយឡែក រវាងស្ថាប័ននីតិប្បញ្ញត្តិ រវាងកម្ពុជា និងបារាំងឲ្យកាន់តែល្អប្រសើរ។ សម្ដេចតេជោបានចាត់ទុកបារាំងគឺជាមិត្តចាស់ដែលមានចំណងប្រវត្តិសាស្ត្រដ៏យូរអង្វែងជាមួយគ្នា ហើយជាមិត្តមួយដែលតែងតែសហប្រតិបត្តិការជាមួយគ្នាយ៉ាងស៊ីជម្រៅ ។

លោក Thomas Lam បានសរសើរចំពោះសម្ដេចតេជោនៅពេលនៅជានាយករដ្ឋមន្ត្រី ដែលបានធ្វើឲ្យប្រទេសកម្ពុជាមានការរីកចម្រើន មានសេដ្ឋកិច្ចល្អប្រសើរ ជាពិសេសសន្តិភាពដែលរកបានដោយសម្ដេចតេជោ និងបន្តមករីកចម្រើនដល់សព្វថ្ងៃនេះក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនាពេលបច្ចុប្បន្ន។ លោកបានមានប្រសាសន៍ថា កន្លងមកបារាំងក៏បានចូលរួមចំណែកក្នុងការស្វះស្វែងរកសន្តិភាពនៅកម្ពុជា ជាពិសេសកិច្ចព្រមព្រៀងទីក្រុងប៉ារីស ២៣ តុលា ឆ្នាំ១៩៩១ ទំនាក់ទំនងកម្ពុជា និងបារាំងមានភាពល្អប្រសើរ លោកក៏បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាពេលនេះ ក៏ជាផ្នែកមួយនៃការចូលរួមត្រៀមរៀបចំ នៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅចុងឆ្នាំនេះ និងត្រៀមទទួលប្រធានាធិបតីបារាំងនៅពេលខាងមុខផងដែរ។

សម្ដេចតេជោបានមានប្រសាសន៍លើកឡើងអំពីទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង ដែលនឹងមកកាន់ប្រទេសកម្ពុជានៅពេលខាងមុខនោះ ដែលជាចំណុចដ៏សំខាន់ នៃការផ្សារភ្ជាប់ទំនាក់ទំនងរវាងកម្ពុជា និងបារាំងបន្ថែមទៀត។ កន្លងទៅនេះ សម្ដេច និងលោក អេម៉ានូអែលម៉ាក្រុង ប្រធានាធិបតីបារាំង គឺជាមិត្តដ៏ជិតស្និតជាមួយគ្នា ដែលតែងតែប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ។

សម្ដេចក៏បានរំលេចអំពីតួនាទីរបស់បារាំងដែលបានចូលរួមចំណែក ក្នុងការស្វែងរកសន្តិភាពនៅកម្ពុជា ជាពិសេសចាប់តាំងពីជំនួប សីហនុ-ហ៊ុនសែន កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៨៧ នៅ Fère-en-Tardenois ដែលជាចំណុចចាប់ផ្ដើមនៃការស្វែងរកកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស។ ជាមួយគ្នានោះបារាំងក៏បានចូលរួមក្នុងការអភិវឌ្ឍកម្ពុជាផងដែរ ដូចជាការប្រើប្រាស់ភាសាបារាំងនៅកម្ពុជា និងគម្រោងអភិវឌ្ឍន៍នានា។

លោក Thomas Lam បានសម្ដែងនូវការពេញចិត្តចំពោះអ្វីដែលសម្ដេចតេជោបានលើកឡើងអំពីទំនាក់ទំនងរវាងកម្ពុជានិងបារាំង ហើយលោកក៏បានរំលេចថា លោកផ្ទាល់ និងប្រតិភូ នឹងខិតខំប្រឹងប្រែងក្នុងការជួយសម្របសម្រួលការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនៅពេលខាងមុខ ហើយលោកបានឯកភាពទាំងស្រុងលើការជំរុញឱ្យបារាំង និងកម្ពុជាជំរុញបន្ថែមទៀតលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ មកកម្ពុជា៕

អត្ថបទ៖ ឈឹម ធីតា
រូបភាព៖ ង៉ាន់ សំណាង,ប៉ក់ សុឃីម