ព័ត៌មានអន្តរជាតិ

មន្ត្រីអ៊ីរ៉ង់៖ ទីក្រុងតេហ៍រ៉ង់ ត្រៀមខ្លួនរួចជាស្រេចទាំងផ្លូវការទូត និងផ្លូវយោធា មុនកិច្ចចរចានៅទីក្រុងហ្សឺណែវជាមួយអាម៉េរិក

image

អ៊ីរ៉ង់៖ អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ លោកស្រី ហ្វាតេមេ ម៉ូហាចេរ៉ានី (Fatemeh Mohajerani) បានលើកឡើងកាលពីថ្ងៃអង្គារថា ប្រទេសអ៊ីរ៉ង់បានត្រៀមខ្លួនសម្រាប់គ្រប់កាលៈទេសៈទាំងអស់ មិនថាតាមផ្លូវការទូត ឬផ្លូវយោធានោះទេ មុនពេលឈានដល់ការចរចាលើបញ្ហានុយក្លេអ៊ែរជុំថ្មីជាមួយសហរដ្ឋអាម៉េរិក ដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងទីក្រុងហ្សឺណែវ ។

នៅក្នុងសន្និសីទសារព័ត៌មាន លោកស្រីបានបញ្ជាក់ថា ខណៈដែលកងកម្លាំងយោធាកំពុងពង្រឹងសមត្ថភាពការពារជាតិយ៉ាងសកម្ម តាមរយៈការធ្វើសមយុទ្ធនានា ផ្លូវការទូតក៏កំពុងត្រូវបានជំរុញយ៉ាងខ្លាំងក្លាដូចគ្នាដែរ។ លោកស្រីបន្ថែមថា អ៊ីរ៉ង់នឹងប្រើប្រាស់រាល់មធ្យោបាយទប់ស្កាត់ទាំងអស់ ដើម្បីបង្ការរាល់ការវាយតម្លៃខុសណាមួយពីភាគីម្ខាងទៀត ។

កិច្ចប្រជុំដែលខិតជិតមកដល់នេះ កើតឡើងបន្ទាប់ពីការចរចាដោយប្រយោលចំនួនពីរលើករួចមកហើយនៅទីក្រុងមូស្កាត់ (Muscat) និងហ្សឺណែវ កាលពីពីរសប្តាហ៍មុន ដែលភាគីទាំងពីរបានចាត់ទុកថាមានសញ្ញាវិជ្ជមាន។ ទោះជាយ៉ាងណាក៏ដោយ ការចរចានេះ កំពុងស្ថិតនៅក្នុងស្ថានភាពតានតឹងខ្លាំង ដោយសារតែប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានពីលទ្ធភាពនៃការប្រើប្រាស់កម្លាំងយោធា និងបានពង្រឹងកងទ័ពអាម៉េរិកបន្ថែមទៀតនៅក្នុងតំបន់ ។

ក្រៅពីបញ្ហាអន្តរជាតិ លោកស្រី ម៉ូហាចេរ៉ានី (Mohajerani) ក៏បានលើកឡើងពីការតវ៉ានៅតាមសកលវិទ្យាល័យនានាក្នុងប្រទេសផងដែរ ដោយលោកស្រីទទួលស្គាល់សិទ្ធិរបស់និស្សិតក្នុងការតវ៉ា ប៉ុន្តែហាមប៉ះពាល់ដល់ជំនឿសាសនា និងទង់ជាតិ។ ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមានពិធីកាន់ទុក្ខ និងការតវ៉ានៅតាមបរិវេណសាលា ដើម្បីរំឭកដល់អ្នកដែលបានស្លាប់ក្នុងភាពចលាចលកាលពីខែធ្នូ និងខែមករា កន្លងទៅ ដែលក្នុងនោះមានសេចក្តីរាយការណ៍ថាមានការដុតទង់ជាតិអ៊ីរ៉ង់ និងទង់ជាតិអាម៉េរិកផងដែរ ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ VIORY | រូបភាព៖ VIORY/ [Iranian Army/West Asia News Agency/Reuters]