ភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ជន់លិចតំបន់ទេសចរណ៍សំខាន់ៗនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី
បាលី, ឥណ្ឌូណេស៊ី៖ ភ្លៀងធ្លាក់យ៉ាងខ្លាំងក្លាឥតឈប់ឈរតាំងពីពេលរសៀល រហូតដល់ម៉ោង ១០យប់ថ្ងៃអង្គារ ទី២៤ ខែកុម្ភៈ បានបង្កឱ្យមានគ្រោះទឹកជំនន់ជន់លិចតំបន់ទេសចរណ៍សំខាន់ៗនៅលើកោះបាលី ប្រទេសឥណ្ឌូណេស៊ី ជាពិសេសនៅតំបន់ គូតា (Kuta) និងឡេជៀន (Legian) ក្នុងស្រុកបានឌុង (Bandung) ដែលធ្វើឱ្យកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់ការរស់នៅរបស់ពលរដ្ឋ ។
កម្ពស់ទឹកជំនន់បានកើនឡើងដល់ត្រឹមជង្គង់នៅតាមតំបន់មួយចំនួន ដោយបង្ខំឱ្យក្រុមអ្នកជួយសង្គ្រោះត្រូវប្រើប្រាស់ទូកនិងពោងសង្គ្រោះដើម្បីជម្លៀសអ្នកស្រុក និងភ្ញៀវទេសចរបរទេសដែលជាប់គាំងនៅក្នុងផ្ទះ និងវីឡាស្នាក់នៅ ចាកចេញទៅកាន់ទីទួលសុវត្ថិភាព ។
អាជ្ញាធរមូលដ្ឋាន បានដាក់ពង្រាយក្រុមការងារសង្គ្រោះបន្ទាន់ និងម៉ាស៊ីនបូមទឹកខ្នាតធំជាច្រើនគ្រឿង ដើម្បីពន្លឿនការបូមទឹកចេញពីតំបន់លិចលង់ ដោយបង្ហូរចូលទៅក្នុងប្រព័ន្ធទន្លេ ក្នុងគោលបំណងកាត់បន្ថយការខូចខាតដល់លំនៅដ្ឋាន និងមជ្ឈមណ្ឌលពាណិជ្ជកម្ម ។
ទោះបីជាស្ថានភាពមានភាពគ្រោះថ្នាក់ក៏ដោយ ប៉ុន្តែភ្ញៀវទេសចរខ្លះនៅតែបង្ហាញភាពវិជ្ជមាន ខណៈដែលមន្ត្រីជំនាញកំពុងតាមដានស្ថានភាពយ៉ាងដិតដល់ ដើម្បីរកមូលហេតុនៃបញ្ហាប្រព័ន្ធបង្ហូរទឹក និងត្រៀមលក្ខណៈឆ្លើយតបឱ្យកាន់តែមានប្រសិទ្ធភាពចំពោះគ្រោះធម្មជាតិដែលអាចកើតមានជាថ្មី ៕
ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY