ព័ត៌មានជាតិ

ប្រជានេសាទខេត្តកំពត បន្ថែមរបរដឹកភ្ញៀវទេសចរទៅស្ទួចត្រីកម្សាន្ត ដើម្បីបានប្រាក់ចំណូលបន្ថែម

image


កំពត៖ ប្រជានេសាទនៅខេត្តកំពត បានឱ្យដឹងថា បន្ទាប់ពីខេត្តកំពតរៀបចំបានស្អាត ទាក់ទាញទេសចរឱ្យមកលេងកាន់តែច្រើននោះ ប្រជានេសាទ បាននាំគ្នាងាកមកបង្កើនរបរដឹកភ្ញៀវទេសចរទៅស្ទូចត្រីកម្សាន្តបន្ថែម។ ការដឹកភ្ញៀវទៅមួយជើងអាចរកចំណូលបានចន្លោះ១០ ទៅ ២០ម៉ឺនរៀល តាមជិត​ ឬឆ្ងាយ ហើយក្នុងមួយខែប្រជានេសាទម្នាក់ៗ អាចចេញទូកដឹកភ្ញៀវទៅស្ទូចត្រីកម្សាន្តបានប្រហែល ២០ជើង។
លោក បាន់ តូ ម្ចាស់ទូកដឹកភ្ញៀវទេសចរទៅស្ទូចត្រីកម្សាន្តនៅសង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត បានប្រាប់ឱ្យដឹងថា គាត់បានប្រកបរបរនេសាទជាយូរមកហើយ ប៉ុន្តែរយៈពេលចុងក្រោយនេះ បន្ទាប់ខេត្តកំពតមានការអភិវឌ្ឍរីកចម្រើន ទាក់ទាញទេសចរមកលេងកាន់តែច្រើន លោក និងអ្នកភូមិផ្សេងទៀតបានងាកមកចាប់អារម្មណ៍លើរបរដឹកភ្ញៀវទេសចរទៅស្ទូចត្រីកម្សាន្តវិញ ព្រោះវាមានភាពងាយស្រួលជាងការទៅនេសាទ ពោលគឺ​ ឱ្យតែទូកចេញគឺទទួលបានប្រាក់កម្រៃ។ បច្ចុប្បន្នភ្ញៀវទេសចរកាន់តែច្រើនបានចាប់អារម្មណ៍ និងនាំគ្នាមកជួលទូកជិះទៅស្ទូចត្រីកម្សាន្ត ដែលធ្វើឱ្យលោកអាចរកប្រាក់ចំណូលបន្ថែមបានគួរសម ដើម្បីជួយផ្គត់ផ្គង់ជីវភាពគ្រួសារបន្ថែមពីលើរបរនេសាទ។
ចំណែកភ្ញៀវទេសចរដែលចូលចិត្តធ្វើដំណើរទៅស្ទូចត្រីកម្សាន្តបានបង្ហាញអារម្មណ៍សប្បាយរីករាយ ចំពោះដំណើរកម្សាន្តរបស់ពួកគាត់ថា ការស្ទូចត្រីកម្សាន្ត ជាចំណង់ចំណូលចិត្តរបស់ពួកគាត់ ទោះស្ទូចបានត្រី​ ឬមិនបានក៏ដោយ ក៏ពួកគាត់នៅតែចង់ស្ទូច។ ម្យ៉ាងទៀតការអង្គុយលើទូកស្ទូចត្រីកណ្តាលសមុទ្រ ឬក្បែរតំបន់កោះ វាជាទិដ្ឋភាព និងបរិយាកាសពិសេស ពិបាកពណ៌នាឱ្យមនុស្សដទៃយល់ណាស់។ ភ្ញៀវទេសចរបានបន្តថា ការធ្វើដំណើរចេញទៅស្ទូចត្រីកម្សាន្តនៅសមុទ្រ ឬក្បែរកោះគឺមិនដែលមានបញ្ហាអ្វីកើតឡើងនោះទេ ព្រោះពួកគេតែងតែសួរនាំម្ចាស់ទូកដែលមានបទពិសោធន៍ ថាតើមានខ្យល់ខ្លាំង ឬនៅសមុទ្រមានបញ្ហាអ្វីទេ ប្រសិនបើមានបញ្ហាគឺម្ចាស់ទូកមិនតម្រូវឱ្យចេញទៅនោះទេ។
បើតាមការបញ្ជាក់របស់មន្ត្រីជំនាញថា ភ្ញៀវទេសចរមកលេងខេត្តកំពតដែលមានចំណង់ចំណូលចិត្តស្ទូចត្រី អាចរកកន្លែងស្ទួចត្រីបាននៅតាមដងព្រែក មាត់ឆ្នេរ និងតាមសហគមន៍ ឬអាចស្វែងរកសេវាជួលទូកជិះទៅស្ទូចត្រីកម្សាន្តនៅគ្រប់សហគមន៍នេសាទ និងនៅតាមភូមិឋានរបស់ប្រជានេសាទបាន។ ចំពោះតម្លៃមិនលើសខ្វះគ្នានោះទេ ខណៈដែលការរក្សាសុវត្ថិភាពភ្ញៀវមានការយកចិត្តទុកដាក់ខ្ពស់ ដោយសារមន្ត្រីជំនាញ និងអាជ្ញាធរតែងតែបានចុះទៅធ្វើការផ្សព្វផ្សាយ អប់រំ ណែនាំប្រជានេសាទឱ្យមានការប្រុងប្រយ័ត្ន និងទទួលខុត្រូវខ្ពស់បំផុត៕
អត្ថបទ៖ វង្ស សុធារម្យ