លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចាត់ទុក កម្មវិធីផ្ដល់អាហារនៅបឋមសិក្សា បានកំពុងផ្សារភ្ជាប់ទាំងអប់រំ សុខភាព អាហារូបត្ថម្ភ និងលើកស្ទួយវិស័យកសិកម្មនៅកម្ពុជា
កំពង់ឆ្នាំង៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានថ្លែងថា កម្មវិធីផ្ដល់អាហារនៅតាមសាលាបឋមសិក្សា ដែលដាក់ចេញដោយក្រសួងអប់រំ យុវជន និងកីឡា កំពុងផ្សារភ្ជាប់ទាំងការអប់រំ សុខភាព អាហារូបត្ថម្ភ និងលើកស្ទួយកសិកម្មនៅកម្ពុជា ។
ការថ្លែងបែបនេះ ធ្វើឡើងក្នុងឱកាសលោកជំទាវបណ្ឌិត អញ្ជើញទស្សនកិច្ចការអនុវត្តកម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ នៅសាលាបឋមសិក្សាប្រាសាទជាងទង ស្ថិតក្នុងភូមិក្រាំងប្រស្វាយ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពីសម្តេចមហាមន្ត្រី គួយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា។
ដំណើរទស្សនកិច្ចនេះ មានគោលបំណងស្វែងយល់អំពីការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀនដោយប្រើប្រាស់កសិផលក្នុងសហគមន៍ និងបង្ហាញពីសមទ្ធិផលនៃការអនុវត្តកម្មវិធី ក៏ដូចជាបង្ហាញអំពីការយកចិត្ដទុកដាក់របស់រាជរដ្ឋាភិបាលលើការអនុវត្ដកម្មវិធីនេះដែលរួមចំណែកដល់ការកសាងមូលធនមនុស្ស ជាពិសេសការយកចិត្ដទុកដាក់ខ្ពស់លើសុខភាព និងអំពីអាហារូបត្ថម្ភដល់កុមារនៅតាម សាលាបឋមសិក្សាក្នុងតំបន់មាន អសន្ដិសុខស្បៀង មានភាពក្រីក្រខ្ពស់ និងភាពងាយរងគ្រោះខ្លាំង។
ក្នុងឱកាសនោះលោកជំទាវបណ្ឌិត មានប្រសាសន៍ថា កម្មវិធីផ្តល់អាហារតាមសាលារៀន ដោយប្រើប្រាស់កសិផលក្នុងសហគមន៍ ជាកម្មវិធីជាជំនួយសង្គម ដែលមិនត្រឹមតែផ្តល់អាហារដល់សិស្សប៉ុណ្ណោះទេ ប៉ុន្តែជាកម្មវិធីពហុវិស័យ ដែលបានផ្សារភ្ជាប់គ្នារវាងការអប់រំ សុខភាព អាហារូបត្ថម្ភ កសិកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍ផងដែរ។
លោកជំទាវបណ្ឌិត បានបន្តថា កម្មវិធីនេះ ក៏បានជំរុញឱ្យមានការដាំបន្លែក្នុង សាលារៀន និងការផលិតអាហារដោយខ្លួនឯង ដែលចូលរួមបង្កើនបំណិនជីវិតសម្រាប់សិស្សានុសិស្ស បង្កើនសុវត្ថិភាពស្បៀង ភាពធន់សម្រាប់គ្រួសារ និងសហគមន៍ ។ ជាមួយនេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានលើកទឹកឱ្យប្រើប្រាស់ផលិតផលក្នុងសហគមន៍ ការដាំបន្លែជុំវិញសាលារៀន និងការប្រើប្រាស់ផលិតផលក្នុងសហគមន៍ ដើម្បីគាំទ្រជីវភាពកសិករ បង្កើនសេដ្ឋកិច្ចមូលដ្ឋាន និង បណ្តុះស្មារតីពង្រឹងសហគមន៍ឱ្យពឹងផ្អែកលើខ្លួនឯងបានប្រសើរ ។
ក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសរំលេចអំពីតួនាទីសំខាន់នៃកាអនុវត្ដកម្មវិធីដែលចូលរួមកាត់បន្ថយគម្លាតសិក្សា រវាងសិស្សនៅទីប្រជុំជននិងជនបទ ការលើកកម្ពស់សុខភាព និងអាហារូបត្ថម្ភ ការពង្រឹងបំណិនផ្នែកសង្គមរបស់សិស្ស ការកាត់បន្ថយហានិភ័យនៃជំងឺមិនឆ្លង និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានផងដែរ ខណៈកម្មវិធីផ្ដល់អាហារនេះ កំពុងធ្វើឡើងនៅក្នុងសាលាជាង ១ពាន់ទូទាំងប្រទេស និងមានសិស្សជាង ៣០ម៉ឺននាក់កំពុងទទួលផល ។
គួរបញ្ជាក់ថា សាលាបឋមសិក្សាប្រាសាទជាងទង នៅឆ្នាំសិក្សា២០២៥-២០២៦នេះ សាលាមានបុគ្គលិកសរុប ៩នាក់ ស្រី ៥នាក់ និងមានសិស្សសរុប ២៩៣នាក់ ស្រី ១៤០នាក់ (មត្តេយ្យសិក្សា ៥០នាក់ ស្រី ២៨នាក់) ចែកជា ៨ថ្នាក់ និងថ្នាក់មត្តេយ្យសិក្សាសហគមន៍ ១ថ្នាក់។ មានសិស្សក្រីក្រ ៣៣នាក់ស្រី ១៦នាក់ (សិស្សមានពិការភាព ៥នាក់ស្រី ១នាក់) បានទទួលអាហារូបករណ៍ពីកម្មវិធីជាតិជំនួយសង្គម ក្នុងកញ្ចប់គ្រួសារ។ បច្ចុប្បន្ន សាលាទទួលសិស្សមកពីភូមិចំណុះចំនួន ៤ ស្មើ ៧៣៧ គ្រួសារ និងមានប្រជាជនសរុប ២ ៦៥៥នាក់ ស្រី ១ ៤២៨នាក់។ ប្រជាពលរដ្ឋរស់នៅទីនេះ ភាគច្រើនជាកសិករ និងមានជីវភាពកម្រិតមធ្យម សិស្សនៅទីនេះ បានបោះបង់ការសិក្សាខ្ពស់ នៅចន្លោះចាប់ ពីឆ្នាំ២០០០ ដល់ ឆ្នាំ២០១១ គឺនៅមុនពេលមានការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀន៕